ក្រុមការងារផ្នែកបរិយាបន្នពិការភាព គឺជាក្រុមការងារតាមផ្នែកមួយក្នុងចំណោមក្រុមការងារតាមផ្នែកទាំងបី របស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) ដែលជួបប្រជុំរៀងរាល់៦ខែម្តង។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហដឹកនាំកិច្ចប្រជុំផ្នែកបរិយាបន្នពិការភាពលើកទី១។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យមើល និងអនុម័តលក្ខខណ្ឌប្រតិបត្តិការងារ (ToR) ក្រុមការងារផ្នែកបរិយបន្នពិការភាព។ ជាងនេះទៀត កិច្ចប្រជុំនេះដែរ ក៏បានបង្ហាញ ពីសកម្មភាពសំខាន់ៗដែលត្រូវអនុវត្ត វឌ្ឍនភាពសំខាន់ៗរហូតមកដល់បច្ចុប្បន្ន ព្រឹត្តិការណ៍សំខាន់ៗដែលនឹងត្រូវរៀបចំ ដល់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះដែរ បានកំណត់សកម្មភាពប្រទាក់ក្រឡា(បន្ស៊ីគ្នា) ក្នុងក្រុមការងារផ្នែកបរិយបន្នពិការភាព និងអន្តរវិស័យ ប្រធានបទសំខាន់ៗដែលត្រូវចងក្រងជាឯកសារ និងចែករំលែកនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ ព្រមទាំងចែករំលែកគោលនយោបាយ យុទ្ធសាស្ត្រ និងព័ត៌មានពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំនេះដែរ ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធលើកយកបញ្ហាប្រឈមនានាទៅកាន់រាជរដ្ឋាភិបាល និងស្ថានទូតអូស្រ្តាលី។
នៅក្នុងកិច្ចប្រជុំនេះដែរ បានអញ្ជើញតំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY ) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG) ក្រសួងសុខាភិបាល លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2 ដែលធ្វើការលើផ្នែកបរិយាបន្នពិការភាព រួមមាន អង្គការជនពិការកម្ពុជា អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfiD) និង UNICEF ដែលក្រុមការងារទាំងនោះ បានចែករំលែកនូវបទបង្ហាញ អំពីវឌ្ឍនភាព ផែនការការងារអាទិភាពនាពេលខាងមុខ និងព្រឹត្តិការណ៍នាពេលខាងមុខ។
ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនិងជាសហប្រធាននៃក្រុមការងារផ្នែកបរិយាបន្នពិការភាព បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្នែកបរិយាបន្នពិការភាពក្នុងការផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាព។ ឯកឧត្តម បានកោតសរសើរចំពោះការគាំទ្រពីសំណាក់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 ដែលបានរួមចំណែកដល់ការអនុវត្តន៍ផែនការសកម្មភាពជាតិស្តីពីពិការភាពជាអាទិភាព។ ឯកឧត្តមក៏សង្ឃឹមផងដែរថា តាមរយៈកិច្ចសហការក្នុងភាពជាដៃគូ ជាមួយកម្មវិធី ACCESS 2 ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានអត្ថប្រយោជន៍ពីសេវាដែលមានគុណភាព អារកបាន និងប្រកបដោយកសារសម្របសម្រួល ព្រមទាំងតំណាងជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានការចូលរួមកាន់តែច្រើនក្នុងកិច្ចការដែលពាក់ព័ន្ធ។
ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសហប្រធាននៃកិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាព បានសម្តែងនូវការកោតសរសើរដល់រដ្ឋាភិបាលអូស្រ្តាលីចំពោះការបន្តការគាំទ្រ តាមរយៈកម្មវិធី ACCESS 2 និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត។ ឯកឧត្តម បានថ្លែងអំណរគុណជាពិសេសដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលីដែលបានគាំទ្រដល់វិស័យពិការភាពនៅកម្ពុជា អស់រយៈពេលជាងមួយទស្សវត្សរ៍ ជាពិសេសតាមរយៈកម្មវិធី ACCESS ដំណាក់កាលទី១ និងទី២។
លោកស្រី សោម ចាន់ធីតា តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញារបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2។ លោកស្រី បានគូសបញ្ជាក់ពីការគាំទ្រដល់សមាសភាពសំខាន់ៗនៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅកម្ពុជា។
កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាព បានដំណើរការទៅដូចដែលបានគ្រោងទុក ដោយបានអនុម័តលក្ខខណ្ឌប្រតិបត្តិការងាររបស់ក្រុមការងារផ្នែកបរិយាបន្នពិការភាព ហើយវឌ្ឍនភាពការងារត្រូវបានលើកមកបង្ហាញ និងធ្វើបច្ចុប្បន្នភាព រីឯព្រឹត្តិការណ៍សំខាន់ៗដែលនឹងត្រូវរៀបចំជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងស្ថាប័នពាក់ព័ន្ធត្រូវបានកំណត់។ កិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ដោយឯកឧត្តម អ៊ុង សម្បត្តិ បានថ្លែងសុន្ទរកថាសង្ខេបពីកិច្ចប្រជុំ រួមទាំងកំណត់នូវពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់៕