Author - access

កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 អនុម័តផែនការការងារឆ្នាំ ២០២៦-២០២៧ និងផ្តល់ទិសដៅសម្រាប់ការអនុវត្តការងារបន្ទាប់

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) បានបើកកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រី Kirsty Harris ប្រធានផ្នែកកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជាសហប្រធានកិច្ចប្រជុំជាមួយសមភាគីរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC)។ វេទិកានេះបានប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីផ្តល់ធាតុចូលជាយុទ្ធសាស្ត្រសម្រាប់កម្មវិធី ACCESS 2 និងជំរុញអាទិភាពរបស់កម្ពុជា ក្នុងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងកិច្ចគាំពារសង្គម។ គោលបំណងនៃកិច្ចប្រជុំ កិច្ចប្រជុំមានគោលបំណង៖ ពិនិត្យឡើងវិញនូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗក្នុងឆ្នាំទី៣ នៃកម្មវិធី ACCESS 2។ ឆ្លុះបញ្ចាំងពីមេរៀនដែលរៀនសូត្របាន បញ្ហាប្រឈម និងវិធានការកាត់បន្ថយហានិភ័យ។ អនុម័តផែនការការងារប្រចាំឆ្នាំទី៤របស់ ACCESS 2 (ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧)។ អ្នកចូលរួមក្នុងកិច្ចប្រជុំ អ្នកចូលរួមរួមក្នុងកិច្ចប្រជុំរួមមាន សមាជិកគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ ប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្តពីខេត្តគោលដៅទាំងបួនរបស់កម្មវិធី ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2។ អូស្ត្រាលីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកស្រី Kirsty Harris បានគូសបញ្ជាក់អំពីភាពរឹងមាំ និងសារៈសំខាន់នៃភាពជាដៃគូទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា៖ «កិច្ចប្រជុំនេះបញ្ជាក់ពីដំណាក់កាលសំខាន់មួយទៀតក្នុងការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី។ អូស្ត្រាលីនៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រកម្មវិធី ACCESS 2 ដើម្បីពង្រឹងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម...


អូស្ត្រាលី និងកម្ពុជាពង្រឹងភាពជាដៃគូក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រី

រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំដែលមានរយៈពេលជាងមួយទសវត្សរ៍មកហើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០ (NAPVAW IV)។ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលីតាមរយៈកម្មវិធី ACCESS 2 ផែនការ NAPVAW IV បានប្រមូលផ្តុំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូសង្គមស៊ីវិលសំខាន់ៗ ដើម្បីជំរុញសមភាពយេនឌ័រ លើកកម្ពស់សិទ្ធិស្ត្រី និងពង្រីកសេវាដែលផ្តោតលើតម្រូវការរបស់អ្នកនៅរស់រានមានជីវិតជាស្នូលនៅទូទាំងប្រទេស។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ NAPVAW IV ត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយបានកំណត់នូវយុទ្ធសាស្ត្រជាពហុវិស័យ ដែលមានគោលបំណងបំលែងគោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែង។ ផែនការនេះផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន៖ ១. ការបង្ការ៖ ដោះស្រាយមូលហេតុឫសគល់ និងជំរុញការយល់ដឹងនៅក្នុងសង្គម។ ២. កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ៖ ពង្រីកការគាំទ្រដែលផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល និងសេវាថែទាំសុខភាព។ ៣. ការបង្កើតនិងការអនុវត្តច្បាប់និងគោលនយោបាយ៖ ពង្រឹងការអនុវត្តក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធ។ ៤. ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ៖ ប្រើប្រាស់ភស្តុតាងសម្រាប់តាមដានវឌ្ឍនភាព និងធានាគណនេយ្យភាពរបស់ស្ថាប័នពាក់ព័ន្ធ។ លោកស្រី ប្រ៊ីជិត ខូល្លៀ ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានស្វាគមន៍ចំពោះវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានឆ្លុះបញ្ចាំងនៅក្នុង NAPVAW IV។ ផែនការនេះ លើកកម្ពស់វិធីសាស្ត្រឆ្លើយតបជាហុវិស័យក្នុងការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សា តាមរយៈគំនិតផ្តួចផ្តើមផ្នែកការបង្ការ ការផ្តល់សេវាដោយផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល កំណែទម្រង់ច្បាប់ និងគោលនយោបាយ ការប្រើប្រាស់ភស្តុតាង និងការពង្រឹងគណនេយ្យភាព។ លោកស្រីបានមានប្រសាសន៍ថា៖ «ប្រទេសអូស្ត្រាលីមានមោទនភាពដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងទន្ទឹងរង់ចាំបន្តភាពជាដៃគូដ៏រឹងមាំរបស់យើង និងគាំទ្រការអនុវត្ត NAPVAW IV ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយអត្ថន័យ និងនិរន្តរភាពសម្រាប់ស្ត្រី និងក្មេងស្រីនៅទូទាំងប្រទេសកម្ពុជា»។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 ព្រមទាំងដៃគូនានា...


