ការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកសមធម៌សុខភាព៖ ការពង្រឹងសេវានីតិសម្បទាឱ្យក្លាយជាផ្នែកមួយនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

ស្របតាមគោលការណ៍នៃការគ្របដណ្តប់សុខភាពជាសកល (UHC) របស់អង្គការសុខភាពពិភពលោក រាជរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី ACCESS 2 កំពុងគាំទ្រការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការងារការស្តារលទ្ធភាពពលកម្មរបស់កម្ពុជា។ កម្មវិធីនេះកំពុងជួយជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការផ្តល់សេវាលទ្ធភាពពលកម្មដែលដឹកនាំដោយវិស័យសុខុមាលភាពសង្គម ទៅកាន់ការពង្រឹង និងពង្រីកជាបណ្តើរៗនៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ក្រសួងសុខាភិបាល (MoH) ដែលត្រូវបានស្គាល់ថាជា ផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋាននៅក្នុងមន្ទីរពេទ្យ (HBRU)។ ការពង្រឹងសេវាស្តារលទ្ធភាពពលកម្មក្រោមក្របខ័ណ្ឌរបស់ក្រសួងសុខាភិបាលធានាថា សេវាទាំងនេះត្រូវបានទទួលស្គាល់ជាផ្នែកសំខាន់ និងជាសេវាសុខាភិបាលមូលដ្ឋាន ដែលផ្តល់ការថែទាំប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ដើម្បីពិនិត្យវឌ្ឍនភាព និងសម្របសម្រួលយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធនេះ កម្មវិធី ACCESS 2 បានរៀបចំកិច្ចប្រជុំក្រុមកការងារផ្នែកស្តារលទ្ធភាពពលកម្មលើកទី៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះសហដឹកនាំដោយតំណាងក្រសួងសុខាភិបាល និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងបានបម្រើជាវេទិកាដ៏សំខាន់មួយសម្រាប់ការបញ្ចូលផ្នែក HBRU ឱ្យបានរឹងមាំនៅក្នុងមណ្ឌលសុខភាពសាធារណៈ និងមន្ទីរពេទ្យ។ អ្នកចូលរួមបានពិនិត្យឡើងវិញនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្រោមផែនការការងារប្រចាំឆ្នាំទី៣ (ខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦) ដោយផ្តោតលើការបញ្ចូលសេវាព្យាបាលដោយចលនា (Physical Therapy) សេវាព្យាបាលការប្រាស្រ័យទាក់ទង និងភាសា សេវាអវយវៈសិប្បនិម្មិត និងរណប (P&O) និងការផ្តល់ឧបករណ៍ជំនួយផ្សេងៗដោយផ្ទាល់ទៅក្នុងប្រតិបត្តិការរបស់មន្ទីរពេទ្យ។ កិច្ចពិភាក្សាបានផ្តោតលើការកសាងគំរូសុខាភិបាលសាធារណៈដែលមានភាពធន់ គាំទ្រដោយហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ការអភិវឌ្ឍធនធានមនុស្ស និងការរួមបញ្ចូលគោលនយោបាយយ៉ាងរឹងមាំ។

កិច្ចប្រជុំនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំសំខាន់ៗក្នុងវិស័យសុខាភិបាលសាធារណៈ និងដៃគូពាក់ព័ន្ធ រួមមានតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធនានារបស់ក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) បេឡាជាតិសន្តិសុខសង្គម (NSSF) មន្ទីរពេទ្យគោលដៅថ្នាក់ជាតិ និងថ្នាក់ខេត្ត (កំពង់ចាម កំពង់ស្ពឺ សៀមរាប និងរតនគិរី) ដៃគូអនុវត្តជាយុទ្ធសាស្ត្រផ្នែកស្តារលទ្ធភាពពលកម្មរបស់ ACCESS 2 អង្គការតំណាងអ្នកប្រើប្រាស់សេវា សមាគមវិជ្ជាជីវៈ រួមទាំងសមាគមព្យាបាលដោយចលនាកម្ពុជា (CPTA) និង CAAPO ព្រមទាំងតំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា GIZ KoFIH និងក្រុមការងារ ACCESS 2។

ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះប្រព័ន្ធនិរន្តរភាព លោកស្រី ហ៊ែល សុធារតន៍ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖

