គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង និងធ្វើការពិនិត្យអំពីសមិទ្ធផល និងហានិភ័យ ក៏ដូចជាតម្រង់ទិសនៃការអនុវត្តផ្សេងៗរបស់កម្មវិធីឱ្យអនុលោមតាមអាទិភាពរបស់ខេត្ត។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ប្រធានក្រុមកម្មវិធី ACCESS 2 បានសហដឹកនាំកិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នៅខេត្តកំពង់ចាម ជាមួយអភិបាលរងខេត្ត។ កិច្ចប្រជុំនេះ បានលើកឡើងពីសេចក្តីសង្ខេបស្តីពីសមិទ្ធផលសំខាន់ៗរបស់កម្មវិធី ACCESS 2 បទបង្ហាញអំពីផែនការសកម្មភាពប្រចាំឆ្នាំ និងកំណត់ចំណុចសក្តានុពលនៃកិច្ចសហការគ្នារវាងវិស័យពាក់ព័ន្ធនៅក្នុងត្រីមាសខាងមុខ។ តំណាងមកពីអជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ជនបង្គោលរបស់ ACCESS 2 និងតំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ផ្តល់នូវអនុសាសន៍លើផែនការសកម្មភាពប្រចាំឆ្នាំ និងសកម្មភាពពាក់ព័ន្ធសំខាន់ៗ ឆ្ពោះទៅរកការផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការការងារប្រចាំឆ្នាំរបស់គណៈកម្មកាសម្របសម្រួលថ្នាក់ខេត្ត ដែលជាកិច្ចប្រឹងប្រែងរួមគ្នា។ លោកជំទាវបានលើកឡើងថា ផែនការការងារនឹងប្រើជាឧបករណ៍មួយក្នុងការតាមដានការវិវឌ្ឍ និងការអនុវត្តសកម្មភាព ដោយសម្រួចនូវការផ្តល់សេវា។ លោកជំទាវ សង្ឃឹមថា ធាតុចូលពីអ្នកចូលរួមនឹងក្លាយជាប្រយោជន៍ដ៏សំខាន់ក្នុងការអនុវត្តសកម្មភាពនាពេលខាងមុខ ដើម្បីផ្តល់សេវាសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានបង្ហាញនូវទិដ្ឋភាពទូទៅនៃកម្មវិធី ACCESS 2 និងសមិទ្ធផលដែលសម្រេចបានរហូតដល់បច្ចុប្បន្ននេះ។ លោកស្រីបានមានប្រសាសន៍ថា៖ « ACCESS 2 ផ្តោតលើការគាំទ្រនៅកម្រិតថ្នាក់ជាតិ ឆ្ពោះទៅរកការគៀងគរការគាំទ្រមតិគោលនយោបាយកាន់តែរឹងមាំ និងការអនុវត្តនូវការផ្តល់នូវគុណភាព និងនិរន្តរភាពសេវា នៅថ្នាក់ក្រោមជាតិ។ នេះជាផ្នែកមួយដែលគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានដើរតួនាទីយ៉ាងសំខាន់។
លោក សយ សុខន នាយកប្រតិបត្តិអង្គការតំណាងជនពិការក្រុមជួយខ្លួនឯងស្រុកបាធាយ បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ដោយលោកបានកត់សម្គាល់ថា លោកមានឱកាសបានលើកឡើងពីក្តីកង្វល់របស់ជនមានពិការភាព ព្រមទាំងបានរៀនសូត្របន្ថែមអំពីសកម្មភាពសំខាន់ៗមួយចំនួននៅក្នុងផែនការការងារប្រចាំឆ្នាំ។ លោកនឹងចែករំលែកនូវព័ត៌មាននេះទៅដល់អង្គការតំណាងជនមានពិការភាពដទៃទៀត ដើម្បីអនុវត្តសកម្មភាពយ៉ាងមានប្រសិទ្ធិភាព។
នៅក្នុងការបិទបញ្ចប់កិច្ចប្រជុំ សហប្រធានបានអនុម័តផែនការសកម្មភាពគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត។
ACCESS 2 នឹងធ្វើការក្នុងភាពជាដៃគូជាមួយអជ្ញាធរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការអនុវត្តជាអាទិភាពដោយអនុលោមតាមផែនការសកម្មភាពស្តីពីពិការភាព និងផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
អូស្រ្តាលីតាមរយៈACCESS 2 ទទួលស្គាល់ផងដែរនូវការតភ្ជាប់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថាមានសារៈសំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍគោលនយោបាយមូលដ្ឋាន និងការផ្តល់សេវាប្រកបដោយបរិយាបន្ន ដែលផ្តល់ជាសារៈប្រយោជនដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