ពង្រឹងភាពជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន ដើម្បីជំរុញសកម្មភាពប្រកបដោយបរិយាបន្ននៅទូទាំងប្រទេសកម្ពុជា

អភិបាលកិច្ចមូលដ្ឋាន និងបរិយាបន្នសង្គម គឺដើរទន្ទឹមគ្នា។ បន្ទាប់ពីបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអភិវឌ្ឍជំនាញសមត្ថភាពដល់គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCCs) នៃខេត្តគោលដៅរបស់កម្មវិធី ACCESS 2 (សៀមរាប កំពង់ស្ពឺ កំពង់ចាម និងរតនគិរី) នៅខេត្តកំពត កាលពីខែមីនា ឆ្នាំ២០២៦ សិក្ខាកាមភាគច្រើនបានក្លាយជាគ្រូបង្គោលប្រចាំខេត្តរបស់ខ្លួន។ គ្រូបង្គោលទាំងនេះកំពុងបន្តចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលជំនាញជាក់ស្តែងលើភាពជាអ្នកដឹកនាំ ការសម្របសម្រួល ការចរចា និងការសហការដល់មន្ត្រីថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពប្រកបដោយនិរន្តរភាព និងការអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយមានការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធី ACCESS 2 បានគាំទ្រ PCCs ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍជំនាញសមត្ថភាព នៅខេត្តគោលដៅ។ អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន សិក្ខាកាមនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក ថ្នាក់ដឹកនាំមកពីរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនៅថ្នាក់ខេត្ត រដ្ឋបាលស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមថ្នាក់ស្រុក ដើម្បីគាំទ្រដល់ឃុំ/សង្កាត់ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ និងអង្គការតំណាងជនមានពិការភាព។

គោលបំណងយុទ្ធសាស្ត្រពីរ រួមចំណែកបង្កើតឱ្យមានផលជះយូរអង្វែង

គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដោយផ្តោតលើគោលបំណងស្នូលពីរដែលមានភាពជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ៖

១. ពង្រឹងជំនាញវិជ្ជាជីវៈជាក់ស្តែង

អ្នកចូលរួមទទួលបានឧបករណ៍ និងចំណេះដឹងដែលអាចយកទៅអនុវត្តបានដោយផ្ទាល់ ដូចជា ការសរសេរឯកសារទស្សនទាន និងសំណើគម្រោង បច្ចេកទេសបញ្ចុះបញ្ចូល ការចរចា ការសម្របសម្រួល ការចងក្រងករណីសិក្សា យុទ្ធសាស្ត្រទំនាក់ទំនង និងការកៀគរធនធាន។

២. បញ្ចូលគោលការណ៍ GEDSI ទៅក្នុងការអនុវត្ត

គោលគំនិតស្តីពី សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ត្រូវបានបញ្ចូលទៅក្នុងគ្រប់មេរៀនបណ្តុះបណ្តាល ដើម្បីភ្ជាប់ចំណេះដឹងបច្ចេកទេសទៅនឹងការអនុវត្តគោលនយោបាយជាក់ស្តែង។

តាមរយៈការផ្តល់ជំនាញលើការចរចាបែបបញ្ចុះបញ្ចូល ការសរសេរសំណើគម្រោង និងការយល់ដឹងច្បាស់លាស់អំពី GEDSI វគ្គបណ្តុះបណ្តាលនេះបានផ្តល់អំណាចដល់ថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ឱ្យអាចផ្តល់អាទិភាព និងបែងចែកថវិកាសម្រាប់សេវាសង្គមនៅថ្នាក់ក្រោមជាតិបន្ថែមទៀតទៅកាន់គំនិតផ្តួចផ្តើម GEDSI ប្រកបដោយនីរន្តរភាព។

វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនៅក្នុងខេត្តនីមួយៗ មានគោលបំណងពង្រឹងជំនាញរបស់អ្នកចូលរួមក្នុងការបញ្ចុះបញ្ចូល ការសម្របសម្រួល ការចរចា ការសរសេរសំណើ និងករណីសិក្សា ការកៀរគរធនធាន ការទំនាក់ទំនង និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយយុទ្ធសាស្ត្រ។

