វេទិកា SVRI ឆ្នាំ ២០២៦ នៅទីក្រុងបាងកក ប្រទេសថៃ

វេទិកា Sexual Violence Research Initiative (SVRI) Forum គឺជាព្រឹត្តិការណ៍សំខាន់ប្រចាំរបស់ SVRI និងជាសន្និសីទឈានមុខគេនៅលើពិភពលោក ដែលផ្តោតលើការដាក់ស្នើអត្ថបទសង្ខេប (abstract-driven conference) ដើម្បីចែករំលែកអំពីការស្រាវជ្រាវដែលផ្អែកលើភស្តុតាង និងដំណោះស្រាយសម្រាប់ការបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាលើស្ត្រី អំពើហិង្សាលើកុមារ និងទម្រង់ផ្សេងៗនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

នៅឆ្នាំ២០២៦ វេទិកា SVRI ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Centara Grand & Bangkok Convention Centre at CentralWorld ទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ វេទិកានេះមានអ្នកចូលរួមប្រមាណ១.៦០០ នាក់ មកពី៨០ប្រទេស។ កម្មវិធី ACCESS 2 បានគាំទ្រដល់អ្នកចូលរួមជាស្ត្រីចំនួន៣នាក់ (តំណាង២នាក់មកពីកម្មវិធី ACCESS 2 និងតំណាងម្នាក់ទៀតមកពីអង្គការ TPO Cambodia) ដើម្បីចូលរួមវេទិកា SVRI នេះ។

ប្រធានបទសំខាន់ៗនៃវេទិកា SVRI ឆ្នាំ២០២៦ រួមមាន៖

  • ការស្វែងយល់អំពីមូលហេតុ ឫសគល់ ហានិភ័យ និងកត្តាការពារអំពើហិង្សា
  • ការពង្រឹងយុទ្ធសាស្ត្របង្ការ
  • ការពង្រឹងសេវាឆ្លើយតប
  • តួនាទីរបស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ និងបង្ការអំពើហិង្សា
  • ការពង្រឹងវិទ្យាសាស្ត្រនៅក្នុងវិធីសាស្ត្រស្រាវជ្រាវ ការពង្រីកការអនុវត្ត និងចំណេះដឹងដែលផ្អែកលើការអនុវត្តជាក់ស្តែង
  • ការប្រើប្រាស់ការស្រាវជ្រាវសម្រាប់ការស្វែងរកមតិគាំទ្រ និងការផ្លាស់ប្តូរគោលនយោបាយ
  • ការកសាងប្រព័ន្ធអេកូឡូស៊ីភស្តុតាងដែលមានភាពរឹងមាំ និងប្រកបដោយសុខភាពល្អ

 

កម្មវិធី ACCESS 2 មានកិត្តិយសក្នុងការធ្វើបទបង្ហាញរយៈពេល៥នាទី ក្រោមប្រធានបទ «ការលើកកម្ពស់សេវាឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល តាមរយៈយន្តការសម្របសម្រួលជាពហុវិស័យនៅកម្ពុជា»។ បទបង្ហាញនេះត្រូវបានជ្រើសរើសជាមួយនឹងបទបង្ហាញចំនួន១០០ ក្នុងចំណោមអត្ថបទសង្ខេបចំនួន ២.១៨៦ ដែលបានដាក់ស្នើ។

លើសពីនេះទៀត ក៏មានការចូលរួមក្នុងសកម្មភាពចែករំលែកវប្បធម៌ ពង្រីកបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ ការតាំងបង្ហាញផ្ទាំងព័ត៌មានស្រាវជ្រាវ និងអាហារសាមគ្គី (Gala Dinner) ដែលបានផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការកសាងទំនាក់ទំនងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកអនុវត្ត និងអ្នកស្រាវជ្រាវមកពីជុំវិញពិភពលោក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងប្រទេស និងវិស័យផ្សេងៗ។

ជារួម ការចូលរួមក្នុងវេទិកា SVRI Forum 2026 បានរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបង្កើនចំណេះដឹង និងការយល់ដឹងអំពីភស្តុតាងបច្ចុប្បន្ន បញ្ហាប្រឈមថ្មីៗ និងការអនុវត្តល្អៗដែលមានសក្តានុពលក្នុងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សា។ មេរៀន និងបទពិសោធន៍ដែលទទួលបានពីវេទិកានេះ នឹងផ្តល់ជាសារប្រយោជន៍សម្រាប់ការពង្រឹងកម្មវិធីនាពេលអនាគត ក្នុងការស្រាវជ្រាវ ការស្វែងរកមតិគាំទ្រ និងកិច្ចសម្របសម្រួលពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ  អំពើហិង្សាលើកុមារ កិច្ចការពារសុវត្ថិភាព និងសេវាឆ្លើយតបដែលផ្តោតលើអ្នកនៅរស់រានមានជីវិតនៅកម្ពុជា៕