ប្រទេសអូស្ត្រាលីកំពុងគាំទ្រការពង្រីកសេវាថែទាំអ្នកដំបៅជើងទឹកនោមផ្អែម ជាផ្នែកមួយនៃសេវាស្តារលទ្ធភាពពលកម្មនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល ដើម្បីជួយពង្រឹងការឆ្លើយតបរបស់កម្ពុជាចំពោះការកើនឡើងនៃជំងឺមិនឆ្លង។
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី Kate Sangster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាថែទាំអ្នកដំបៅជើងទឹកនោមផ្អែម នៅមន្ទីរពេទ្យបង្អែកជ័យជំនះ។
ការសម្ពោធនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។ សេវាស្តារលទ្ធភាពពលកម្មកំពុងត្រូវបានទទួលស្គាល់កាន់តែខ្លាំងថាជាផ្នែកដ៏ចាំបាច់នៃការថែទាំសុខភាព ជាពិសេសស្របពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការកើនឡើងនៃជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សមត្ថភាពក្នុងការចល័ត ឯករាជ្យភាពក្នុងការរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

តាមរយៈភាពជាដៃគូរវាងកម្មវិធី ACCESS 2 ដែលទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ Exceed Worldwide និងមន្ទីរពេទ្យបង្អែកជ័យជំនះ បានបង្ហាញពីរបៀបដែលសេវាស្តារលទ្ធភាពពលកម្មត្រូវបានបញ្ចូលទៅក្នុងផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅ មន្ទីរពេទ្យ។ វិធីសាស្រ្តនេះអនុញ្ញាតឱ្យអ្នកជំងឺអាចទទួលបានសេវាស្តារលទ្ធភាពពលកម្ម ទទួលបានឧបករណ៍ជំនួយ និងសេវាថែទាំសុខភាពផ្សេងៗទៀតប្រកបដោយការសម្របសម្រួល និងទាន់ពេលវេលា។
ថ្លែងនៅក្នុងសុន្ទរកថានៅក្នុងពិធីសម្ពោធ ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្ពោធនេះថា ជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈកិច្ចសហការដ៏រឹងមាំរវាងក្រសួងសុខាភិបាល រដ្ឋាភិបាលអូស្ត្រាលី កម្មវិធី ACCESS 2 និងអង្គការ Exceed Worldwide។
ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង មានប្រសាសន៍ថា៖ «ការបង្កើតផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ ដែលមានសេវាថែទាំអ្នកជំងឺទឹកនោមផ្អែមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាលជាតិ»។
ឯកឧត្តម វេជ្ជបណ្ឌិត បានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 អង្គការ Exceed Worldwide មន្ទីរសុខាភិបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ ចំពោះភាពជាដៃគូ និងការប្តេជ្ញាចិត្តដ៏រឹងមាំ»។
ថ្លែងក្នុងពិធីនេះដែរ លោកស្រី Kate Sangster បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាគ្រប់រូប។
លោកស្រី Kate Sangster មានប្រសាសន៍បន្ថែមថា៖ «ប្រទេសអូស្ត្រាលីមានមោទនភាពដែលបានក្លាយជាដៃគូយូរអង្វែងក្នុងផ្នែកវិស័យសុខាភិបាលកម្ពុជា»។
តាមរយៈកម្មវិធី ACCESS 2 រដ្ឋាភិបាលអូស្ត្រាលីកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសេវាសុខាភិបាលដែលប្រកបដោយបរិយាបន្ន និរន្តរភាព និងសមធម៌ ជាពិសេសសម្រាប់ជនមានពិការភាព និងប្រជាពលរដ្ឋដទៃទៀតដែលត្រូវការសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍ជំនួយ។
ប្រទេសអូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយបរិយាបន្ន និងលើកកម្ពស់លទ្ធភាពទទួលបានសេវាស្តារលទ្ធភាពពលកម្មដែលមានគុណភាពសម្រាប់ប្រជាជនកម្ពុជា៕








