កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី 2 (ACCESS 2) បានគាំទ្រមន្ត្រីជាន់ខ្ពស់ចំនួនបីរូបមកពីក្រសួងកិច្ចការនារី (MoWA) និងបុគ្គលិកកម្មវិធី ACCESS 2 ម្នាក់ ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៥ ស្តីពីមណ្ឌលសុវត្ថិភាពរបស់ស្ត្រី នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកទាំងបួនក្រៅពីបានចូលរួមក្នុងសន្និសីទលើកទី៥ ក៏បានចូលរួមដំណើរទស្សនកិច្ចទៅកាន់មណ្ឌលសុវត្ថិភាពរបស់ស្ត្រី ដោយមានឱកាសបានជួបជាមួយស្រ្តីនៅ NSW និងបានទៅទស្សនា Legal Aid NSW ដើម្បីស្វែងយល់អំពីហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាផ្នែកអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។
5WCWS គឺជាសន្និសីទដ៏ធំរបស់ពិភពលោក ដែលរៀបចំឡើង និងសម្រាប់សុវត្ថិភាពស្ត្រី និងអ្នកជំនាញដែលធ្វើការដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ សន្និសីទលើកទី៥ នៅទីក្រុងស៊ីដនី បានផ្តោតលើប្រធានបទ៖ «ភ្ជាប់ទំនាក់ទំនង បញ្ហាប្រឈម និងការផ្លាស់ប្តូរ»។ គោលបំណងសំខាន់នៃ 5WCWS គឺដើម្បីផ្តល់ជាវេទិកាសម្រាប់ការរៀនសូត្រ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក។ អ្នកចូលរួមអាចបង្កើតទំនាក់ទំនងជាមួយបណ្តាញក្នុងតំបន់ និងស្វែងយល់អំពីវិធីសាស្រ្តនៃការផ្តល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសម្រាប់សេវាសុវត្ថិភាព និងមណ្ឌលសុវត្ថិភាពដែលសមស្រប។
ចំពោះការចូលរួមក្នុងសន្និសីទនេះស្របទៅនឹងគោលដៅរបស់ ACCESS 2 ក្នុងការពង្រឹងសមត្ថភាពក្នុងតំបន់ លើកកម្ពស់ភាពជាដៃគូ និងភាពជាម្ចាស់ ការកសាងកិច្ចសហការឆ្លងតំបន់ និងការផ្តល់សេវាដែលមានគុណភាព។ ការចូលរួមរបស់ ACCESS 2 នៅក្នុងសន្និសីទលើកទី៥ និងការចុះទស្សនកិច្ចផ្ទាល់ មានគោលបំណងដើម្បីសម្រេចបាននូវចំណុចខាងក្រោម៖
- រៀនពីការអនុវត្តន៍ល្អបំផុតជាសកល និងនវានុវត្តន៍ដែលអនុវត្តវិធីសាស្រ្តផ្តោតលើជនរងគ្រោះជាអាទិភាព។
- កសាងបណ្តាញ និងកិច្ចសហការនៅក្នុងតំបន់។
- យល់ដឹងពីប្រតិបត្តិការមណ្ឌលសុវត្ថិភាពដែលមានគំរូជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចសិក្សា។
- ពន្លឿនការចែករំលែកចំណេះដឹង ដើម្បីធ្វើឱ្យប្រសើរនូវការអនុវត្តន៍សេវាដែលមានគុណភាព និងបរិយាបន្នរបស់ ACCESS 2 នៅកម្ពុជា។
ការរៀនសូត្រសំខាន់ៗ និងលទ្ធផលវិជ្ជមាន៖
សារៈសំខាន់នៃសេវាដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល
ដូចនៅក្នុងប្រទេសភាគច្រើននៃពិភពលោក មណ្ឌលសុវត្ថិភាពរបស់ស្ត្រីនៅប្រទេសអូស្ត្រាលីដំបូងឡើយត្រូវបានបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តស្ត្រីនិយមដែលមានការប្តេជ្ញាចិត្តខ្ពស់។ ពួកគេបានស្វែងរកការគាំទ្រមតិ ដើម្បីស្នើរសុំមូលនិធិពីរដ្ឋាភិបាលសម្រាប់សេវាចាំបាច់ទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ។ មូលនិធិរបស់រដ្ឋាភិបាលនៅរដ្ឋ New South Wales បានធានានូវនិរន្តរភាពនៃមណ្ឌលសុវត្ថិភាព និងសេវាជំនួយផ្នែកច្បាប់។ រដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកដំណោះស្រាយ ដើម្បីអនុវត្តយន្តការផ្តល់មូលនិធិរយៈពេលវែង ដោយប្រើប្រាស់ថវិកាជាតិដើម្បីធានាបាននូវមណ្ឌលសុវត្ថិភាព និងសេវាចាំបាច់ផ្នែក GBV ។
