កាលបរិច្ឆេត៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥
ទីតាំង៖ ទីក្រុងភ្នំពេញ
កិច្ចប្រជុំលើកទី៣ក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម ត្រូវបានសហដឹកនាំកិច្ចប្រជុំដោយ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអញ្ជើញដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យវឌ្ឍនភាព ចែករំលែកមេរៀនសំខាន់ៗដែលបានរៀនសូត្រ និងបញ្ជាក់ពីអាទិភាពការងារសម្រាប់ឆមាសបន្ទាប់។
អ្នកចូលរួមក្នុងកិច្ចប្រជុំ
តំណាងមកពី ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / មូលនិធិជនពិការ ក្រសួងកិច្ចការនារី និងលេខាធិការដ្ឋានគណៈកម្មាធិការជជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងមកពីរាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់ក្រោមជាតិ (មន្ទីរសុខាភិបាលខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងទីចាត់ការផែនការ និងវិនិយោគខេត្តមកពីខេត្ត កំពង់ស្ពឺ កំពង់ចាម សៀមរាប និងរតនគិរី) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដៃគូអនុវត្តយុទ្ធសាស្រ្ត រួមមាន៖ អង្គការ Exceed Worldwide គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC) អង្គការ OIC Cambodia អង្គការសុខភាពពិភពលោក (WHO) និង អង្គការជនពិការកម្ពុជា ព្រមទាំងសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា (CPTA) និងសមាគមអ្នកបច្ចេកទេសអវយវៈសិប្បនិម្មិត និងរណកម្ពុជា (CHAL) និងតំណាងកម្មវិធី ACCESS 2 ។
ទិសដៅឆ្ពោះទៅមុខ
- លក្ខខណ្ឌប្រតិបត្តិការងារ (ToR) ៖ សមាជិកគាំទ្រក្នុងការធ្វើបច្ចុប្បន្នភាព ដើម្បីរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកការស្តារលទ្ធភាពពលកម្ម រៀងរាល់៦ខែម្តង។
- ភស្តុតាងនៃសកម្មភាព៖
- ICRC ចែករំលែកនូវបច្ចុបុ្បន្នភាពទិន្នន័យ ស្តីពីជនមានពិការភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម។
- Humanity and Inclusion បង្ហាញនូវអភិបាលកិច្ចកាន់តែរឹងមាំនៃសេវាស្តារលទ្ធភាពពលកម្មនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមទាំងការបង្កើតនូវអគារព្យាបាលដោយចលនា និងការសម្របសម្រួលកាន់តែប្រសើររវាងមូលដ្ឋានសុខាភិបាល និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម។
- OIC Cambodia បានរាយការណ៍អំពីការអភិវឌ្ឍន៍អ្នកផ្តល់សេវាផ្នែកសុខាភិបាល តាមរយៈវគ្គបណ្តុះបណ្តាលការព្យាបាលដោយការនិយាយ។
- Exceed Worldwide បានរាយការណ៍អំពីលទ្ធផលការងារពីខែមេសា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥ ដោយមានអតិថិជនចំនួន៧៨៥នាក់ទទួលសេវាស្តារលទ្ធភាពពលកម្មនៅក្នុងប្រព័ន្ធសុខាភិបាល។
- WHO បានធ្វើបច្ចុប្បន្នភាពលើការវាយតម្លៃស្ថានភាព និងការអភិវឌ្ឍន៍គោលនយោបាយទូទាំងសមធម៌សុខាភិបាលសម្រាប់ជនមានពិការភាព ការស្តារលទ្ធភាពពលកម្ម និងបច្ចេកវិទ្យានៃគ្រឿងជំនួយ។
លោកស្រី ហ៊ែល សុធារតន៍ ប្រធានគ្រប់គ្រងផ្នែកកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖
«ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ប្តេជ្ញាចំពោះសមធម៌ពិការភាព និងសិទ្ធិ និងដើម្បីធ្វើបរិវត្តកម្មការរស់នៅ កាត់បន្ថយវិសមភាព និងការកសាងសហគមន៍ប្រកបដោយបរិយាបន្ន តាមការណែនាំដោយយុទ្ធសាស្រ្តសមធម៌ និងសិទ្ធិជនមានពិការភាពអន្តរជាតិរបស់អូស្រ្តាលី»។
ការពិភាក្សា និងជំហ៊ានបន្ទាប់
- ពង្រឹង និងពង្រីកយន្តការបញ្ជូន និងការផ្តល់សេវា ព្រមទាំងពង្រឹងគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នៅកម្រិតថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់និរន្តរភាព។
- ពង្រឹងកិច្ចសហការស៊ីជម្រៅនៅទូទាំងសមាជិក ដើម្បីរួមចំណែកដល់អាទិភាពក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤ ដល់២០២៨ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤ ដល់ ២០៣៥។
- បន្តចែករំលែកចំណេះដឹងលើគម្រូសេវា និងការអភិវឌ្ឍន៍កម្លាំងពលកម្ម។
លោកវេជ្ជបណ្ឌិល កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖
«ខ្ញុំសូមសម្តែងនៃការអរគុណដល់ប្រទេសអូស្រ្តាលី កម្មវិធី ACCESS 2 ជាពិសេសតាមរយៈដៃគូអនុវត្តជាយុទ្ធសាស្រ្ត ចំពោះការគាំទ្រ។ ការគាំទ្រនេះសមស្របទៅនឹងកំណើនតម្រូវការសេវាស្តារលទ្ធភាពពលកម្ម ជាពិសេសពីសំណាក់ប្រជាពលរដ្ឋដែលរងផលរំខានពីជំងឺមិនឆ្លង និងប្រជាជនវ័យចំណាស់»។
ហេតុអ្វីបានការងារនេះមានសារសំខាន់
ក្រុមការងារជំរុញលទ្ធផល ACCESS 2 ដូច្នេះជនមានពិការភាពអាចទទួលបានគុណភាពសេវា និងការសម្របសម្រួលដោយគ្មានការលំបាកផ្នែកហិរញ្ញវត្ថុ។ ការស្តារលទ្ធភាពពលកម្ម គឺត្រូវបានទទួលស្គាល់ថាជាសេវាសុខភាពដ៏សំខាន់មួយ ក្រោមផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា៕