ACCESS 2 ប្រគល់ឧបករណ៍ព័ត៌មានវិទ្យា ដើម្បីពង្រឹងការសម្របសម្រួលថ្នាក់ក្រោមជាតិ និងការផ្តល់សេវានៅមូលដ្ឋាន

ថ្មីៗនេះ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានប្រគល់កុំព្យូទ័រយួរដៃចំនួន៦គ្រឿង ជូនដល់ដៃគូសំខាន់ៗនៅថ្នាក់ក្រោមជាតិ ក្នុងខេត្តរតនគិរី កំពង់ចាម កំពង់ស្ពឺ និងសៀមរាប ដើម្បីពង្រឹងការសម្របសម្រួល និងការផ្តល់សេវាសម្រាប់ជនមានពិការភាព អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសហគមន៍ជនជាតិដើមភាគតិច។

ស្ថាប័នទទួលបានរួមមាន មន្ទីរផែនការខេត្តសៀមរាប មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ទីចាត់ការផែនការ និងវិនិយោគខេត្តរតនគិរី ព្រមទាំងអង្គការតំណាងជនមានពិការភាពចំនួន២ មកពីខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។

កុំព្យូទ័រយួរដៃទាំងនេះ នឹងប្រើប្រាស់ដើម្បីជួយលើកកម្ពស់ការប្រមូល និងគ្រប់គ្រងទិន្នន័យ ការរាយការណ៍ ការគ្រប់គ្រងឯកសារ និងកិច្ចការប្រតិបត្តិការប្រចាំថ្ងៃផ្សេងៗ ដែលអាចឱ្យដៃគូធ្វើការបានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែប្រសើរចំពោះតម្រូវការរបស់សហគមន៍របស់ពួកគេ។

ការគាំទ្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ACCESS 2 ក្នុងការពង្រឹងទំនាក់ទំនង និងការសម្រេចចិត្តផ្អែកលើភស្តុតាងក្នុងចំណោមភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ព្រមទាំងលើកកម្ពស់លទ្ធភាពទទួលបានសេវាប្រកបដោយបរិយាបន្ន និងឆ្លើយតបតាមតម្រូវការសម្រាប់ជនងាយរងគ្រោះនៅក្នុងខេត្តគោលដៅ។

តាមរយៈកម្មវិធី ACCESS 2 រាជរដ្ឋាភិបាលអូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព ប្រកបដោយបរិយាបន្ន និងអនុលោមតាមស្តង់ដារ ព្រមទាំងគាំទ្រដៃគូក្នុងស្រុកឱ្យផ្តល់សេវាប្រកបដោយសមធម៌ និងនិរន្តរភាព ដោយមិនទុកនរណាម្នាក់ចោលឡើយ៕