ការគាំទ្រទូលំទូលាយសម្រាប់ជនរងគ្រោះ
ដូចដែលប្រតិភូបានរៀនសូត្រនៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មណ្ឌលសុវត្ថិភាពរបស់ស្ត្រី និងអង្គការគៀងគរមតិនៅទីក្រុងស៊ីដនី ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានរួមបញ្ចូលទាំងលំនៅដ្ឋាន ការថែទាំសុខភាព ការអប់រំ ការស្តារឡើងវិញពីរបួស និងសេវាផ្នែកពិការភាពប្រកបដោយបរិយាបន្ន។ ប្រទេសកម្ពុជាបានអនុវត្តយន្តការសម្របសម្រួលពហុវិស័យនៅក្នុងខេត្តមួយចំនួន ដើម្បីដោះស្រាយនូវតម្រូវការចម្រុះរបស់ជនរងគ្រោះ។ ទោះយ៉ាងណាក៏ដោយ ការធ្វើផែនការសុវត្ថិភាព និងសេវាមណ្ឌលសុវត្ថិភាពនៅតែពឹងផ្អែកទៅលើមូលនិធិពី ខាងក្រៅ។ វាមានសារៈសំខាន់ណាស់ដែលរដ្ឋាភិបាលចាប់ផ្តើមផ្តល់មូលនិធិដល់សេវាទាំងនេះ នៅពេលដែលមូលនិធិពីខាងក្រៅត្រូវបានបញ្ចប់។
ដំណោះស្រាយលើផ្នែកឌីជីថល និងការបញ្ចូលទិន្នន័យសុវត្ថិភាព
នៅក្នុងសន្និសីទនេះ អ្នកចូលរួមក៏បានរៀនសូត្រអំពីវិធីសាស្រ្តដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងសម្រាប់ការគ្រប់គ្រងករណី ក្នុងការគាំទ្រដល់ជនរងគ្រោះ និងការប្រមូលទិន្នន័យ ដោយយកចិត្តទុកដាក់ ចំពោះការរក្សាការសម្ងាត់ និងព័ត៌មានរសើប។ ក្រសួងកិច្ចការនារីកំពុងពិចារណាលើការវិភាជថវិការបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍវេទិកាឌីជីថល និងឧបករណ៍ដែលមានសុវត្ថិភាព និងស្តង់ដារ ដើម្បីបង្កើនការត្រួតពិនិត្យ ពង្រឹងការផ្ទុកទិន្នន័យ និងធ្វើឱ្យប្រសើរនូវប្រព័ន្ធរាយការណ៍។
ចូលរួមជាក្រុមក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់
គំនិតផ្តួចផ្តើមដែលដឹកនាំដោយជនរងគ្រោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គោលនយោបាយ និងការផ្តល់សេវា។ ក្រសួងកិច្ចការនារីគួរតែពិចារណាបង្កើតក្រុមស្រដៀងគ្នានេះ ដើម្បីជូនដំណឹងដល់ក្រុមការងារផ្នែកGBV ដើម្បីតាក់តែង និងរួមចំណែកដល់ការអភិវឌ្ឍន៍គោលនយោបាយ និងកំណែទម្រង់ច្បាប់។
ការធ្វើផែនការផ្អែកលើភស្តុតាង និងការវិភាជថវិកា
វិធីសាស្រ្តដែលឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ គឺពឹងផ្អែកលើប្រព័ន្ធប្រមូលទិន្នន័យ និងប្រព័ន្ធរាយការណ៍ដ៏រឹងមាំ ដើម្បីបង្ហាញពីតម្រូវការសម្រាប់ការផ្តល់សេវា និងការគាំទ្រជំនួយផ្នែកច្បាប់។ ក្រសួងកិច្ចការនារីបន្តពង្រឹងប្រព័ន្ធទិន្នន័យផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ សម្រាប់ការតាមដាន និងការវាស់វែងវឌ្ឍនភាពឱ្យបានត្រឹមត្រូវ។ ដែលនេះជាភស្តុតាងដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិដែលមានលក្ខណៈនវានុវត្តន៍ រួមទាំងការផ្តល់មូលនិធិដោយរដ្ឋាភិបាលសម្រាប់មណ្ឌលសុវត្ថិភាពសម្រាប់ជនរងគ្រោះនៅកម្ពុជា។
