រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តគាំទ្រការពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាសេវាចាំបាច់ មានលក្ខណៈបរិយាបន្ន ប្រកបដោយគុណភាពខ្ពស់ និងអាចទទួលបានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនមានពិការភាព អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងសហគមន៍ជនជាតិដើមភាគតិច។
ក្នុងអំឡុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី កំពង់ចាម សៀមរាប និងកំពង់ស្ពឺ រៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលខេត្ត (PCC)។ កិច្ចប្រជុំទាំងនេះបានប្រមូលផ្តុំសមាជិក PCC រួមមានទាំងអង្គការតំណាងជនមានពិការភាព (OPDs) និងអង្គការជនជាតិដើមភាគតិច ដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) និងក្រុមការងារ ACCESS 2 ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដែលរៀនសូត្របាន ព្រមទាំងអនុម័តផែនការការងាររួមថ្នាក់ខេត្តសម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧។
ជាផ្នែកមួយនៃកិច្ចប្រជុំទាំងនេះ អ្នកចូលរួមបានទៅទស្សនកិច្ចនៅទីតាំងអនុវត្តសកម្មភាពផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងបរិយាបន្នពិការភាព ដែលផ្តល់ឱកាសឱ្យពួកគេបានសង្កេតឃើញពីវឌ្ឍនភាពដោយផ្ទាល់ កំណត់បញ្ហាប្រឈមដែលនៅសេសសល់ និងស្វែងរកវិធីសាស្ត្រដើម្បីពង្រឹងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព។
ជំរុញនិរន្តរភាព និងបរិយាបន្ន
កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងនិរន្តរភាព បរិយាបន្នពិការភាព និងការធ្វើសមាហរណកម្មសេវាសង្គមទៅក្នុងដំណើរការរៀបចំផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងអំឡុងឆ្នាំទី៤ នៃកម្មវិធី ACCESS 2។ អ្នកចូលរួមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហការរវាងមន្ទីរជំនាញថ្នាក់ខេត្ត OPDs ដៃគូអនុវត្តយុទ្ធសាស្ត្រ (SIPs) និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យបាននូវលទ្ធផលប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ជនមានពិការភាព អ្នករស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមជនងាយរងគ្រោះដទៃទៀត។
សារពីសហប្រធាន
ខេត្តរតនគិរី
លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសហប្រធាន PCC បានគូសបញ្ជាក់ពីកំណើនសមត្ថភាពរបស់ភាគីពាក់ព័ន្ធនៅថ្នាក់ខេត្ត ក្នុងការដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ដោយចូលរួមកាត់បន្ថយទៅលើការគាំទ្រពីខាងក្រៅ ហើយបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការដើម្បីសម្រេចបានលទ្ធផលប្រកបដោយនិរន្តរភាព។
ខេត្តកំពង់ចាម
លោកស្រី ង៉ោក ចរិយ៉ា នាយិការងរដ្ឋបាលខេត្ត និងជាសហប្រធាន PCC ស្តីទី បានសម្តែងការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការបន្តគាំទ្រតាមរយៈកម្មវិធី ACCESS 2។
លោកស្រីបានមានប្រសាសន៍ថា៖ «ការសម្របសម្រួលដ៏រឹងមាំ និងមានការចូលរួមយ៉ាងសកម្ម គឺជាកត្តាចាំបាច់ក្នុងការពង្រឹងសេវាសង្គមប្រកបដោយបរិយាបន្ន និងគុណភាពសម្រាប់ក្រុមជនងាយរងគ្រោះនៅខេត្តកំពង់ចាម។ ខ្ញុំសូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា និងប្រែក្លាយការប្តេជ្ញាចិត្តរបស់យើងទៅជាសកម្មភាពជាក់ស្តែងដែលមានអត្ថន័យសម្រាប់អ្នកដែលត្រូវការជំនួយបំផុត»។
ខេត្តសៀមរាប
លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្ត និងសហប្រធាន PCC បានអំពាវនាវឱ្យមានការចូលរួមជាបន្តបន្ទាប់ពីសំណាក់ OPDs និងអង្គការស្ត្រី នៅគ្រប់ដំណាក់កាលនៃការរៀបចំផែនការ ការអនុវត្ត ការតាមដាន និងការវាយតម្លៃ។
ខេត្តកំពង់ស្ពឺ
លោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្ត និងសហប្រធាន PCC ក៏បានទទួលស្គាល់ពីបញ្ហាប្រឈមនានាក្នុងការអនុវត្តសកម្មភាព ខណៈដែលលោកជំទាវក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលដ៏ល្អប្រសើរដែលសម្រេចបានតាមរយៈភាពជាដៃគូ និងកិច្ចសហការ។
លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន និងការដាក់បញ្ចូលអាទិភាព GEDSI ទៅក្នុងដំណើរការរៀបចំផែនការវិនិយោគនៅថ្នាក់ខេត្ត ស្រុក និងឃុំ/សង្កាត់ ដើម្បីធានានិរន្តរភាពក្រោយពេលបញ្ចប់កម្មវិធី។
ទិសដៅបន្តទៅមុខ
នៅចុងបញ្ចប់នៃកិច្ចប្រជុំ សហប្រធាន PCC បានអនុម័តផែនការការងាររួមថ្នាក់ខេត្តសម្រាប់ឆ្នាំ ២០២៦-២០២៧ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាម្ចាស់នៅមូលដ្ឋាន កសាងសមត្ថភាពស្ថាប័ន និងរក្សានិរន្តរភាពនៃលទ្ធផលដែលសម្រេចបានក្រោមកម្មវិធី ACCESS 2 បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់។
តាមរយៈកិច្ចសហការរួម រដ្ឋបាលខេត្ត ដៃគូអភិវឌ្ឍន៍ OPDs អង្គការជនជាតិដើមភាគតិច និងភាគីពាក់ព័ន្ធនៅមូលដ្ឋាន នឹងបន្តធ្វើការរួមគ្នាឆ្ពោះទៅរកការផ្តល់សេវាដែលកាន់តែមានបរិយាបន្ន និងងាយស្រួលទទួលបានសម្រាប់សហគមន៍ងាយរងគ្រោះបំផុតនៅកម្ពុជា៕











