ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល (MoH) និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) ក្រុមការងារស្តារលទ្ធភាពពលកម្មរបស់កម្មវិធី ACCESS 2 សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការរួមបញ្ចូលការស្តារលទ្ធភាពពលកម្មទៅក្នុងគោលនយោបាយរបស់ក្រសួងសុខាភិបាល និងការពង្រីកសេវាដែលមានមូលដ្ឋាននៅមន្ទីរពេទ្យទូទាំងប្រទេស ដូចជា អវយវៈសិប្បនិម្មិត និងរណប ឧបករណ៍ជំនួយ ការព្យាបាលដោយចលនា និងការព្យាបាលដោយការនិយាយ។
ដោយផ្អែកលើសមិទ្ធផលទាំងនេះ ផែនការការងារប្រចាំឆ្នាំលើកទី៤ (ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧) ផ្តោតលើការពង្រឹងយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍធនធានផ្នែកស្តារលទ្ធភាពពលកម្មដែលមានជំនាញ។ វាស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងផែនទីបង្ហាញផ្លូវស្តីពីការគ្របដណ្តប់សុខភាពជាសកល (UHC) និងលើកទឹកចិត្តដល់កិច្ចសហការជាមួយកម្មវិធីដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា HEQIP 2 និង ISPH II។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ACCESS 2 បានរៀបចំសិក្ខាសាលាផែនការការងារប្រចាំឆ្នាំលើកទី៤ នៃការងារស្តារលទ្ធភាពពលកម្ម នៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងមកពីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) លេខាធិការដ្ឋាន UHC មូលនិធិជាតិសន្តិសុខសង្គម (NSSF) ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកការស្តារលទ្ធភាពពលកម្មរបស់ ACCESS 2 សមាគមវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ និងតំណាងអ្នកប្រើប្រាស់សេវា។ អ្នកចូលរួមបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម មេរៀនដែលបានរៀន និងកំណត់អាទិភាពសម្រាប់ការពង្រឹងសេវាស្តារលទ្ធភាពពកម្មនៅក្នុងប្រព័ន្ធសុខាភិបាល។ ក្នុងអំឡុងពេលពិភាក្សាជាក្រុម អ្នកចូលរួមបានពិភាក្សាអំពីរបៀបកែលម្អការទទួលបានសេវាស្តារលទ្ធភាពពលកម្មដែលមានគុណភាព ធានាហិរញ្ញប្បទានប្រកបដោយសមធម៌ និងនិរន្តរភាព និងពង្រឹងគន្លងអាជីព តួនាទីដែលបានកំណត់ និងការរៀបចំកិច្ចសន្យាសម្រាប់កម្លាំងពលកម្មស្តារលទ្ធភាពពលកម្ម។
លោកស្រី Tegan Park លេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះវិធីសាស្រ្តដែលផ្តោតលើប្រជាជន និងផ្អែកលើសិទ្ធិ ជាពិសេសសម្រាប់ស្ត្រី ជនមានពិការភាព និងអ្នកដែលរស់នៅតាមទីជនបទ និងតំបន់ដែលខ្វះខាតសេវា។ លោកស្រីក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលឱ្យកាន់តែរឹងមាំដែលបន្សីរវាង ACCESS 2 និងគំនិតផ្តួចផ្តើមផ្សេងទៀតដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី។
ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលអូស្ត្រាលីចំពោះការបន្តភាពជាដៃគូ និងការគាំទ្ររបស់ខ្លួនចំពោះវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្ម។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ សមាគមវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធផ្សេងទៀតចំពោះកិច្ចសហការជាបន្តបន្ទាប់។
លោក ហ៊ិន រ៉ន អ្នកប្រើប្រាស់សេវាស្តារលទ្ធភាពពលកម្មមកពីខេត្តក្រចេះ បានចែករំលែកបទពិសោធន៍របស់គាត់បន្ទាប់ពីបាត់បង់ជើងឆ្វេងក្នុងគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីការវាយតម្លៃលម្អិត គាត់បានទទួលជើងសិប្បនិម្មិត និងការគាំទ្រស្តារលទ្ធភាពពលកម្មនៅផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅមន្ទីរពេទ្យក្នុងខេត្តក្រចេះ ដែលបានជួយគាត់ឱ្យមានការបំលាស់ទីឡើងវិញ និងត្រឡប់ទៅសកម្មភាពប្រចាំថ្ងៃរបស់គាត់វិញ។ គាត់បានសម្តែងការកោតសរសើរចំពោះគុណភាពនៃការថែទាំដែលគាត់ទទួលបាន។
តាមរយៈ ACCESS 2 រដ្ឋាភិបាលអូស្ត្រាលីបន្តវិនិយោគលើសមភាពយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម ដោយធានាបាននូវការទទួលបានសេវាចាំបាច់នានាប្រកបដោយសមធម៌សម្រាប់ទាំងអស់គ្នា៕








