កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ អង្គការ OIC Cambodia រួមជាមួយ ACCESS 2 បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នេះគឺជាលើកទី២នៃការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ អង្គការ OIC Cambodia នូវសេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ដោយ ដែលការសម្ពោធដាក់ឱ្យប្រើប្រាស់លើកទី១ គឺធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះកាលពីខែមករា ឆ្នាំ២០២៦។
តម្រូវការសម្រាប់សេវាស្តារលទ្ធភាពពលកម្មនៅកម្ពុជា រួមទាំងការព្យាបាលការនិយាយ និងភាសា នៅតែបន្តកើនឡើង ដែលបណ្តាលមកពីជំងឺមិនឆ្លង (NCD) ដូចជាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងស្ថានភាពសុខភាពផ្សេងៗទៀត រួមទាំងកុមារដែលមានអូទីហ្សឹម និងការលំបាកក្នុងការប្រាស្រ័យទាក់ទង។ ការព្យាបាលការប្រាស្រ័យទាក់ទង និងភាសា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជាសះស្បើយ ការទំនាក់ទំនង ឯករាជ្យភាព និងគុណភាពជីវិតសម្រាប់ទាំងមនុស្សពេញវ័យ និងកុមារ។
ការដាក់ឱ្យដំណើរការសេវាព្យាបាលដោយការប្រាស្រ័យទាក់ទង និងភាសា នឹងអនុញ្ញាតឱ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺផ្តល់ការថែទាំកាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន ដោយផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នៅក្នុងខេត្តនេះ ព្រមទាំងគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការគ្របដណ្តប់សុខភាពជាសកល (UHC) នៅឆ្នាំ២០៣៥។
លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់អង្គការ OIC និងកម្មវិធី ACCESS 2 ចំពោះការគាំទ្រនេះ ដោយបានមានប្រសាសន៍ថា៖ «ការព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ជួយកុមារឱ្យយកឈ្នះលើការលំបាកនានាក្នុងការទំនាក់ទំនង។ នៅក្នុងបន្ទប់ការប្រាស្រ័យទាក់ទង និងភាសានេះ ឪពុកម្តាយនឹងទទួលបានចំណេះដឹងជាក់ស្តែងអំពីរបៀបជួយកូនៗរបស់គាត់ក្នុងការទំនាក់ទំនង»។
បន្ទប់ការប្រាស្រ័យទាក់ទ និងគាំទ្រភាសានេះ បង្កើតឡើងដោយផ្អែកលើកិច្ចសហការយ៉ាងរឹងមាំរបស់កម្មវិធី ACCESS 2 ជាមួយក្រសួងសុខាភិបាល ដែលបានចាប់ផ្តើមជាមួយនឹងការបង្កើតផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅមន្ទីរពេទ្យក្នុងខែតុលា ឆ្នាំ២០២៤។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា។ សេវាស្តារលទ្ធភាពពលកម្មដំបូង និងមានគុណភាពត្រូវបានបង្ហាញឱ្យឃើញថាអាចកាត់បន្ថយការស្នាក់នៅមន្ទីរពេទ្យ ការពារឧបសគ្គនានា និងធ្វើឱ្យលទ្ធផលសុខភាពរយៈពេលវែងកាន់តែប្រសើរ។
ACCESS 2 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកំពង់ស្ពឺ ចំពោះភាពជាអ្នកដឹកនាំ និងភាពជាដៃគូជាបន្តបន្ទាប់ក្នុងការផ្តល់ជូនបុគ្គលិកមន្ទីរពេទ្យ និងកន្លែងសម្រាប់សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសានេះ។
ACCESS 2 ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងមូលដ្ឋានសុខាភិបាលនានា នៅតែប្តេជ្ញាធានាថាសេវាស្តារលទ្ធភាពពលកម្មអាចចូលដំណើរការបាន មានតម្លៃសមរម្យដោយគ្មានការលំបាកផ្នែកហិរញ្ញវត្ថុ និងរួមបញ្ចូលនៅក្នុងប្រព័ន្ធសុខាភិបាលជាតិ។
យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីចំពោះការគាំទ្រចំពោះការអភិវឌ្ឍសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រទេសកម្ពុជា រួមទាំងការព្យាបាលការប្រាស្រ័យទាក់ទង និងភាសា ការព្យាបាលដោយចលនា ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយនៅទូទាំងមន្ទីរពេទ្យជាច្រើន៕







