ACCESS 2 អបអរសាទរខែមោទកភាពឆ្នាំ២០២៦៖ អត្តសញ្ញាណយេនឌ័រ និងភាពចម្រុះ

នៅខែមិថុនានេះ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) មានមោទនភាពដែលបានប្រារព្ធខែមោទកភាពឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃបរិយាបន្ន និងការស្វែងរកការគាំទ្រមតិសម្រាប់សមាជិកដែលងាយរងគ្រោះនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) និងលើកទឹកចិត្តដល់សកម្មភាពរួមឆ្ពោះទៅរកសង្គមមួយដែលកាន់តែមានសមធម៌ និងបរិយាបន្ន។

ការប្រារព្ធខែមោទនភាពបានក្លាយជាសកម្មភាពប្រចាំឆ្នាំមួយសម្រាប់ក្រុមការងារ ACCESS 2 ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងចំពោះភាពចម្រុះ សមភាព និងបរិយាបន្ន។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារកម្មវិធី ACCESS 2 បានជួបជុំគ្នាដើម្បីប្រារព្ធខែមោទកភាពតាមរយៈវគ្គចែករំលែក និងការឆ្លុះបញ្ចាំងដែលផ្តោតលើ «អត្តសញ្ញាណយេនឌ័រ និងភាពចម្រុះ»។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ភាពប្រសព្វគ្នា ការទទួលបានសេវាចាំបាច់នានាដោយស្មើភាពគ្នា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងសាមគ្គីភាព ព្រមទាំងភាពជាកម្មសិទ្ធិរបស់ទាំងអស់គ្នា។

ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ACCESS 2 បានអញ្ជើញ សេង សុជាតិ សហប្រធាន និងជាអ្នកសម្របសម្រួលនៃ #LovesisDiversity មកសម្របសម្រួល និងចែករំលែកនូវចំណេះដឹងស្តីពី និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ទំនោរផ្លូវភេទ និងលក្ខណៈភេទ (SOGIESC) ព្រមទាំងវាក្សស័ព្ទនៃប្រើប្រាស់ពាក្យសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកចូលរួមទទួលបានការយល់ដឹងដ៏មានតម្លៃលើគោលគំនិតសំខាន់ៗ រួមទាំងភេទ យេនឌ័រ បទដ្ឋានយេនឌ័រ SOGIESC និងអត្តសញ្ញាណ និងសព្វនាមចម្រុះដែលប្រើក្នុងសហគមន៍ LGBTQI+។ វគ្គនេះក៏បានជួយពង្រឹងការយល់ដឹងបន្ថែមដល់អ្នកចូលរួមអំពីភាពចម្រុះ និងបរិយាបន្ន ព្រមទាំងលើកទឹកចិត្តដល់ការចូលរួមដោយគោរពជាមួយមនុស្សគ្រប់អត្តសញ្ញាណយេនឌ័រ និងទំនោរផ្លូវភេទ។

ក្រុមការងារ ACCESS 2 បានបន្ស៊ីខែមោទកភាពជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសេវា ប្រកបដោយបរិយាបន្ន ដែលរំលេចជាសារសំខាន់គឺ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ មោទកភាព ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីនេះ លើកកម្ពស់ដល់ការទទួលបានសេវាសំខាន់ៗប្រកបដោយសមធម៌សម្រាប់ជនមានពិការភាព ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ សហគមន៍ជនជាតិដើមភាគតិច និង LGBTQI+។ ការប្រារព្ធពិធីនេះក៏រួមចំណែកដល់ការពង្រឹងការប្តេជ្ញាចិត្តរបស់ ACCESS 2 ក្នុងការជំរុញសមភាពយេនឌ័រ ដោយលើកកម្ពស់បរិយាកាសដែលបុគ្គលគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ត្រូវបានប្រព្រឹត្តដោយសេចក្តីថ្លៃថ្នូរ និងបញ្ចេញមតិដោយមានមោទនភាព។

ACCESS 2 ជំរុញការប្តេជ្ញាចិត្តនេះតាមរយៈវិធីសាស្រ្តសំខាន់ៗមួយចំនួនដូចជា៖

  • ការផ្តល់សេវាប្រកបដោយបរិយាបន្ន៖ ធានាថាសេវាផ្នែកស្តារលទ្ធភាពពលកម្ម ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកិច្ចគាំពារសង្គមអាចដំណើរការបាន និងមានបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់ជនមានពិការភាព ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង LGBTQI+។
  • សមភាពនៅកន្លែងធ្វើការ៖ ការលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព គោរព និងបរិយាបន្នសម្រាប់បុគ្គលិក ដៃគូ និងសហគមន៍ដែលយើងផ្តល់សេវា ដែលភាពចម្រុះត្រូវបានឱ្យតម្លៃ ហើយមនុស្សគ្រប់គ្នាត្រូវបានប្រព្រឹត្តដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 នៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើសមភាពយេនឌ័រ និងបរិយាបន្នសង្គមសម្រាប់ទាំងអស់គ្នា។ ការប្តេជ្ញាចិត្តនេះស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាកកម្ពុជា ដើម្បីកសាងសង្គមមួយប្រកបដោយបរិយាបន្ន ដែលមនុស្សគ្រប់គ្នាអាចចូលរួមយ៉ាងពេញលេញ និងស្មើភាពគ្នាក្នុងជីវិតសង្គម និងសេដ្ឋកិច្ច។

តាមរយៈការប្រារព្ធខែមោទកភាព និងលើកកម្ពស់ការយល់ដឹងកាន់តែច្រើនអំពីអត្តសញ្ញាណយេនឌ័រ និងភាពចម្រុះ ACCESS 2 បន្តលើកកម្ពស់បរិយាបន្ន ការគោរព និងភាពជាកម្មសិទ្ធិរបស់ទាំងអស់គ្នា៕