ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំពុងបន្តនៅកម្ពុជា ការរៀបចំផែនការថ្នាក់ក្រោមជាតិ ដែលត្រូវបានស្គាល់ថាជាដំណើរការនៃកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ បានក្លាយជាចំណុចសំខាន់ក្នុងការជម្រុញការលូតលាស់សេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាបន្ន។ ដើម្បីវាយតម្លៃនៃការកើនឡើងនូវកម្រិតរីកចម្រើន និង កំណត់ផ្លូវឆ្ពោះទៅមុខ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ នៅក្នុងខេត្តសៀមរាប តំណាងរាជរដ្ឋាភិបាលមកពីវិស័យផែនការ ថ្នាក់ដឹកនាំមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងតំណាងថ្នាក់ខេត្ត ស្រុក និងឃុំ/សង្កាត់ បានជួបជុំគ្នាក្នុង«សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការបញ្ចូលសកម្មភាព សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកាសេវាសង្គម»។
ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលី ក្រោមក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) សិក្ខាសាលានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗជាង៥០រូប មកពីខេត្តគោលដៅចំនួនបួន គឺ ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី។
ការបម្លែងគោលនយោបាយទៅជាសកម្មភាព៖ វឌ្ឍនភាពក្នុងការរៀបចំថវិកាថ្នាក់មូលដ្ឋាន
ដើម្បីឱ្យសហគមន៍សម្រេចបាននូវការអភិវឌ្ឍសង្គម ជាពិសេសលើការងារ GEDSI វាទាមទារឱ្យមានការវិនិយោគជាក់លាក់ និងការពារទុកជាមុន លើថវិកាសេវាសង្គមចាំបាច់សម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ជនមានពិការភាព និងជនជាតិដើមភាគតិច។ ថវិកាថ្នាក់ក្រោមជាតិត្រូវតែសកម្មក្នុងការគាំទ្រដល់ក្រុមជនងាយរងគ្រោះនឹងហានិភ័យទាំងនេះ។
តាមរយៈឧបករណ៍នានា ដូចជាសារាចរអន្តរក្រសួងលេខ ០០៧ ស្តីពីការលម្អឹតខ្ទង់ចំណាយថវិកាសេវាសង្គម និងកម្មវិធីតាមដានថវិកាឃុំ/សង្កាត់តាមប្រព័ន្ធឌីជីថល (រៀបចំឡើងដោយក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពី ACCESS 2 និង UNICEF) អាជ្ញាធរថ្នាក់ក្រោមជាតិសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់៖
- ការបែងចែកថវិកាសេវាសង្គមរបស់ឃុំ/សង្កាត់៖ នៅគ្រប់ខេត្តគោលដៅ ឃុំ/សង្កាត់បានវិភាជថវិកាសេវាសង្គមរបស់ខ្លួនជាមធ្យម ២១% ដោយជោគជ័យ ឆ្ពោះទៅកាន់គំនិតផ្តួចផ្តើម GEDSI ក្នុងអំឡុងឆ្នាំ ២០២៥–២០២៦។
- ការបដិភាគថវិការួមគ្នាពីដៃគូ៖ ដៃគូអនុវត្តជាយុទ្ធសាស្ត្ររបស់ ACCESS 2 (SIPs) រួមមានអង្គការនានាដូចជា LAC CWCC TPO PAfID និង CDPO បានរួមចំណែកបដិភាគថវិកាមធ្យម ៥% ដោយផ្ទាល់ទៅក្នុងផែនការ វិនិយោគថ្នាក់ក្រោមជាតិនៅមូលដ្ឋាន។
ការជម្នះឧបសគ្គ៖ ការផ្តល់អាទិភាពលើសេវាសង្គមលើសពីវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
ទោះបីជាទទួលបានជោគជ័យជាជំហានៗយ៉ាងណាក៏ដោយ អ្នកចូលរួមសិក្ខាសាលាបានពិភាក្សាដោយចំហអំពី ឧបសគ្គប្រតិបត្តិការដែលកំពុងបន្ត។ ថវិកាសេវាសង្គមនៅថ្នាក់មូលដ្ឋានប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគម្រោងបរិស្ថាន និងអនាម័យ។ បន្ថែមពីនេះ សមត្ថភាពបច្ចេកទេសនៅមាន កម្រិតក្នុងការប្រើប្រាស់កម្មវិធីតាមដានថវិកាឌីជីថល ការពន្យារពេលផ្នែករដ្ឋបាល និងតម្រូវការឱ្យមានការចូលរួម ពីសាធារណជនឱ្យកាន់តែច្រើនក្នុងអំឡុងជុំនៃការរៀបចំផែនការ នៅតែជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។
