រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំដែលមានរយៈពេលជាងមួយទសវត្សរ៍មកហើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០ (NAPVAW IV)។
ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលីតាមរយៈកម្មវិធី ACCESS 2 ផែនការ NAPVAW IV បានប្រមូលផ្តុំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូសង្គមស៊ីវិលសំខាន់ៗ ដើម្បីជំរុញសមភាពយេនឌ័រ លើកកម្ពស់សិទ្ធិស្ត្រី និងពង្រីកសេវាដែលផ្តោតលើតម្រូវការរបស់អ្នកនៅរស់រានមានជីវិតជាស្នូលនៅទូទាំងប្រទេស។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ NAPVAW IV ត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយបានកំណត់នូវយុទ្ធសាស្ត្រជាពហុវិស័យ ដែលមានគោលបំណងបំលែងគោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែង។ ផែនការនេះផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន៖
១. ការបង្ការ៖ ដោះស្រាយមូលហេតុឫសគល់ និងជំរុញការយល់ដឹងនៅក្នុងសង្គម។
២. កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ៖ ពង្រីកការគាំទ្រដែលផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល និងសេវាថែទាំសុខភាព។
៣. ការបង្កើតនិងការអនុវត្តច្បាប់និងគោលនយោបាយ៖ ពង្រឹងការអនុវត្តក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធ។
៤. ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ៖ ប្រើប្រាស់ភស្តុតាងសម្រាប់តាមដានវឌ្ឍនភាព និងធានាគណនេយ្យភាពរបស់ស្ថាប័នពាក់ព័ន្ធ។
លោកស្រី ប្រ៊ីជិត ខូល្លៀ ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានស្វាគមន៍ចំពោះវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានឆ្លុះបញ្ចាំងនៅក្នុង NAPVAW IV។ ផែនការនេះ លើកកម្ពស់វិធីសាស្ត្រឆ្លើយតបជាហុវិស័យក្នុងការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សា តាមរយៈគំនិតផ្តួចផ្តើមផ្នែកការបង្ការ ការផ្តល់សេវាដោយផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល កំណែទម្រង់ច្បាប់ និងគោលនយោបាយ ការប្រើប្រាស់ភស្តុតាង និងការពង្រឹងគណនេយ្យភាព។ លោកស្រីបានមានប្រសាសន៍ថា៖
«ប្រទេសអូស្ត្រាលីមានមោទនភាពដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងទន្ទឹងរង់ចាំបន្តភាពជាដៃគូដ៏រឹងមាំរបស់យើង និងគាំទ្រការអនុវត្ត NAPVAW IV ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយអត្ថន័យ និងនិរន្តរភាពសម្រាប់ស្ត្រី និងក្មេងស្រីនៅទូទាំងប្រទេសកម្ពុជា»។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 ព្រមទាំងដៃគូនានា សម្រាប់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការរៀបចំ NAPVAW IV ក៏ដូចជាកម្មវិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបស់ផែនការជាតិនេះ។ លោកជំទាវបានមានប្រសាសន៍ថា ការគាំទ្រនេះបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការអំពើហិង្សា និងជួយស្រ្តី និងក្មេងស្រីរងគ្រោះឱ្យរួចផុតពីវដ្តនៃអំពើហិង្សា ដែលអាចឈានដល់ការបាត់បង់អាយុជីវិតនៅថ្ងៃណាមួយ។
ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងពីវិធានការសំខាន់ៗ ដើម្បីធានាឱ្យការអនុវត្ត NAPVAW IV ទទួលបានជោគជ័យ រួមមាន៖
- កិច្ចការសម្របសម្រួលអន្តរក្រសួង៖ ពង្រឹងការសម្របសម្រួល និងកិច្ចសហការរវាងក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងព័ត៌មាន។
- ការពង្រឹងសេវាសម្រាប់អ្នកនៅរស់រានមានជីវិត៖ ពង្រឹងការផ្តល់សេវាតាមរយៈកន្លែងផ្តល់សេវាចម្រុះ នៅតាមមូលដ្ឋានសុខាភិបាល បង្កើតបន្ទប់ផ្តល់ប្រឹក្សាបន្ថែមនៅទូទាំងប្រទេស និងធានាការគាំទ្រប្រកបដោយនិរន្តរភាពសម្រាប់មណ្ឌលសុវត្ថិភាព សម្រាប់អ្នកនៅរស់រានមានជីវិត។
- ដោះស្រាយការគំរាមកំហែង និងការអនុវត្តដែលបង្កគ្រោះថ្នាក់៖ អនុវត្តវិធានការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ និងការមានផ្ទៃពោះនៅវ័យជំទង់ ព្រមទាំងសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកច្បាប់ដោយឥតគិតប្រាក់កម៉្រៃដល់ស្ត្រីដែលមានចំណូលទាប ជាពិសេសស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ សម្របសម្រួលតាមបច្ចេកវិទ្យា (TF-GBV)។
- ការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ និងការផ្សព្វផ្សាយ៖ បង្កើនការយល់ដឹងអំពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនៅតំបន់ដាច់ស្រយាល ជំរុញការរៀបចំ និងអនុវត្តផែនការថវិកាដែលឆ្លើយតបនឹងយេនឌ័រនៅគ្រប់កម្រិតស្ថាប័ន និងលើកកម្ពស់ការអនុវត្តផ្សព្វផ្សាយក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្រ្តី ប្រកបដោយការទទួលខុស និងមានប្រសិទ្ធភាពខ្ពស់។
តាមរយៈការគាំទ្រជាបន្តបន្ទាប់របស់កម្មវិធី ACCESS 2 ប្រទេសអូស្ត្រាលី និងកម្ពុជាកំពុងរួមគ្នាកសាងប្រព័ន្ធគាំទ្រដែលមានបរិយាបន្ន ដោយផ្អែកលើទិន្នន័យ និងផ្តោតលើតម្រូវការរបស់អ្នកនៅរស់រានមានជីវិតជាស្នូល។ មកដល់បច្ចុប្បន្ននេះ កម្មវិធីនេះបានជួយឱ្យនៅរស់រានមានជីវិតរាប់ពាន់នាក់ រួមទាំងស្ត្រីមានពិការភាព និងស្ត្រីជនជាតិដើមភាគតិច ទទួលបានសេវាចាំបាច់នានាប្រកបដោយគុណភាព ដូចជាសេវាថែទាំសុខភាព ជំនួយផ្នែកច្បាប់ និងប្រព័ន្ធបញ្ជូនបន្តប្រកបដោយសុវត្ថិភាព។
តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាពហុវិស័យ និងភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន ភាពជាដៃគូនេះកំពុងបន្តឆ្ពោះទៅរកអនាគតមួយដែលមានសុវត្ថិភាព និងសមភាពជាងមុន ដែលស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជាអាចរស់នៅដោយមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងឱកាសស្មើភាពគ្នា៕