ការចូលរួមជាមួយបណ្តាញអាស៊ីសម្រាប់មណ្ឌលសុវត្ថិភាពរបស់ស្រ្តី (ANWS)
ANWS គឺជាវេទិកាក្នុងតំបន់មួយដែលរៀបចំឡើងដើម្បីពង្រឹងសេវាផ្នែកមណ្ឌលសុវត្ថិភាព និងវិធីសាស្រ្តផ្តោតលើជនរងគ្រោះជាអាទិភាពនៅទូទាំងអាស៊ី។ ការភ្ជាប់បណ្តាញជាមួយ ANWS នឹងបើកផ្លូវសម្រាប់កម្ពុជាក្នុងបន្សីទៅនឹងស្តង់ដារក្នុងតំបន់ រួមចំណែកក្នុងគំនិតផ្តួចផ្តើមរួមគ្នា និងទទួលបានជំនាញបច្ចេកទេសដើម្បីពង្រឹងប្រព័ន្ធឆ្លើយតបផ្នែកGBV នៅថ្នាក់ជាតិ។
ការឆ្លុះបញ្ចាំងពីសន្និសីទ
លោកស្រី រ័ត្ន កល្យាណ មន្រ្តីសម្របសម្រួលដៃគូយុទ្ធសាស្ត្រផ្នែក GBV៖ «ការចូលរួមនៅក្នុង 5WCWS គឺជាឱកាសដ៏អស្ចារ្យមួយដើម្បីតំណាងឱ្យ ACCESS 2 និងគណៈប្រតិភូកម្ពុជានៅលើវេទិកាសកល។ បទពិសោធន៍នេះអនុញ្ញាតឱ្យនាងខ្ញុំរៀនសូត្របានយ៉ាងច្រើនពីទស្សនៈចម្រុះ។ ខ្ញុំមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅទូទាំងតំបន់ និងពិភពលោកដែលមានគោលដៅដូចគ្នា។ ខ្ញុំជឿជាក់ថា ការចូលរួមនេះ នឹងបង្កើនសមត្ថភាពរបស់យើងក្នុងការរួមចំណែកដល់ផលជះវិវជ្ជមានរបស់កម្មវិធី ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»។
លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី
«សន្និសីទនេះបានផ្តល់ឱកាសឱ្យខ្ញុំបានសិក្សាអំពីការងារដែលត្រូវអនុវត្តបន្ថែម ដើម្បីធានាថាស្ត្រីមានកន្លែងស្នាក់នៅដែលមានសុវត្ថិភាពនៅពេលដែលពួកគេត្រូវការបំផុត។ ដូច្នេះ យើងត្រូវតែផ្តោតលើអ្វីដែលយើងអាចធ្វើបានដើម្បីធ្វើឱ្យសេវាគ្រប់ជ្រុងជ្រោយដែលពួកគេងាយរកបាន។ ការផ្តល់មូលនិធិសម្រាប់មណ្ឌលសុវត្ថិភាពនេះ គឺកំពុងមានបញ្ហាប្រឈមសម្រាប់កម្ពុជា ប៉ុន្តែតានរយៈសន្និសីទនេះផ្តល់ឱ្យយើងនូវក្តីសង្ឃឹម ដែលអាចផ្តល់នូវកន្លែងសុវត្ថិភាពដោយចីរភាពសម្រាប់ជនរងគ្រោះ ដោយចាប់ផ្តើមប្រមូលព័ត៌មានដោយមិនប៉ះពាល់ពីបញ្ហានយោបាយ។
បេសកកម្ម និងជំហានបន្ទាប់របស់ ACCESS 2
ACCESS 2 នៅតែប្តេជ្ញាក្នុងការធ្វើឱ្យប្រសើរនូវការទទួលបានសេវាដែលមានគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយ GBV នៅកម្ពុជា។ ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាល ACCESS 2 នឹងបន្តរៀនសូត្រ និងពង្រីកផលជះវិជ្ជមានរបស់ខ្លួន។
ជំហានបន្ទាប់
- ជំរុញប្រព័ន្ធទិន្នន័យផ្នែក GBV៖ ពង្រឹងទិន្នន័យរឹងមាំសម្រាប់ការធ្វើផែនការ ការទទួលខុសត្រូវ និងការស្វែងរកការគាំទ្រមតិ។ ដែលការងារនេះគាំទ្រដល់ការងារបន្តរបស់ ACCESS 2 ដើម្បីធ្វើឱ្យប្រសើរនូវការត្រួតពិនិត្យសេវាផ្នែក GBV និងការប្រមូលទិន្នន័យ ការវិភាគ និងការប្រើប្រាស់ផ្អែកលើភស្តុតាង។
- ការពង្រឹងកិច្ចសហការជាមួយបណ្តាញក្នុងតំបន់សម្រាប់ការចែករំលែកចំណេះដឹង និងគំនិតផ្តួចផ្តើមរួមគ្នា។
- ការបន្តកសាងសមត្ថភាពរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងសមាជិកក្រុម ដើម្បីរក្សាផលជះវិជ្ជមានរយៈពេលវែងសម្រាប់ជនរងគ្រោះផ្នែក GBV។





