ពង្រឹងសមត្ថភាពផ្នែកសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម ដើម្បីធ្វើឱ្យប្រសើរនូវការផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2)  ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្រ្តាលី បានផ្តល់វគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ឯកសារបណ្តុះបណ្តាលអំពី «សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម»។ គំនិតផ្តួចផ្តើមនេះ​ មានគោលបំណងពង្រឹងសមត្ថភាពដល់សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត នៅក្នុងការផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។

សិក្ខាសាលានេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តរបស់ ACCESS 2 ដើម្បីធានាថា អ្នកផ្តល់សេវានៅទូទាំងប្រទេសកម្ពុជាមានសមត្ថភាពពេលលេញដើម្បីបំពេញតម្រូវការ និងលើកកម្ពស់សិទ្ធិប្រជាជន រួមទាំងស្រ្តីមានពិការភាព ស្រ្តីជនជាតិដើមភាគតិច និងសមាជិកសហគមន៍ក្រុមស្រឡាញ់ភេទដូចគ្នា។ អ្នកចូលរួមនៅក្នុងសិក្ខាសាលានេះ មានតំណាងមកពីក្រសួងកិច្ចការនារី  ក្រសួងមហាផ្ទៃ ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលមកពីផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នពិការភាព និងតំណាងក្រុមស្រឡាញ់ភេទដូចគ្នា។

លោកស្រី ​ Sophia Cason បានគូសបញ្ជាក់នៅក្នុងការសុន្ទរកថាបើកសិក្ខាសាលា​ ដោយគូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមពីដៃគូពាក់ព័ន្ធ នៅក្នុងការធ្វើឱ្យប្រសើរនូវឯកសារបណ្តុះបណ្តាលអំពី សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម​(GEDSI)។ ធាតុចូលពីអ្នកបច្ចេកទេសនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានសារសំខាន់ក្នុងការពង្រឹងសមត្ថភាពរួម ក្នុងការជួយដល់ក្រុមងាយរងគ្រោះ និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រប្រកបដោយប្រសិទ្ធភាព។

តាមរយៈកិច្ចពិភាក្សាជាក្រុម និងកិច្ចសហការគ្នាផ្តល់មតិត្រឡប់ អ្នកចូលរួមបានពិនិត្យយ៉ាងហ្មត់ចត់ និងផ្តល់នូវការយល់ដឹងសំខាន់ៗនៅក្នុងពង្រាងឯកសារបណ្តុះបណ្តាល GEDSI ។ មតិត្រឡប់ដែលប្រមូលបាន នឹងរួមចំណែកធ្វើឱ្យឯកសារនេះកាន់តែមានតម្លៃ និងរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវាក្នុងការឆ្លើយតប និងការទប់ស្កាត់ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

សកម្មភាពតាមដានសំខាន់ៗ​ រួមទាំងការកែសម្រួលឯកសារបណ្តុះបណ្តាល ផ្អែកទៅលើមតិត្រឡប់របស់អ្នកចូលរួម ព្រមទាំងអនុវត្តវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ដើម្បីកំណត់នូវឧបសគ្គក្នុងការបង្រៀន និងកែសសម្រួលឯកសារម្តងទៀត ដើម្បីរៀបចំសិក្ខាសាលាពិនិត្យចុងក្រោយ។ នៅពេលឯកសារនេះត្រូវបញ្ចប់ នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលរបស់ក្រសួង និងខេត្ត។

គំនិតផ្តួចផ្តើមការកសាងសមត្ថភាពនេះ ស្របតាមផែនការការងារប្រចាំឆ្នាំ (២០២៤ ដល់ ២០២៥) របស់ACCESS 2 និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងការសម្របសម្រួល និងរួមចំណែកក្នុងការអនុវត្តន៍ផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។ គំនិតផ្តួចផ្តើមនេះ ក៏រួមចំណែកដល់គោលបំណងរបស់ ACCESS 2 ក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាប្រកបដោយគុណភាព និងពង្រឹងការបញ្ជូនបន្ត តាមរយៈការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេសក្នុងចំណោមអ្នកផ្តល់សេវាជួរមុខផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ជាងនេះទៀត វិធីសាស្រ្តបណ្តុះបណ្តាលផ្នែក GEDSI ជាយុទ្ធសាស្រ្តមួយក្នុងការពង្រឹងការប្តេជ្ញាចិត្តបន្តរបស់អូស្រ្តាលី ចំពោះសមភាពយេនឌ័រ បរិយាបន្នពិការភាព និងបរិយាបន្នសង្គមនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលផ្នែក GEDSI បានដើរតួនាទីសំខាន់ក្នុងការសម្រេចបាននូវគោលដៅរួមរបស់ ACCESS 2 ដើម្បីធានាថា ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព ទទួលបានសេវាកាន់តែប្រសើរ ប្រកបដោយគុណភាពខ្ពស់ និងសេវាប្រកបដោយការសម្របសម្រួល។

ACCESS 2 នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយសមភាគីរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្នុងស្រុក ដោយពង្រឹងបន្ថែមនូវភាពជាដៃគូរបស់អូស្រ្តាលីជាមួយកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងការដោះស្រាយបញ្ហាសង្គមសំខាន់ៗ រួមទាំងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នពិការភាព៕