សិក្ខាសាលាឆ្លុះបញ្ចាំង និងរៀនសូត្រ ប្រមូលមតិយោបល់ ដើម្បីពង្រឹងលទ្ធផលកម្មវិធី
រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 កំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណភាពសេវា ភាពងាយស្រួលក្នុងការទទួលបានសេវា និងសេវាប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព និងអ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្មវិធី ACCESS 2 បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងរៀនសូត្រ ដែលរៀបចំឡើងពីរដងក្នុងមួយឆ្នាំ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមការងារ ACCESS 2 ដើម្បីពិនិត្យពីវឌ្ឍនភាពរបស់កម្មវិធី កំណត់សមិទ្ធផលសំខាន់ៗ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅការសម្រេចបាននូវលទ្ធផលពាក់កណ្តាលកម្មវិធី ACCESS 2។ សិក្ខាសាលានេះ ដឹកនាំសម្របសម្រួលដោយក្រុមការងារផ្នែកតាមដាន វាយតម្លៃ និងរៀនសូត្រ (MEL) ដែលផ្តល់ជាវេទិកាដែលមានសកម្មភាពរស់រវើកសម្រាប់ការឆ្លុះបញ្ចាំង និងការសិក្សារៀនសូត្ររួមគ្នា។ សិក្ខាសាលាបានផ្តល់ជាឱកាសដ៏មានតម្លៃដល់ក្រុមការងារ ក្នុងការពិភាក្សាអំពីការអនុវត្តការងារប្រចាំថ្ងៃ ពិនិត្យមើលភស្តុតាង ចែករំលែកបទពិសោធន៍ដែលរៀនសូត្របាន និងឆ្លុះបញ្ចាំងរួមគ្នាលើសមិទ្ធផលក្នុងឆ្នាំទី៣កន្លងមក ព្រមទាំងកំណត់សកម្មភាពអាទិភាពថ្មីៗសម្រាប់ការអនុវត្តក្នុងឆ្នាំទី៤។ ក្នុងអំឡុងពេលសិក្ខាសាលា អ្នកចូលរួមបាន៖ ឆ្លុះបញ្ចាំងអំពីក្ដីសង្ឃឹម និងសកម្មភាពអាទិភាពដែលបានកំណត់កន្លងមក។ បង្កើតការយល់ដឹងរួមអំពីសមិទ្ធផលសំខាន់ៗក្នុងឆ្នាំទី៣ លទ្ធផលដែលកំពុងតែហុចផល និងផ្នែកដែលត្រូវការការយកចិត្តទុកដាក់បន្ថែម ឬភស្តុតាងគាំទ្ររឹងមាំជាងមុន។ កំណត់បាននូវភស្តុតាងច្បាស់លាស់ដែលបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកលទ្ធផលកណ្តាលកម្មវិធី ACCESS 2 រួមទាំងការយល់ដឹងថាតើអ្នកណាខ្លះបានទទួលផល និងរបៀបដែល ACCESS 2 បានរួមចំណែកដល់ការផ្លាស់ប្តូរទាំងនោះ។ វាយតម្លៃពីនិរន្តរភាពនៃលទ្ធផលដែលសម្រេចបាន ការផ្លាស់ប្តូរក្នុងប្រព័ន្ធ និងវិធីសាស្ត្រអនុវត្តកម្មវិធី។ ឯកភាពលើអាទិភាពជាក់ស្តែង ការទទួលខុសត្រូវ និងជំហានបន្ទាប់សម្រាប់ការអនុវត្តក្នុងឆ្នាំទី៤។ សិក្ខាសាលាបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមគ្នាលើសកម្មភាពអាទិភាព និងការត្រៀមខ្លួនសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំទី៤។ ក្រុមការងារ ACCESS 2 នៅតែបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ ដើម្បីធានាថា សកម្មភាពនានារបស់កម្មវិធីរួមចំណែកដល់ការសម្រេចបាននូវលទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធី និងគោលដៅរួមរបស់ ACCESS 2៖ ត្រឹមឆ្នាំ២០២៨ អ្នកផ្តល់សេវាដែលត្រូវបានជ្រើសរើស នឹងផ្តល់សេវាដែលមានគុណភាពកាន់តែប្រសើរឡើងសម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ទៅដល់ប្រជាពលរដ្ឋកាន់តែច្រើននៅក្នុងខេត្តគោលដៅ។ ត្រឹមឆ្នាំ២០២៨ ដំណើរការរៀបចំគោលនយោបាយ និងផែនការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលត្រូវបានជ្រើសរើស នឹងឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងអាទិភាពរបស់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ...