កិច្ចប្រជុំក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំរុញការទប់ស្កាត់ និងការផ្តល់សេវាគាំទ្រអ្នកនៅរស់រានមានជីវិតនៅកម្ពុជា

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំសម្របសម្រួលលើកទី៥ក្រុមការងារផ្នែកអំពើហិង្សាផ្អែកទាក់ទងនឹងយេនឌ័រ (GBV) ក្រោមកម្មវិធី ACCESS 2។ កិច្ចប្រជុំនេះ ដឹកនាំដោយក្រសួងកិច្ចការនារី (MoWA) និងបានផ្តល់ជាវេទិកាសម្រាប់ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តការងារផ្នែក GBV នៃកម្មវិធី ACCESS 2 ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦។ អ្នកចូលរួមបានវាយតម្លៃពីសមិទ្ធផលដែលសម្រេចបាន កំណត់អាទិភាពសំខាន់ៗសម្រាប់រយៈពេល៦ខែខាងមុខ ពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ និងចែករំលែកមេរៀនសំខាន់ៗដែលទទួលបានពីការអនុវត្តការងារ។ ដើម្បីពង្រឹងការសម្របសម្រួលការងារប្រកបដោយបរិយាបន្ន និងឆ្លើយតបទៅនឹងតម្រូវការជាពហុវិស័យរបស់ក្រុមគោលដៅ ដៃគូក៏បានស្វែងរកឱកាសពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅរវាងក្រុមការងារផ្នែក GBV បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ ក្នុងអំឡុងពេលកិច្ចប្រជុំ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) បានធ្វើបទបង្ហាញករណីសិក្សាដែលបង្ហាញពីផលប៉ះពាល់វិជ្ជមាននៃសេវាគាំទ្រផ្នែកច្បាប់ និងសេវាគាំទ្រផ្លូវចិត្តសង្គម និងបញ្ជាក់ពីតួនាទីដ៏សំខាន់នៃបន្ទប់ផ្តល់ប្រឹក្សាដែលត្រូវបានបង្កើតឡើងដាច់ដោយឡែកក្នុងការគាំទ្រអ្នកនៅរស់រានមានជីវិត។ កិច្ចពិភាក្សាក៏បានផ្តោតលើការកែលម្អការកត់ត្រា និងគ្រប់គ្រងទិន្នន័យជីវសាស្រ្ត និងការពង្រីកការចូលរួមរបស់សហគមន៍ក្នុងការងារកិច្ចការពារសុវត្ថិភាព។ លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ តម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់លើការងារដ៏សំខាន់នេះ ក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងកិច្ចការនារី សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយស្ថិរភាព និងភាពជាដៃគូដ៏រឹងមាំ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា៖ «ប្រទេសអូស្ត្រាលីមានមោទនភាពក្នុងការឈរជាមួយប្រទេសកម្ពុជា និងដៃគូទាំងអស់ដែលមានវត្តមាននៅក្នុងបន្ទប់នេះ។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំដែលយើងបានកសាងរួមគ្នា ហើយទន្ទឹងរង់ចាំបន្តកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការកសាងសង្គមមួយដែលមានសុវត្ថិភាព បរិយាបន្ន និងសមធម៌កាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប»។ កិច្ចប្រជុំបានបញ្ចប់ដោយការអនុម័ត និងទទួលយកផែនការការងារប្រចាំឆ្នាំរួមស្តីពី GBV។ អ្នកចូលរួមក៏បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ រួមមាន ការដាក់ឱ្យដំណើរការផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ (NAPVAW IV) កិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 លើកទី៣ និងការប្រារព្ធយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ៕


ការពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាប្រកបដោយបរិយាបន្ន

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រការពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាសេវាចាំបាច់ មានលក្ខណៈបរិយាបន្ន ប្រកបដោយគុណភាពខ្ពស់ និងអាចទទួលបានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនមានពិការភាព អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងសហគមន៍ជនជាតិដើមភាគតិច។ ក្នុងអំឡុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី កំពង់ចាម សៀមរាប និងកំពង់ស្ពឺ រៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលខេត្ត (PCC)។ កិច្ចប្រជុំទាំងនេះបានប្រមូលផ្តុំសមាជិក PCC រួមមានទាំងអង្គការតំណាងជនមានពិការភាព (OPDs) និងអង្គការជនជាតិដើមភាគតិច ដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) និងក្រុមការងារ ACCESS 2 ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដែលរៀនសូត្របាន ព្រមទាំងអនុម័តផែនការការងាររួមថ្នាក់ខេត្តសម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧។ ជាផ្នែកមួយនៃកិច្ចប្រជុំទាំងនេះ អ្នកចូលរួមបានទៅទស្សនកិច្ចនៅទីតាំងអនុវត្តសកម្មភាពផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងបរិយាបន្នពិការភាព ដែលផ្តល់ឱកាសឱ្យពួកគេបានសង្កេតឃើញពីវឌ្ឍនភាពដោយផ្ទាល់ កំណត់បញ្ហាប្រឈមដែលនៅសេសសល់ និងស្វែងរកវិធីសាស្ត្រដើម្បីពង្រឹងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព។ ជំរុញនិរន្តរភាព និងបរិយាបន្ន កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងនិរន្តរភាព បរិយាបន្នពិការភាព និងការធ្វើសមាហរណកម្មសេវាសង្គមទៅក្នុងដំណើរការរៀបចំផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងអំឡុងឆ្នាំទី៤ នៃកម្មវិធី ACCESS 2។ អ្នកចូលរួមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហការរវាងមន្ទីរជំនាញថ្នាក់ខេត្ត OPDs ដៃគូអនុវត្តយុទ្ធសាស្ត្រ (SIPs) និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យបាននូវលទ្ធផលប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ជនមានពិការភាព អ្នករស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមជនងាយរងគ្រោះដទៃទៀត។ សារពីសហប្រធាន ខេត្តរតនគិរី លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសហប្រធាន PCC បានគូសបញ្ជាក់ពីកំណើនសមត្ថភាពរបស់ភាគីពាក់ព័ន្ធនៅថ្នាក់ខេត្ត ក្នុងការដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ដោយចូលរួមកាត់បន្ថយទៅលើការគាំទ្រពីខាងក្រៅ ហើយបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការដើម្បីសម្រេចបានលទ្ធផលប្រកបដោយនិរន្តរភាព។ ខេត្តកំពង់ចាម លោកស្រី ង៉ោក ចរិយ៉ា នាយិការងរដ្ឋបាលខេត្ត​ និងជាសហប្រធាន PCC ស្តីទី បានសម្តែងការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការបន្តគាំទ្រតាមរយៈកម្មវិធី ACCESS...


