ពង្រឹងយន្តការផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រសើនូវគុណភាពសេវា

នៅថ្ងៃទី២៦ ដល់ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងសហការជាមួយ UNFPA បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរយៈពេលពីរថ្ងៃ នៅខេត្តកំពត ដើម្បីពិនិត្យវឌ្ឍនភាពក្នុងការពង្រឹងយន្តការផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងមកពីខេត្តចំនួន៨ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ រតនគិរី ស្ទឹងត្រែង កំពង់ស្ពឺ ខេត្តព្រះសីហនុ។

សិក្ខាកាមបានឆ្លុះបញ្ចាំងពីការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកន្លែងផ្តល់សេវាចម្រុះ(OSSU)។ យន្តការទាំងនេះដំណើរការក្រោមគណៈកម្មាធិការខេត្ត និងក្រុង សម្រាប់ស្ត្រី និងកុមារ ដើម្បីសម្របសម្រួលសេវាឱ្យបានទាន់ពេលវេលា និងផ្តោតលើជនរងគ្រោះជាចម្បង។

យន្តការសម្របសម្រួលពហុវិស័យដើម្បីឆ្លើយតបទៅនឹង GBV ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា អ្នកផ្តល់សេវាសុខាភិបាល តួអង្គច្បាប់ ប៉ូលីស សេវាសង្គម និងអាជ្ញាធរមូលដ្ឋានធ្វើការរួមគ្នាដើម្បីគាំទ្រជនរងគ្រោះ។

OSSU ផ្តល់នូវការសម្របសម្រួលនៅកន្លែងតែមួយ ដែលជនរងគ្រោះអាចទទួលបានសេវាថែទាំសុខភាព ជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត និងការគាំទ្រផ្នែកសង្គមក្នុងទីតាំងតែមួយ។

ក្នុងអំឡុងពេលសិក្ខាសាលា អ្នកពាក់ព័ន្ធបានពិនិត្យមើលសមិទ្ធផល និងបញ្ហាប្រឈមពីឆ្នាំកន្លងមក និងកំណត់ជំហានជាក់ស្តែងដើម្បីពង្រឹងគុណភាព និងគណនេយ្យភាព។ ការពិភាក្សាផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ត្រួតពិនិត្យសេវា ការពង្រឹងការវិភាគទិន្នន័យ បង្កើនការរៀបចំផែនការសុវត្ថិភាពសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងការវាយតម្លៃសុខភាពផ្លូវចិត្ត និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជូនរវាងសេវានានា។

នៅក្នុងសុន្ទរកថាបើក លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារ និងឆ្លើយតបទៅនឹង GBV ដែលជាការងារអាទិភាព។ លោកជំទាវ បានទទួលស្គាល់ពីវឌ្ឍនភាពដែលបានធ្វើឡើងក្នុងការពង្រឹងយន្តការសម្របសម្រួល និងការពង្រីកសេវា និងលើកទឹកចិត្តឱ្យមានការសហការបន្តដើម្បីធានាថាជនរងគ្រោះទទួលបានការគាំទ្រទាន់ពេលវេលា និងទទួលបានសេវាប្រកបដោយគុណភាព។

នៅក្នុងសុន្ទរកថាបញ្ចប់សិក្ខាសាលា លោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងជំនាញបច្ចេកទេសនៅថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងមានភាពស៊ីសង្វាក់គ្នានៅគ្រប់ខេត្ត។

សិក្ខាសាលានេះបានពង្រឹងកិច្ចសហការរវាងតួអង្គថ្នាក់ខេត្ត និងគាំទ្រដល់ភាពជាម្ចាស់ក្នុងការរៀបចំផែនការ និងថវិកាសម្រាប់សេវា GBV ។

កម្មវិធី ACCESS 2 ទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global ។ តាមរយៈភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ACCESS 2 បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរនូវសេវាប្រកបដោយគុណភាព ងាយស្រួលស្វែងរកសេវាបាន និងសេវាប្រកបដោយការសម្របសម្រួល សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