នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំសម្របសម្រួលលើកទី៥ក្រុមការងារផ្នែកអំពើហិង្សាផ្អែកទាក់ទងនឹងយេនឌ័រ (GBV) ក្រោមកម្មវិធី ACCESS 2។
កិច្ចប្រជុំនេះ ដឹកនាំដោយក្រសួងកិច្ចការនារី (MoWA) និងបានផ្តល់ជាវេទិកាសម្រាប់ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តការងារផ្នែក GBV នៃកម្មវិធី ACCESS 2 ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦។ អ្នកចូលរួមបានវាយតម្លៃពីសមិទ្ធផលដែលសម្រេចបាន កំណត់អាទិភាពសំខាន់ៗសម្រាប់រយៈពេល៦ខែខាងមុខ ពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ និងចែករំលែកមេរៀនសំខាន់ៗដែលទទួលបានពីការអនុវត្តការងារ។ ដើម្បីពង្រឹងការសម្របសម្រួលការងារប្រកបដោយបរិយាបន្ន និងឆ្លើយតបទៅនឹងតម្រូវការជាពហុវិស័យរបស់ក្រុមគោលដៅ ដៃគូក៏បានស្វែងរកឱកាសពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅរវាងក្រុមការងារផ្នែក GBV បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។
ក្នុងអំឡុងពេលកិច្ចប្រជុំ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) បានធ្វើបទបង្ហាញករណីសិក្សាដែលបង្ហាញពីផលប៉ះពាល់វិជ្ជមាននៃសេវាគាំទ្រផ្នែកច្បាប់ និងសេវាគាំទ្រផ្លូវចិត្តសង្គម និងបញ្ជាក់ពីតួនាទីដ៏សំខាន់នៃបន្ទប់ផ្តល់ប្រឹក្សាដែលត្រូវបានបង្កើតឡើងដាច់ដោយឡែកក្នុងការគាំទ្រអ្នកនៅរស់រានមានជីវិត។ កិច្ចពិភាក្សាក៏បានផ្តោតលើការកែលម្អការកត់ត្រា និងគ្រប់គ្រងទិន្នន័យជីវសាស្រ្ត និងការពង្រីកការចូលរួមរបស់សហគមន៍ក្នុងការងារកិច្ចការពារសុវត្ថិភាព។
លោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ តម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់លើការងារដ៏សំខាន់នេះ ក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងកិច្ចការនារី សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយស្ថិរភាព និងភាពជាដៃគូដ៏រឹងមាំ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា៖ «ប្រទេសអូស្ត្រាលីមានមោទនភាពក្នុងការឈរជាមួយប្រទេសកម្ពុជា និងដៃគូទាំងអស់ដែលមានវត្តមាននៅក្នុងបន្ទប់នេះ។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំដែលយើងបានកសាងរួមគ្នា ហើយទន្ទឹងរង់ចាំបន្តកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការកសាងសង្គមមួយដែលមានសុវត្ថិភាព បរិយាបន្ន និងសមធម៌កាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប»។
កិច្ចប្រជុំបានបញ្ចប់ដោយការអនុម័ត និងទទួលយកផែនការការងារប្រចាំឆ្នាំរួមស្តីពី GBV។ អ្នកចូលរួមក៏បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ រួមមាន ការដាក់ឱ្យដំណើរការផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ (NAPVAW IV) កិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 លើកទី៣ និងការប្រារព្ធយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ៕










