អូស្ត្រាលីពង្រីកការគាំទ្រសេវាស្តារលទ្ធភាពពលកម្ម តាមរយៈការផ្តល់បរិក្ខារព្យាបាលដោយចលនា

រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 កំពុងពង្រីកការគាំទ្ររបស់ខ្លួនដល់សេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា តាមរយៈការពង្រឹងផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ (Hospital-Based Rehabilitation Units – HBRUs) រួមមាន សេវាសេវាអវយវៈសិប្បនិម្មិត និងរណប (Prosthetics and Orthotics – PO) សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា (Speech Therapy) និងសេវាព្យាបាលដោយចលនា (Physiotherapy) នៅតាមមន្ទីរពេទ្យបង្អែកខេត្ត។

ថ្មីៗនេះ រាជរដ្ឋាភិបាលអូស្ត្រាលីបានប្រគល់បរិក្ខារព្យាបាលដោយចលនាបន្ថែមដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការប្រគល់នេះធ្វើឡើងបន្ទាប់ពីការប្រគល់លើកដំបូងកាលពីខែមករា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាស្តារលទ្ធភាពពលកម្មដែលកំពុងកើនឡើង។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ អតិថិជនសរុបចំនួន២,៨៧១នាក់ បានទទួលសេវាព្យាបាលដោយចលនានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលកើនឡើង៤០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលអូស្ត្រាលីបានប្រគល់បរិក្ខារព្យាបាលដោយចលនាដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះក្នុងខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងសេវាស្តារលទ្ធភាពពលកម្មបន្ថែមទៀត និងលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញ។ យើងនឹងបន្តពង្រីកការគាំទ្រទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦។

តាមរយៈកម្មវិធី ACCESS 2 និងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ខ្លួន រួមមាន Exceed Worldwide OIC Cambodia HI និងមន្ទីរពេទ្យបង្អែកខេត្តនានា រាជរដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រការបង្កើតផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ ដែលផ្តល់សេវាអវយវសិប្បនិម្មិត និងរណបនៅឆ្នាំ២០២៤ ព្រមទាំងសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា នៅដើមឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

បន្ថែមពីនេះ ផ្នែកព្យាបាលដោយចលនាមួយត្រូវបានបង្កើតឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅពាក់កណ្តាលឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមទាំងនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មដ៏ទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តក្រចេះ និងបណ្តាខេត្តជុំវិញ។

ការប្រគល់បរិក្ខារព្យាបាលដោយចលនានេះនឹងជួយពង្រឹងសេវាស្តារលទ្ធភាពពលកម្ម និងបង្កើនលទ្ធភាពទទួលបានសេវាថែទាំប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋដែលកំពុងស្តារសុខភាពពីការរងរបួស ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺមិនឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពដែលទាក់ទងនឹងវ័យចាស់។ បរិក្ខារទាំងនេះក៏នឹងជួយពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល និងធានាថា សេវាស្តារលទ្ធភាពពលកម្មអាចផ្តល់ជូនដល់អ្នកដែលត្រូវការសេវាទាំងនេះបំផុត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអូស្ត្រាលីក្នុងការគាំទ្រប្រទេសកម្ពុជា ក្នុងការកសាងប្រព័ន្ធស្តារនីតិសម្បទាដែលអាចទទួលបានដោយងាយស្រួល ប្រកបដោយបរិយាបន្ន ភាពធន់ និងផ្តោតលើតម្រូវការរបស់ប្រជាជនជាចម្បង។

ការគាំទ្រនេះក៏ជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាលអូស្ត្រាលី ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្ម នៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងពិធីប្រគល់បរិក្ខារព្យាបាលដោយចលនានាពេលថ្មីៗនេះនៅខេត្តក្រចេះ ឯកឧត្តមវេជ្ជបណ្ឌិត ងូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 បានសម្តែងនូវការកោតសរសើរចំពោះភាពជាដៃគូដ៏មានតម្លៃ និងការគាំទ្រជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលអូស្ត្រាលី ក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលរបស់កម្ពុជា៕