ដើម្បីលុបបំបាត់គម្លាតទាំងនេះ អ្នកចូលរួមសិក្ខាសាលា និងថ្នាក់ដឹកនាំខេត្តបានដាក់ចេញនូវអាទិភាពប្រតិបត្តិការច្បាស់លាស់ដូចខាងក្រោម៖
- ការប្រគល់អំណាចដល់ថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ៖ ធានាថាមន្ទីរផែនការខេត្ត (PDoP) និងអង្គភាពផែនការ និងវិនិយោគខេត្ត (PPIU) ដំណើរការជាកម្លាំងរួមគ្នាតែមួយ ដើម្បីណែនាំក្រុមប្រឹក្សាមូលដ្ឋាន និងការពារ កញ្ចប់ថវិកាសេវាសង្គម។
- ការរៀបចំផែនការសកម្ម និងស៊ីសង្វាក់គ្នា៖ សម្របសម្រួលតម្រឹមទិសដៅរវាងថ្នាក់ដឹកនាំឃុំ/សង្កាត់ និងដៃគូ ACCESS 2 ឱ្យបានឆាប់នៅក្នុងវដ្តធ្វើផែនការប្រចាំឆ្នាំ ដើម្បីជៀសវាងការជាន់ការងារគ្នា និងធានាបាននូវការវិភាជថវិការួមគ្នាដោយរលូន។
- ការកសាងសមត្ថភាព និងឧបករណ៍ឌីជីថល៖ ផ្តល់វគ្គបណ្តុះបណ្តាលណែនាំជាបន្តបន្ទាប់លើសារាចរណែនាំ GEDSI និងពង្រីកការហ្វឹកហាត់អនុវត្តជាក់ស្តែងសម្រាប់ស្មៀន និងថ្នាក់ដឹកនាំឃុំ/សង្កាត់ ដើម្បីប្រើប្រាស់កម្មវិធីតាមដានថវិកាជាប្រចាំ។
មតិសម្រង់ និងទស្សនៈសំខាន់ៗ
លោកជំទាវ មុន្នី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖
«ការរៀបចំផែនការ និងការបែងចែកថវិកាឱ្យបានត្រឹមត្រូវនៅថ្នាក់ក្រោមជាតិ គឺជាកត្តាកំណត់ជោគជ័យ។ ពុំនោះទេ ការប្តេជ្ញាចិត្តផ្នែកគោលនយោបាយរបស់យើងចំពោះ GEDSI មិនអាចសម្រេចបានប្រកបដោយប្រសិទ្ធភាពនៅលើដីនោះឡើយ»។
ឯកឧត្តម ហូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ បានមានគូសបញ្ជាក់ថា៖
« ជូនចំពោះប្រធានមន្ទីរផែនការខេត្តទាំងអស់៖ ក្នុងនាមជាសមាជិកនៃគណៈកម្មការ សម្របសម្រួលខេត្ត សូមទទួលខុសត្រូវពេញលេញលើវដ្តនៃកម្មវិធី ACCESS 2 ជាពិសេសក្នុងអំឡុងដំណាក់កាលរៀបចំផែនការ។ សូមទាញយកប្រយោជន៍អតិបរមាពីឱកាសមាសនេះ ដើម្បីកសាងសមត្ថភាពមូលដ្ឋាន និងធានាថាថវិកាបដិភាគសេវាសង្គមត្រូវបានគ្រោង»។
លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានចែករំលែកថា៖
«ពិនិត្យមើលលទ្ធផលឆ្នាំ ២០២៥-២០២៦ នៅទូទាំងខេត្តគោលដៅទាំងបួនរបស់យើង គឺសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី យើងបានឃើញភស្តុតាងដ៏គួរឱ្យលើកទឹកចិត្ត នៃភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន រួមទាំងការកើនឡើងនៃការបែងចែកថវិកាសេវាសង្គម ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការកើនឡើងនៃការបែងចែកទាំងនេះតំណាងឱ្យ ការគាំទ្រពិតប្រាកដ។ ការគាំពារសង្គម សេវាចាំបាច់សម្រាប់ស្ត្រីស្វែងរកសុវត្ថិភាព សេវាដែលផ្តោតលើសហគមន៍សម្រាប់ជនមានពិការភាព និងសមត្ថភាពមូលដ្ឋានកាន់តែរឹងមាំក្នុងការដោះស្រាយតម្រូវការសេវាសង្គម»។
ការរំពឹងទុកខាងមុខ៖ ជំហានបន្ទាប់សម្រាប់ខេត្តគោលដៅ
នៅពេលសិក្ខាសាលាបានបញ្ចប់ អ្នកចូលរួមបានប្តេជ្ញាចិត្តអនុវត្តសកម្មភាពបន្តបន្ទាប់នៅទូទាំងខេត្តរៀងខ្លួន។ ក្នុងពេលប៉ុន្មានខែខាងមុខនេះ ខេត្តគោលដៅនឹងផ្តោតលើការបញ្ចូលអនុសាសន៍ ពីសិក្ខាសាលាឱ្យបានរួសរាន់ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិបីឆ្នាំរំកិល (PIP, DIP, និង CIP) ការរៀបចំឱ្យបានល្អប្រសើរនូវការងារសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគថ្នាក់ក្រុងស្រុក (DIW) នាពេលខាងមុខ និងការទទួលបានការអនុម័តកម្មវិធីវិនិយោគជាផ្លូវការដើម្បីបន្តការអនុវត្ត។ តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងភាគីពាក់ព័ន្ធជាពហុវិស័យ ចក្ខុវិស័យនៃប្រទេសកម្ពុជា ដែលមានសមធម៌ និងបរិយាបន្ន នឹងបន្តឈានទៅមុខជាលំដាប់៕










