កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ក្រោមកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាសម្រាប់ការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានរៀបចំសិក្ខាសាលាសហប្រតិបត្តិការ ស្តីពីការរៀបចំផែនការសកម្មភាពរួម ដើម្បីបង្កើតផែនការការងារប្រចាំឆ្នាំ ២០២៦-២៧។
សិក្ខាសាលានេះបានអញ្ជើញតំណាងមកពីក្រសួងកិច្ចការនារី (MoWA) មន្ទីរកិច្ចការនារីខេត្ត (PDoWAs) ដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) និង ACCESS 2 ដើម្បីពិនិត្យពីវឌ្ឍនភាព ចែករំលែកមេរៀនដែលបានរៀនសូត្រ និងបន្សីអាទិភាពសម្រាប់ឆ្នាំទីបួនខាងមុខរបស់កម្មវិធី។
កម្មវិធី ACCESS 2 ដែលមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី (MoWA) មន្ទីរកិច្ចការនារីខេត្ត និង SIPs ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីពង្រឹងសេវាទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅទូទាំងខេត្តគោលដៅចំនួនបួន។ សមិទ្ធផលសំខាន់ៗរួមមាន ការកសាងសមត្ថភាព ការគាំទ្រការគ្រប់គ្រងករណី ការផ្តល់សេវាផ្តោតលើជនរងគ្រោះជាអាទិភាព និងការសាកល្បងទម្រង់របាយការណ៍ស្តង់ដារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ដោយផ្អែកលើតម្រូវការនេះ សិក្ខាសាលានេះមានគោលបំណងពង្រឹងការសម្របសម្រួលក្នុងចំណោមដៃគូ បង្កើតមធ្យោបាយអនុវត្តសកម្មភាពសម្រាប់ឆ្នាំទីបួន និងធានាថាគោលការណ៍សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ បន្ថែមពីលើការបង្កើតផែនការការងាររួមគ្នា និងការកំណត់វិធីធ្វើការ អ្នកចូលរួមបានទទួលការចែករំលែបទពិសោធពីតំណាងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+)។ ដោយគាត់បានចែករំលែកទស្សនៈចម្រុះ និងបទពិសោធន៍រស់នៅរបស់ពួកគាត់ ព្រមទាំងមានការពិភាក្សាដ៏មានអត្ថន័យលើសារៈសំខាន់នៃភាពចម្រុះ បរិយាបន្ន និងការចូលរួមដោយគោរពទាំងនៅក្នុងកន្លែងធ្វើការ និងជីវិតប្រចាំថ្ងៃ។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះ និងជំរុញផលជះរួម។ លោកជំទាវ បានមានប្រសាសន៍ថា៖ «សិក្ខាសាលានេះផ្តល់នូវវេទិការមួយសម្រាប់ការផ្លាស់ប្តូរបទពិសោធ ពិភាក្សាពីបញ្ហាប្រឈមនៃការអនុវត្តសកម្មភាព និងកំណត់ដំណោះស្រាយដើម្បីធានាបាននូវការអនុវត្តផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព»។
លោកស្រី ហ៊ែល សុធារតន៍ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំពីសំណាក់សមភាគីរដ្ឋាភិបាល និងដៃគូអនុវត្ត។ លោកស្រីបានកត់សម្គាល់ថា៖ «នេះជាឱកាសមួយមិនត្រឹមតែដើម្បីរៀបចំផែនការជាមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងដោយស្មោះ អំពីអ្វីដែលយើងសម្រេចបាន អ្វីដែលយើងបានរៀនសូត្រ និងជាកន្លែងដែលយើងត្រូវសម្របខ្លួនដើម្បីធានាថាកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងមានផលប៉ះជះយូរអង្វែង»។
ជាលទ្ធផលសំខាន់រួមនៃសិក្ខាសាលា គឺផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំទីបួន ដែលសម្រេចបានជាមួយសកម្មភាពអាទិភាព យន្តការសម្របសម្រួលដែលបានពង្រឹង និងសកម្មភាពជាក់ស្តែងដើម្បីអនុវត្តគោលការណ៍ GEDSI។ សិក្ខាសាលានេះក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលអូស្ត្រាលី និងដៃគូរបស់ខ្លួនក្នុងការផ្តល់សេវាប្រកបដោយការសម្របសម្រួល បរិយាបន្ន និងផ្តោតលើជនរងគ្រោះផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅទូទាំងប្រទេសកម្ពុជា៕