ការពង្រឹងការបែងចែកថវិកាសង្គមប្រកបដោយបរិយាបន្ន៖ ការឆ្លុះបញ្ចាំងលើការបញ្ចូល GEDSI ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ

ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំពុងបន្តនៅកម្ពុជា ការរៀបចំផែនការថ្នាក់ក្រោមជាតិ ដែលត្រូវបានស្គាល់ថាជាដំណើរការនៃកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ បានក្លាយជាចំណុចសំខាន់ក្នុងការជម្រុញការលូតលាស់សេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន។ ដើម្បីវាយតម្លៃនៃការកើនឡើងនូវកម្រិតរីកចម្រើន និង កំណត់ផ្លូវឆ្ពោះទៅមុខ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ នៅក្នុងខេត្តសៀមរាប តំណាងរាជរដ្ឋាភិបាលមកពីវិស័យផែនការ ថ្នាក់ដឹកនាំមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងថ្នាក់ខេត្ត ស្រុក និងឃុំ/សង្កាត់ បានជួបជុំគ្នាក្នុង​«សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការបញ្ចូលសកម្មភាព សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកាសេវាសង្គម»។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលី ក្រោមក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ (ACCESS 2) សិក្ខាសាលានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗជាង៥០​រូប មកពីខេត្តគោលដៅចំនួនបួន គឺ ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី។ ការបម្លែងគោលនយោបាយទៅជាសកម្មភាព៖ វឌ្ឍនភាពក្នុងការរៀបចំថវិកាថ្នាក់មូលដ្ឋាន ដើម្បីឱ្យសហគមន៍សម្រេចបាននូវការអភិវឌ្ឍសង្គម ជាពិសេសលើការងារ GEDSI វាទាមទារឱ្យមានការវិនិយោគជាក់លាក់ និងការពារទុកជាមុន លើថវិកាសេវាសង្គមចាំបាច់សម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជនមានពិការភាព និងជនជាតិដើមភាគតិច។ ថវិកាថ្នាក់ក្រោមជាតិត្រូវតែសកម្មក្នុងការគាំទ្រដល់ក្រុមជនងាយរងគ្រោះនឹងហានិភ័យទាំងនេះ។ តាមរយៈឧបករណ៍នានា ដូចជាសារាចរអន្តរក្រសួងលេខ ០០៧ ស្តីពីការលម្អឹតខ្ទង់ចំណាយថវិកាសេវាសង្គម និងកម្មវិធីតាមដានថវិកាឃុំ/សង្កាត់តាមប្រព័ន្ធឌីជីថល (រៀបចំឡើងដោយក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពី ACCESS 2 និង UNICEF) អាជ្ញាធរថ្នាក់ក្រោមជាតិសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់៖ ការបែងចែកថវិកាសេវាសង្គមរបស់ឃុំ/សង្កាត់៖ នៅគ្រប់ខេត្តគោលដៅ ឃុំ/សង្កាត់បានវិភាជថវិកាសេវាសង្គមរបស់ខ្លួនជាមធ្យម ២១% ដោយជោគជ័យ ឆ្ពោះទៅកាន់គំនិតផ្តួចផ្តើម GEDSI ក្នុងអំឡុងឆ្នាំ ២០២៥–២០២៦។ ការបដិភាគថវិការួមគ្នាពីដៃគូ៖ ដៃគូអនុវត្តជាយុទ្ធសាស្ត្ររបស់ ACCESS 2 (SIPs) រួមមានអង្គការនានាដូចជា LAC CWCC TPO PAfID និង...


ជំរុញដោយភាពជាម្ចាស់ ដើម្បីនិរន្តរភាព៖ កម្ពុជា និងអូស្ត្រាលី ពង្រឹងភាពជាដៃគូសម្រាប់បរិយាបន្នជនមានពិការភាពក្នុងឆ្នាំទី៤

