វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ពង្រឹងជំនាញសម្របសម្រួល និងការអនុវត្តប្រកបដោយបរិយាបន្ន

កាលពីថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 សហការជាមួយក្រសួងកិច្ចការនារី (MoWA) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកសម្រាប់គ្រូបង្គោលស្តីពីសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) រយៈពេលពីរថ្ងៃ នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះបានប្រមូលផ្តុំគ្រូបង្គោលមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត (PDoWA) និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីគោលគំនិត GEDSI បង្កើនការអនុវត្តជាក់ស្តែងក្នុងការបញ្ជ្រាប GEDSI ទៅក្នុងសកម្មភាពកម្មវិធី និងពង្រឹងជំនាញសម្របសម្រួលដោយប្រើប្រាស់សៀវភៅណែនាំបណ្តុះបណ្តាល GEDSI។

ចាប់តាំងពីឆ្នាំ២០២៤មក កម្មវិធី ACCESS 2 បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដែលផ្តោតលើ GEDSI ជាបន្តបន្ទាប់ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលទាំងនេះបានផ្សាភ្ជាប់ដៃគូភាគីរដ្ឋាភិបាល និងដៃគូអនុវត្តយុទ្ធសាស្ត្រ ដើម្បីដោះស្រាយតម្រូវការចាំបាច់នានា និងឧបសគ្គដែលក្រុមងាយរងគ្រោះជួបប្រទះ រួមទាំងស្ត្រីមានពិការភាព ស្ត្រីជនជាតិដើមភាគតិច និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ជាពិសេសក្នុងបរិបទនៃការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងការផ្តល់សេវា។

តាមរយៈមតិត្រឡប់ពីវគ្គបណ្តុះបណ្តាលមុនៗ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់វិធីសាស្ត្រដែលមានរចនាសម្ព័ន្ធ និងស្តង់ដារ ដែលអាចផ្តល់ជូនប្រកបដោយជាប់លាប់នៅកម្រិតខេត្ត ស្រុក និងឃុំ។ ជាការឆ្លើយតប ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 បានរៀបចំ សៀវភៅណែនាំបណ្តុះបណ្តាល GEDSI ដែលផ្តល់នូវការណែនាំជាក់ស្តែង ដើម្បីជួយដល់គ្រូបង្គោលក្នុងការដឹកនាំវគ្គបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ មានបរិយាបន្ន និងមានការចូលរួម។

វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ គ្រូបង្គោលបានចូលរួមយ៉ាងសកម្ម ជាមួយនឹងគោលគំនិត និងវិធីសាស្ត្រនានាដែលចាំបាច់ដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ LGBTQI+ និងសហគមន៍ខ្មែរឥស្លាម។ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យការពិភាក្សាកាន់តែស៊ីជម្រៅ និងពង្រឹងការយល់ដឹងអំពី GEDSI ក្នុងអំឡុងពេលអនុវត្តសកម្មភាព។ វគ្គពិភាក្សាតាមក្រុមតូចៗ បានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកចូលរួមក្នុងការអនុវត្តការបង្ហាញខ្លឹមសារស្របតាមសៀវភៅណែនាំ ដោយមានការគាំទ្រអំពីបច្ចេកទេសសម្របសម្រួលដែលរៀបចំឡើងដើម្បីបង្កើនការចូលរួម និងកសាងទំនុកចិត្ត។

នៅក្នុងសុន្ទរកថាបើក លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលរំលឹកនេះ ដើម្បីលើកកម្ពស់សេវាប្រកបដោយបរិយាបន្ន សមធម៌ និងការឆ្លើយតបសម្រាប់សហគមន៍នានាទូទាំងប្រទេសកម្ពុជា ជាពិសេសស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជនមានពិការភាព សហគមន៍ជនជាតិដើមភាគតិច និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

លោក Sasha Cigljarevic អនុប្រធានក្រុមការងារកម្មវិធី ACCESS 2 នៅក្នុងសុន្ទរកថាបិទ បានគូសបញ្ជាក់ថា ស្ត្រីជនមានពិការភាព ជនជាតិដើមភាគតិច និងបុគ្គល LGBTQI+ គឺជាមនុស្សពិតប្រាកដនៅក្នុងសហគមន៍ពិតប្រាកដ ដែលពឹងផ្អែកលើគុណភាព និងបរិយាបន្ននៃសេវាដែលផ្តល់ជូនពួកគាត់។ លោកបានកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពរបស់ក្រសួងកិច្ចការនារី ក្នុងការជំរុញរបៀបវារៈ GEDSI នៅក្នុងរបៀបវារៈអភិវឌ្ឍន៍សង្គមរបស់កម្ពុជា។ លោក Sasha បានសម្តែងការកោតសរសើរដោយស្មោះចំពោះគ្រូសម្របសម្រួលនៃក្រសួងកិច្ចការនារី ក្រុមការងារ GBV របស់កម្មវិធី ACCESS 2  និងទីប្រឹក្សាផ្នែក LGBTQI+ សម្រាប់ពេលវេលាដ៏មានតម្លៃក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ។

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បានគាំទ្រវគ្គបណ្តុះបណ្តាលរំលឹកនេះ និងរបៀបវារៈពង្រឹងសមត្ថភាព GEDSI ឱ្យកាន់តែទូលំទូលាយដែលដឹកនាំដោយក្រសួងកិច្ចការនារី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសអូស្ត្រាលី ចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសមធម៌នៅក្នុងប្រទេសកម្ពុជា៕