ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ មានសារៈសំខាន់ណាស់ក្នុងការធានាថា គោលនយោបាយ និងផែនការសកម្មភាពថ្នាក់ជាតិ ពិតជាអាចបម្រើដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងជនមានពិការភាព។ ដើម្បីពិនិត្យមើលការផ្តល់សេវានេះតាមរយៈការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ និងភាពជាម្ចាស់របស់មូលដ្ឋាន សមាជិកជាន់ខ្ពស់នៃគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦។
ដំណើរទស្សនកិច្ចនេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ បានឃើញដោយផ្ទាល់នូវសកម្មភាព និងសមិទ្ធផលពិតប្រាកដនៅទីតាំងគម្រោង ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវាបានផ្តល់នូវវេទិកាដ៏សំខាន់មួយក្នុងការស្តាប់នូវបញ្ហាប្រឈមផ្ទាល់ខ្លួនដែលសហគមន៍ និងអ្នកផ្តល់សេវាដែលមាន ។
កិច្ចសន្ទនាដោយផ្ទាល់រវាងអ្នកធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អំពីតថភាពនៃការផ្តល់សេវាក្នុងមូលដ្ឋានសម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីសមិទ្ធផលជាក់ស្តែង និងវឌ្ឍនភាពនៃកម្មវិធី ACCESS 2។ ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវទស្សនៈស៊ីជម្រៅ បញ្ហាប្រឈមនៅថ្នាក់មូលដ្ឋាន និងតម្រូវការដែលកំពុងវិវត្តរបស់សហគមន៍។ ទស្សនៈទាំងនេះនឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការតម្រង់ទិស និងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនានានាពេលអនាគត។
លោកស្រី Tegan Park លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអូស្ត្រាលី ចំពោះភាពជាអ្នកដឹកនាំក្នុងមូលដ្ឋានក្នុងការលើកកម្ពស់សមភាពយេនឌ័រ សេវាស្តារលទ្ធភាពពលកម្ម និងបរិយាបន្នពិការភាព។ លោកស្រីបានកត់សម្គាល់ថា ការយល់ដឹង និងកិច្ចសន្ទនាពីការចុះជួបផ្ទាល់នេះ នឹងបម្រើជាសសរស្តម្ភគ្រឹះសម្រាប់ការអនុម័តផែនការសកម្មភាពនាពេលអនាគត នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 លើកទី៣ខាងមុខនេះ។
លោកជំទាវ គា សុភូ អភិបាលរងនៃអណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លៃងអំណរគុណចំពោះភាពជាដៃគូនេះ ដោយបានហៅដំណើរទស្សនកិច្ចនេះថា ជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអូស្ត្រាលី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបរិយាបន្នសង្គម។
តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកទទួលផល គណៈកម្មាធិការតម្រង់ទិសកម្មវិធី ACCESS 2 បានពង្រឹងបន្ថែមទៀតនូវសារៈសំខាន់នៃវិធីសាស្ត្របរិយាបន្ន ដែលដឹកនាំដោយមូលដ្ឋានផ្ទាល់។
តាមរយៈកម្មវិធី ACCESS 2 រដ្ឋាភិបាលអូស្ត្រាលីធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រើប្រាស់ការយល់ដឹងពីការចុះអនុវត្តផ្ទាល់ទាំងនេះ ដើម្បីពង្រឹងការសម្របសម្រួល ដោះស្រាយចន្លោះប្រហោងជាប្រព័ន្ធ និងធានាបាននូវវឌ្ឍនភាពប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព៕










