ការពង្រឹងសមត្ថភាពអ្នកជំនាញជួរមុខ ដើម្បីលើកកម្ពស់គុណភាពសេវាសម្រាប់អ្នកមានកម្សោយក្នុងការស្តាប់ និងអ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ
សម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ការរៀបរាប់ពីបទពិសោធន៍របស់ខ្លួន និងការស្វែងរកយុត្តិធម៌អាចជារឿងលំបាកមួយ។ សម្រាប់ស្ត្រីគថ្លង់ មានការលំបាកក្នុងការប្រាស្រ័យទាក់ទង ឬអ្នកមកពីសហគមន៍ជនជាតិដើមភាគតិច ប្រឈមឧបសគ្គទាំងនេះកាន់តែខ្លាំង ដោយសារការទទួលបានសេវាពីនគរបាល ស្ថាប័នផ្នែកច្បាប់ និងសេវាគាំទ្រផ្សេងៗ ជាញឹកញាប់ត្រូវការអ្នកបកប្រែភាសាសញ្ញា ឬភាសាជនជាតិដើមភាគតិចដែលមានសមត្ថភាព។ ទោះជាយ៉ាងណា ការទទួលបានអ្នកបកប្រែដែលបានទទួលការបណ្តុះបណ្តាលនៅតែមានកម្រិត ជាពិសេសនៅក្នុងបរិបទសេវាច្បាប់ និងសេវាគាំទ្រ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលអូស្ត្រាលីកំពុងវិនិយោគលើការគាំទ្រសេវាបកប្រែ និងសេវាប្រកបដោយបរិយាបន្ន ដើម្បីជួយស្ត្រី និងក្មេងស្រីទាំងមាន និងគ្មានពិការភាព រួមទាំងសហគមន៍ជនជាតិដើមភាគតិច ឱ្យពួកគេអាចទទួលបានការគាំទ្រ អនុវត្តសិទ្ធិរបស់ខ្លួន និងស្វែងរកយុត្តិធម៌។ ថ្មីៗនេះ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី អ្នកបកប្រែភាសាសញ្ញា និងភាសាជនជាតិដើមភាគតិច បានចូលរួមវគ្គបណ្តុះបណ្តាលឯកទេសស្តីពី «ការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ សម្រាប់ការបកប្រែឱ្យអ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ»។ វគ្គបណ្តុះបណ្តាលនេះបានពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ច្បាប់ និងនីតិវិធី ពាក់ព័ន្ធ ព្រមទាំងតួនាទីដ៏សំខាន់របស់អ្នកបកប្រែក្នុងការជួយអ្នកនៅរស់រានមានជីវិតឱ្យទទួលបានព័ត៌មាន ការការពារ និងសេវាគាំទ្រចាំបាច់។ វគ្គបណ្តុះបណ្តាលនេះក៏បានពង្រឹងជំនាញ និងទំនុកចិត្តរបស់អ្នកចូលរួមក្នុងការអនុវត្តការបកប្រែប្រកបដោយវិធីសាស្ត្រផ្តោតលើអ្នកនៅរស់រានមានជីវិតជាស្នូល ដោយគោរពតាមក្រមសីលធម៌ និងស្តង់ដាវិជ្ជាជីវៈ សម្រាប់បរិបទសេវាច្បាប់ និងសេវាគាំទ្រផងដែរ។ ការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ វគ្គបណ្តុះបណ្តាលនេះបានប្រមូលផ្តុំអ្នកបកប្រែភាសាសញ្ញា និងភាសាជនជាតិដើមភាគតិច មន្ត្រីរដ្ឋាភិបាល និងតំណាងអង្គការនានាដែលធ្វើការងារលើការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។ អ្នកចូលរួមបានពង្រឹងការយល់ដឹងរបស់ខ្លួនអំពីយេនឌ័រ ទម្រង់ និងផលប៉ះពាល់ផ្សេងៗនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងតម្រូវការជាក់លាក់របស់អ្នកនៅរស់រានមានជីវិត ជាពិសេសអ្នកដែលប្រឈមនឹងឧបសគ្គបន្ថែមក្នុងការប្រាស្រ័យទាក់ទង និងក្នុងការទទួលបានសេវា។ ពួកគេក៏បានបង្កើនចំណេះដឹងអំពីច្បាប់កម្ពុជា នីតិវិធីច្បាប់ សេវាដែលមានស្រាប់ និងប្រព័ន្ធបញ្ជូនបន្តសម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាទាក់ទងនឹងលើយេនឌ័រ។ វគ្គបណ្តុះបណ្តាលនេះដែរ ក៏បានពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីតួនាទីវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ នៅពេលបកប្រែសម្រាប់អ្នកនៅរស់រានមានជីវិត។ តាមរយៈការពិភាក្សាយ៉ាងផុសផុល និងលំហាត់អនុវត្តជាក់ស្តែង អ្នកចូលរួមបានស្វែងយល់ពីគំរូអនុវត្តល្អៗ និងកំណត់វិធីសាស្ត្រកែលម្អសេវាបកប្រែ និងការគាំទ្រផ្នែកការប្រាស្រ័យទាក់ទងសម្រាប់អ្នកនៅរស់រានមានជីវិតនៅទូទាំងដំណើរការស្វែងរកយុត្តិធម៌ និងការស្ដារឡើងវិញរបស់ពួកគេ។ លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពទាំងអ្នកបកប្រែ និងអ្នកផ្តល់សេវា។ លោកស្រីបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱ្យអ្នកចូលរួមនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីទម្រង់ផ្សេងៗនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ច្បាប់ និងនីតិវិធីច្បាប់ពាក់ព័ន្ធ សេវាគាំទ្រដែលមានស្រាប់ និងប្រព័ន្ធបញ្ជូនបន្ត។...