«តាមរយៈកម្មវិធី ACCESS 2 និងគំនិតផ្តួចផ្តើមផ្សេងៗដែលគាំទ្រដោយអូស្ត្រាលី យើងបន្តធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសេវាស្តារលទ្ធភាពពលកម្ម គាំទ្រការអភិវឌ្ឍធនធានមនុស្ស កែលម្អប្រព័ន្ធបញ្ជូនអ្នកជំងឺ និងជំរុញយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព»។

នៅក្នុងមតិយោបល់របស់លោកស្រី វេជ្ជបណ្ឌិត ឡាក់ មួយស៊ាង នាយិកាស្តីទីនៃនាយកដ្ឋានវេជ្ជសាស្ត្របង្ការ ក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរចំពោះការគាំទ្រជាបន្តរបស់អូស្ត្រាលី៖

«ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលី និងកម្មវិធី ACCESS 2 សម្រាប់ការគាំទ្រដ៏រឹងមាំក្នុងការអភិវឌ្ឍសេវាស្តារលទ្ធភាពពលកម្ម និងការលើកកម្ពស់សមធម៌សុខភាពសម្រាប់ប្រជាជនកម្ពុជា និងជនមានពិការភាព។ ខ្ញុំក៏សូមកោតសរសើរដោយស្មោះចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអនុវត្តជាយុទ្ធសាស្ត្រ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្មនៅក្នុងវិស័យសុខាភិបាល»។

កិច្ចប្រជុំបានបញ្ចប់ទៅដោយសុន្ទរថាបិទរបស់ វេជ្ជបណ្ឌិត ហ៊ីម សុក្រី សហដឹកនាំកិច្ចប្រជុំ បានសង្ខេបការពិភាក្សា និងអនុសាសន៍សំខាន់ៗ។ លោកក៏បានលើកឡើងអំពីសកម្មភាពបន្ទាប់ រួមទាំងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលកម្មវិធី ACCESS 2 ផងដែរ។ លោកវេជ្ជបណ្ឌិត ហ៊ីម សុក្រី បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការគាំទ្រជាបន្តក្នុងការពង្រឹងសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាល។ លោកបានគូសបញ្ជាក់ថា ការគាំទ្រនេះបានរួមចំណែកដល់ការលើកកម្ពស់គុណភាព សមធម៌ និងនិរន្តរភាពនៃសេវាស្តារ ដោយធានាបាននូវការទទួលបានសេវាកាន់តែប្រសើរសម្រាប់អ្នកដែលត្រូវការវា និងជំរុញបរិយាបន្នជនមានពិការភាព និងសមធម៌សុខភាពនៅកម្ពុជា។

កំណត់សម្គាល់៖

[1] ផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋានៅក្នុងមន្ទីរពេទ្យ (HBRU) រួមមានការផ្តល់អវយវៈសិប្បនិម្មិត និងរណប ព្រមទាំងឧបករណ៍ជំនួយផ្សេងៗ សេវាការព្យាបាលដោយចលនា និងសេវាព្យាបាលការប្រាស្រ័យទាក់ទងនិងភាសា។ ទោះជាយ៉ាងណា មិនមែនគ្រប់ HBRU ទាំងអស់សុទ្ធតែមានសេវាស្តារលទ្ធភាពពលកម្មគ្រប់ជ្រុងជ្រោយទាំងនេះនៅឡើយទេ។


កំណត់សម្គាល់៖

[1] ផ្នែកស្តារលទ្ធភាពពលកម្មដែលមានមូលដ្ឋានៅក្នុងមន្ទីរពេទ្យ (HBRU) រួមមានការផ្តល់អវយវៈសិប្បនិម្មិត និងរណប ព្រមទាំងឧបករណ៍ជំនួយផ្សេងៗ សេវាការព្យាបាលដោយចលនា និងសេវាព្យាបាលការប្រាស្រ័យទាក់ទងនិងភាសា។ ទោះជាយ៉ាងណា មិនមែនគ្រប់ HBRU ទាំងអស់សុទ្ធតែមានសេវាស្តារលទ្ធភាពពលកម្មគ្រប់ជ្រុងជ្រោយទាំងនេះនៅឡើយទេ។