តាមរយៈកម្មវិធី ACCESS 2 រាជរដ្ឋាភិបាលអូស្ត្រាលីបន្តគាំទ្រភាពជាអ្នកដឹកនាំតាមរយៈយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបរិយាបន្នជនមានពិការភាពទូទាំងប្រទេស។ ខណៈដែលកម្មវិធី ACCESS 2 ឈានចូលដល់ឆ្នាំទី៤ គំនិតផ្តួចផ្តើមនេះកំពុងបង្កើនការផ្តោតលើនិរន្តរភាពរយៈពេលវែង ដោយផ្លាស់ប្ដូរពីសកម្មភាពរបស់កម្មវិធីទៅជាការបញ្ចូលប្រព័ន្ធដែលមានភាពរឹងមាំដោយផ្ទាល់ទៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃសមិទ្ធផលក្នុងឆ្នាំទី៣ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំទី៤ កិច្ចប្រជុំការងារផ្នែកបរិយាបន្នជនមានពិការភាពរបស់កម្មវិធី ACCESS 2 ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG) ដែលបានបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំរបស់ជាតិក្នុងការជំរុញរបៀបវារៈនេះ។ អ្នកចូលរួមកិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវវឌ្ឍនភាពក្រោមផែនការការងារប្រចាំឆ្នាំទី៣ (ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦) ដោយឆ្លុះបញ្ចាំងពីមេរៀនសំខាន់ៗដែលរៀនសូត្របាន និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្ត ដើម្បីកែលម្អយុទ្ធសាស្ត្រសម្រាប់អនាគត។ ចំណុចសំខាន់នៃកិច្ចពិភាក្សាគឺការសម្របសម្រួលសកម្មភាពរបស់ក្រុមការងារឱ្យស្របទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសមធម៌សុខភាព និងនីតិសម្បទាជនមានពិការភាពក្នុងវិស័យសុខាភិបាល (២០២៦-២០៣៥) និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពទី៣ (NDSP3)។ ក្របខ័ណ្ឌជាតិទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើឱ្យសេវាសាធារណៈមានលក្ខណៈបរិយាបន្ន និងសម្រាប់ការបង្កើតផលជះវិជ្ជមានសម្រាប់គោលនយោបាយ។ កិច្ចប្រជុំនេះបានប្រមូលផ្តុំតួអង្គសំខាន់ៗពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ រួមមានអាជ្ញាធររដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអនុវត្តយុទ្ធសាស្ត្រ (SIPs) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP)។ តំណាងមកពីស្ថាប័ននានាបានចែករំលែកព័ត៌មានបច្ចេកទេសអំពីការពង្រីកកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងការជំរុញយន្តការនវានុវត្តន៍នៅថ្នាក់ក្រោមជាតិ។ អាទិភាពសំខាន់ៗសម្រាប់ឆ្នាំទី៤ រួមមាន៖ ថវិកាបរិយាបន្នឌីជីថល (Digital Inclusive Budget)៖ ការបញ្ចូលយន្តការរៀបចំផែនការ និងថវិកាប្រកបដោយបរិយាបន្នជនមានពិការភាពទៅក្នុងដំណើរការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់ជាប្រចាំ។ គំនិតផ្តួចផ្តើមបរិយាបន្នដែលឆ្លើយតបតាមតម្រូវការ (Tailored Inclusion Initiatives)៖ ការពង្រីកគំរូគាំពារសង្គមដែលផ្តោតលើក្រុមគោលដៅជាក់លាក់ ដូចជាគំនិតផ្តួចផ្តើមកញ្ចប់គ្រួសារសម្រាប់ជនជាតិដើមភាគតិចដែលមានពិការភាព និង ការបង្កលក្ខណៈងាយស្រួលក្នុងការចូលប្រើប្រាស់សេវាសង្គមនៅមូលដ្ឋាន (Local Accessibility & Social Services)៖ ការពង្រីកការវាយតម្លៃភាពងាយស្រួលក្នុងការចូលប្រើប្រាស់ដោយការចូលរួមនៅថ្នាក់មូលដ្ឋាន និងការលើកកម្ពស់ការទទួលបានសេវាគាំពារសង្គមដោយផ្ទាល់។ ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃ DAC-SG បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរសំខាន់ពីការរៀបចំគោលនយោបាយទៅកាន់ការអនុវត្តប្រកបដោយនិរន្តរភាព និងដឹកនាំដោយមូលដ្ឋាន៖ «ក្នុងនាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងដោយមានភាពជាដៃគូ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការតំណាងជនមានពិការភាព (OPDs) យើងនឹងបន្តធ្វើការដើម្បីបំលែងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយដែលមានស្រាប់ទៅជាសកម្មភាពជាក់ស្តែង។...


ការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកសមធម៌សុខភាព៖ ការពង្រឹងសេវានីតិសម្បទាឱ្យក្លាយជាផ្នែកមួយនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

ស្របតាមគោលការណ៍នៃការគ្របដណ្តប់សុខភាពជាសកល (UHC) របស់អង្គការសុខភាពពិភពលោក រាជរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី ACCESS 2 កំពុងគាំទ្រការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការងារការស្តារលទ្ធភាពពលកម្មរបស់កម្ពុជា។ កម្មវិធីនេះកំពុងជួយជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការផ្តល់សេវាលទ្ធភាពពលកម្មដែលដឹកនាំដោយវិស័យសុខុមាលភាពសង្គម ទៅកាន់ការពង្រឹង និងពង្រីកជាបណ្តើរៗនៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ក្រសួងសុខាភិបាល (MoH) ដែលត្រូវបានស្គាល់ថាជា ផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ (HBRU)។ ការពង្រឹងសេវាស្តារលទ្ធភាពពលកម្មក្រោមក្របខ័ណ្ឌរបស់ក្រសួងសុខាភិបាលធានាថា សេវាទាំងនេះត្រូវបានទទួលស្គាល់ជាផ្នែកសំខាន់ និងជាសេវាសុខាភិបាលមូលដ្ឋាន ដែលផ្តល់ការថែទាំប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ដើម្បីពិនិត្យវឌ្ឍនភាព និងសម្របសម្រួលយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធនេះ កម្មវិធី ACCESS 2 បានរៀបចំកិច្ចប្រជុំក្រុមកការងារផ្នែកស្តារលទ្ធភាពពលកម្មលើកទី៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះសហដឹកនាំដោយតំណាងក្រសួងសុខាភិបាល និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងបានបម្រើជាវេទិកាដ៏សំខាន់មួយសម្រាប់ការបញ្ចូលផ្នែក HBRU ឱ្យបានរឹងមាំនៅក្នុងមណ្ឌលសុខភាពសាធារណៈ និងមន្ទីរពេទ្យ។ អ្នកចូលរួមបានពិនិត្យឡើងវិញនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្រោមផែនការការងារប្រចាំឆ្នាំទី៣ (ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦) ដោយផ្តោតលើការបញ្ចូលសេវាព្យាបាលដោយចលនា (Physical Therapy) សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា សេវាអវយវៈសិប្បនិម្មិត និងរណប (P&O) និងការផ្តល់ឧបករណ៍ជំនួយផ្សេងៗដោយផ្ទាល់ទៅក្នុងប្រតិបត្តិការរបស់មន្ទីរពេទ្យ។ កិច្ចពិភាក្សាបានផ្តោតលើការកសាងគំរូសុខាភិបាលសាធារណៈដែលមានភាពធន់ គាំទ្រដោយហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ការអភិវឌ្ឍធនធានមនុស្ស និងការរួមបញ្ចូលគោលនយោបាយយ៉ាងរឹងមាំ។ កិច្ចប្រជុំនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំសំខាន់ៗក្នុងវិស័យសុខាភិបាលសាធារណៈ និងដៃគូពាក់ព័ន្ធ រួមមានតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធនានារបស់ក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) បេឡាជាតិសន្តិសុខសង្គម (NSSF) មន្ទីរពេទ្យគោលដៅថ្នាក់ជាតិ និងថ្នាក់ខេត្ត (កំពង់ចាម កំពង់ស្ពឺ សៀមរាប និងរតនគិរី) ដៃគូអនុវត្តជាយុទ្ធសាស្ត្រផ្នែកស្តារលទ្ធភាពពលកម្មរបស់ ACCESS 2 អង្គការតំណាងអ្នកប្រើប្រាស់សេវា សមាគមវិជ្ជាជីវៈ រួមទាំងសមាគមព្យាបាលដោយចលនាកម្ពុជា (CPTA) និង CAAPO ព្រមទាំងតំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា GIZ KoFIH និងក្រុមការងារ ACCESS 2។ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះប្រព័ន្ធនិរន្តរភាព...