តាមរយៈកម្មវិធី ACCESS 2 រាជរដ្ឋាភិបាលអូស្ត្រាលីបន្តគាំទ្រភាពជាអ្នកដឹកនាំតាមរយៈយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបរិយាបន្នជនមានពិការភាពទូទាំងប្រទេស។ ខណៈដែលកម្មវិធី ACCESS 2 ឈានចូលដល់ឆ្នាំទី៤ គំនិតផ្តួចផ្តើមនេះកំពុងបង្កើនការផ្តោតលើនិរន្តរភាពរយៈពេលវែង ដោយផ្លាស់ប្ដូរពីសកម្មភាពរបស់កម្មវិធីទៅជាការបញ្ចូលប្រព័ន្ធដែលមានភាពរឹងមាំដោយផ្ទាល់ទៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃសមិទ្ធផលក្នុងឆ្នាំទី៣ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំទី៤ កិច្ចប្រជុំការងារផ្នែកបរិយាបន្នជនមានពិការភាពរបស់កម្មវិធី ACCESS 2 ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG) ដែលបានបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំរបស់ជាតិក្នុងការជំរុញរបៀបវារៈនេះ។
អ្នកចូលរួមកិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវវឌ្ឍនភាពក្រោមផែនការការងារប្រចាំឆ្នាំទី៣ (ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦) ដោយឆ្លុះបញ្ចាំងពីមេរៀនសំខាន់ៗដែលរៀនសូត្របាន និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្ត ដើម្បីកែលម្អយុទ្ធសាស្ត្រសម្រាប់អនាគត។ ចំណុចសំខាន់នៃកិច្ចពិភាក្សាគឺការសម្របសម្រួលសកម្មភាពរបស់ក្រុមការងារឱ្យស្របទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសមធម៌សុខភាព និងនីតិសម្បទាជនមានពិការភាពក្នុងវិស័យសុខាភិបាល (២០២៦-២០៣៥) និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពទី៣ (NDSP3)។ ក្របខ័ណ្ឌជាតិទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើឱ្យសេវាសាធារណៈមានលក្ខណៈបរិយាបន្ន និងសម្រាប់ការបង្កើតផលជះវិជ្ជមានសម្រាប់គោលនយោបាយ។
កិច្ចប្រជុំនេះបានប្រមូលផ្តុំតួអង្គសំខាន់ៗពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ រួមមានអាជ្ញាធររដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអនុវត្តយុទ្ធសាស្ត្រ (SIPs) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP)។ តំណាងមកពីស្ថាប័ននានាបានចែករំលែកព័ត៌មានបច្ចេកទេសអំពីការពង្រីកកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងការជំរុញយន្តការនវានុវត្តន៍នៅថ្នាក់ក្រោមជាតិ។ អាទិភាពសំខាន់ៗសម្រាប់ឆ្នាំទី៤ រួមមាន៖
ថវិកាបរិយាបន្នឌីជីថល (Digital Inclusive Budget)៖ ការបញ្ចូលយន្តការរៀបចំផែនការ និងថវិកាប្រកបដោយបរិយាបន្នជនមានពិការភាពទៅក្នុងដំណើរការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់ជាប្រចាំ។
គំនិតផ្តួចផ្តើមបរិយាបន្នដែលឆ្លើយតបតាមតម្រូវការ (Tailored Inclusion Initiatives)៖ ការពង្រីកគំរូគាំពារសង្គមដែលផ្តោតលើក្រុមគោលដៅជាក់លាក់ ដូចជាគំនិតផ្តួចផ្តើមកញ្ចប់គ្រួសារសម្រាប់ជនជាតិដើមភាគតិចដែលមានពិការភាព និង
ការបង្កលក្ខណៈងាយស្រួលក្នុងការចូលប្រើប្រាស់សេវាសង្គមនៅមូលដ្ឋាន (Local Accessibility & Social Services)៖ ការពង្រីកការវាយតម្លៃភាពងាយស្រួលក្នុងការចូលប្រើប្រាស់ដោយការចូលរួមនៅថ្នាក់មូលដ្ឋាន និងការលើកកម្ពស់ការទទួលបានសេវាគាំពារសង្គមដោយផ្ទាល់។
ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃ DAC-SG បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរសំខាន់ពីការរៀបចំគោលនយោបាយទៅកាន់ការអនុវត្តប្រកបដោយនិរន្តរភាព និងដឹកនាំដោយមូលដ្ឋាន៖
«ក្នុងនាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងដោយមានភាពជាដៃគូ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការតំណាងជនមានពិការភាព (OPDs) យើងនឹងបន្តធ្វើការដើម្បីបំលែងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយដែលមានស្រាប់ទៅជាសកម្មភាពជាក់ស្តែង។ នេះរួមមានការលើកកម្ពស់គុណភាពសេវា ការធានាការទទួលបានសេវាគាំទ្រចាំបាច់ និងការពង្រឹងការចូលរួមប្រកបដោយអត្ថន័យរបស់ OPDs ក្នុងការអភិវឌ្ឍ និងអនុវត្តគោលនយោបាយ«។
ដោយបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តជាបន្តរបស់អូស្ត្រាលី លោកស្រី ហ៊ែល សុធារតន៍ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងស្ថាប័ន និងអង្គការនៅថ្នាក់មូលដ្ឋានថា៖
«ខណៈដែលកម្មវិធី ACCESS 2 ឈានចូលដល់ឆ្នាំទី៤ អូស្ត្រាលីនៅតែបន្តប្តេជ្ញាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញបរិយាបន្នជនមានពិការភាព ពង្រឹងអង្គការតំណាងជនមានពិការភាព (OPDs) និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាចាំបាច់ រួមទាំងកិច្ចគាំពារសង្គម និងសេវាថែទាំសុខាភិបាល។ យើងនឹងបន្តគាំទ្រការចូលរួមរបស់ជនមានពិការភាពក្នុងដំណើរការអភិវឌ្ឍគោលនយោបាយ និងការធ្វើសេចក្តីសម្រេចដែលនាំឱ្យមានផលជះវិជ្ជមានដល់ជីវិតរបស់ពួកគេ ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ»។
ក្នុងការបិទកិច្ចប្រជុំ លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានបង្ហាញអំពីជំហានអនុវត្តជាក់ស្តែងសំខាន់ៗសម្រាប់ពេលខាងមុខ។ ជំហានទាំងនេះនឹងត្រូវបានបន្តអនុវត្តតាមរយៈកិច្ចប្រជុំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត និងកិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលកម្មវិធី ACCESS 2 នាពេលខាងមុខ ដើម្បីធានាថាភាពជាម្ចាស់នៅថ្នាក់មូលដ្ឋាននៅតែជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពឆ្ពោះទៅរកកម្ពុជាប្រកបដោយបរិយាបន្នពេញលេញ៕








