កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 អនុម័តផែនការការងារឆ្នាំ ២០២៦-២០២៧ និងផ្តល់ទិសដៅសម្រាប់ការអនុវត្តការងារបន្ទាប់

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) បានបើកកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រី Kirsty Harris ប្រធានផ្នែកកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជាសហប្រធានកិច្ចប្រជុំជាមួយសមភាគីរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC)។

វេទិកានេះបានប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីផ្តល់ធាតុចូលជាយុទ្ធសាស្ត្រសម្រាប់កម្មវិធី ACCESS 2 និងជំរុញអាទិភាពរបស់កម្ពុជា ក្នុងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងកិច្ចគាំពារសង្គម។

គោលបំណងនៃកិច្ចប្រជុំ

កិច្ចប្រជុំមានគោលបំណង៖

  • ពិនិត្យឡើងវិញនូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗក្នុងឆ្នាំទី៣ នៃកម្មវិធី ACCESS 2។
  • ឆ្លុះបញ្ចាំងពីមេរៀនដែលរៀនសូត្របាន បញ្ហាប្រឈម និងវិធានការកាត់បន្ថយហានិភ័យ។
  • អនុម័តផែនការការងារប្រចាំឆ្នាំទី៤របស់ ACCESS 2 (ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧)។

អ្នកចូលរួមក្នុងកិច្ចប្រជុំ

អ្នកចូលរួមរួមក្នុងកិច្ចប្រជុំរួមមាន សមាជិកគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ ប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្តពីខេត្តគោលដៅទាំងបួនរបស់កម្មវិធី ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2។

អូស្ត្រាលីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកស្រី Kirsty Harris បានគូសបញ្ជាក់អំពីភាពរឹងមាំ និងសារៈសំខាន់នៃភាពជាដៃគូទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។ លោកស្រីបានមានប្រសាសន៍ថា៖

«កិច្ចប្រជុំនេះបញ្ជាក់ពីដំណាក់កាលសំខាន់មួយទៀតក្នុងការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី។ អូស្ត្រាលីនៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រកម្មវិធី ACCESS 2 ដើម្បីពង្រឹងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងកិច្ចគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេនៅកម្ពុជា»។

ការទទួលស្គាល់វឌ្ឍនភាពរួម

ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ បានកោតសរសើរពីសមិទ្ធផលរបស់កម្មវិធីក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា៖

«កម្មវិធី ACCESS 2 បានបង្ហាញពីគុណតម្លៃនៃកិច្ចសហការដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី ដៃគូអភិវឌ្ឍន៍ អង្គការជនពិការ អង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញបរិយាបន្នពិការភាព កិច្ចគាំពារសង្គម និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ»។

ឯកឧត្តមបានលើកឡើងពីសមិទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងប្រព័ន្ធកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នពិការភាព ការកើនឡើងនៃការចូលរួមរបស់ជនមានពិការភាព និងស្ត្រីក្នុងដំណើរការសម្រេចចិត្ត ការពង្រីកប្រព័ន្ធបញ្ជូនបន្តទៅរកសេវាពាក់ព័ន្ធ និងការបញ្ចូលនូវសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) កាន់តែប្រសើរទៅក្នុងការរៀបចំផែនការ និងថវិកាថ្នាក់មូលដ្ឋាន។

ការសម្រេចចិត្តសំខាន់ៗ និងជំហានបន្ទាប់

សមាជិក ASC បានពិនិត្យឡើងវិញនូវសមិទ្ធផលក្នុងឆ្នាំទី៣ រួមមាន ការកើនឡើងនៃការទទួលបានសេវា កម្រិតខ្ពស់នៃការពេញចិត្តពីអ្នកប្រើប្រាស់សេវា ការចូលរួមយ៉ាងសកម្មរបស់ជនមានពិការភាពក្នុងដំណើរការរៀបចំគោលនយោបាយ និងការបញ្ចូល GEDSI កាន់តែស៊ីជម្រៅនៅក្នុងគោលនយោបាយ ផែនការ និងថវិកា។

អ្នកចូលរួមក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលកំពុងបន្ត និងអាទិភាពសម្រាប់ពេលអនាគត ដោយផ្តោតលើវិធីសាស្ត្រផ្អែកលើភស្តុតាង កិច្ចសហការជាដៃគូ និងការអនុវត្តដែលផ្តោតលើអ្នកទទួលផលជាស្នូល។ កិច្ចប្រជុំបានបញ្ចប់ដោយការអនុម័តជាផ្លូវការនូវផែនការការងារប្រចាំឆ្នាំ ACCESS 2 សម្រាប់ឆ្នាំ២០២៦-២០២៧ ដែលកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំទី៤ របស់កម្មវិធី។

ឆ្ពោះទៅមុខ

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 ក្នុងការផ្តល់ភាពជាអ្នកដឹកនាំ និងការត្រួតពិនិត្យជាយុទ្ធសាស្ត្រ ដើម្បីធានាថាកម្មវិធី ACCESS 2 អាចផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាពសម្រាប់ជនមានពិការភាព អ្នករស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសហគមន៍ជនជាតិដើមភាគតិច។ សហប្រធានកិច្ចប្រជុំបានប្រកាសបិទកិច្ចប្រជុំដោយថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ចំពោះការប្តេជ្ញាចិត្តបន្តរបស់ពួកគេក្នុងការពង្រីកសេវាចាំបាច់សម្រាប់អ្នកដែលត្រូវការបំផុត៕