តាមរយៈលំហាត់អនុវត្តជាក់ស្តែង ការពិភាក្សាជាក្រុម និងសកម្មភាពសម្តែងតួ អ្នកចូលរួមទទួលបានឧបករណ៍សំខាន់ៗសម្រាប់ការពង្រឹងការសម្របសម្រួល ការចងក្រងឯកសារអំពីផលជះវិជ្ជមានសង្គម និងការគាំទ្រកម្មវិធីសង្គមប្រកបដោយបរិយាបន្ន ស្របតាមគោលដៅនៃការធ្វើមូលដ្ឋានីយកម្ម (Localisation) និង GEDSI របស់ ACCESS 2។

តាមរយៈការរៀនសូត្របែបចូលរួម កិច្ចពិភាក្សាលើស្ថានភាពជាក់ស្តែង និងការសម្តែងតួ អ្នកចូលរួមបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវសមត្ថភាពបច្ចេកទេសរបស់ពួកគេ៖

  • ពិន្ទុតេស្តវាស់ស្ទង់ចំណេះដឹងមុន និងក្រោយវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ចាម បានកើនពី៤០% ឡើងដល់៩១%។ នៅខេត្តសៀមរាប កើនពី៣១% ទៅ៨៥% ។ នៅខេត្តរតនគិរី កើនពី៥០% ទៅ៧៦% ។ រីឯនៅខេត្តកំពង់ស្ពឺ កើនពី៤៥% ទៅ៦៥%។

ថ្នាក់ដឹកនាំ និងអ្នកចូលរួមនៅតាមបណ្តាខេត្តបានលើកឡើងពីសារៈសំខាន់ និងតម្លៃជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តក្នុងការយកចំណេះដឹងទៅអនុវត្ត។

ឯកឧត្តម ណាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ «សិក្ខាកាមរបស់យើងឥឡូវនេះមានឧបករណ៍ និងជំនាញចាំបាច់ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ពួកគេនៅកន្លែងការងារ»។

លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានចែករំលែកថា៖ «ឧបករណ៍ និងចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យមន្ត្រីអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល»។

លោកជំទាវ ញ៉ាន ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរីក៏បានថ្លែងដែរថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ ACCESS 2 ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ស្របពេលជាមួយនឹងការរៀបចំផែនការការងារ និងថវិការបស់យើង។ យើងរំពឹងថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកលើកកម្ពស់គុណភាពឯកសារផែនការថវិការបស់យើង»។

លោក ប៊ូ ប៊ុនថា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខេត្តកំពង់ស្ពឺ​ បាននិយាយថា៖ «ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទទាំងអស់ដែលបានបង្ហាញ ពីព្រោះប្រធានបទនីមួយៗសុទ្ធតែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការងារប្រចាំថ្ងៃរបស់យើង។ ខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកឧបករណ៍ និងចំណេះដឹងទាំងនេះទៅអនុវត្ត ដើម្បីកែលម្អសេវារបស់យើង»។

លោកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែង ខេត្តរតនគិរី បានចែករំលែកថា៖ «វគ្គបណ្តុះបណ្តាលនេះមានតម្លៃយ៉ាងខ្លាំង និងបានផ្តល់ជំនាញជាក់ស្តែងដែលខ្ញុំអាចយកទៅអនុវត្តក្នុងការងារ និងទំនួលខុសត្រូវប្រចាំថ្ងៃរបស់ខ្ញុំ»។

តាមរយៈការបញ្ចូលគ្នារវាងជំនាញស្នូលនៃភាពជាអ្នកដឹកនាំ និងការស្វែងរកការគាំទ្រមតិសម្រាប់ GEDSI កម្មវិធី ACCESS 2 កំពុងពង្រឹងភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាន ដើម្បីធានាថា ថវិកានៅថ្នាក់ក្រោមជាតិត្រូវបានបំលែងទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង ប្រកបដោយបរិយាបន្ន សម្រាប់សហគមន៍នៅទូទាំងប្រទេសកម្ពុជា៕