ភាពលេចធ្លោររបស់លោកស្រី ស្រី លីនណា៖ បុគ្គលឆ្នើមផ្នែកបរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្មនៅកម្ពុជា

តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌​ – ដំណាក់កទី២ (ACCESS 2) យើងធ្វើការជាមួយទំាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍គោលនយោបាយមូលដ្ឋាន និងការផ្តល់សេវាប្រកបដោយបរិយាបន្ន។

ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញវត្តមាន លោកស្រី ស្រី លីនណា ដែលជាអ្នកស្វែងរកការគាំទ្រមតិ និងជាអ្នកដឹកនាំផ្នែកបរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ ក្នុងនាមជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសាខាមូលនិធិជនពិការខេត្តកំពង់ស្ពឺ លោកស្រី​ លីនណា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល និងជម្រុញឱ្យមានផាសុកវត្ថុ និងបរិយាបន្នពិការភាពនៅក្នុងខេត្តរបស់លោកស្រី។

លោកស្រី លីនណា ប្តេជ្ញាក្នុងការផ្សព្វផ្សាយ «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» ដើម្បីធានាថាជនមានពិការភាពអាចទទួលបានសេវាសាធារណៈដោយមិនមានឧបសគ្គ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី គឺដើម្បីឱ្យមានការចូលរួមប្រកបដោយបរិយាបន្ន និងការជំរុញសេវាពិការភាពសំខាន់ៗនៅក្នុងសហគមន៍របស់គាត់។

ក្នុងនាមជាអ្នកចូលចិត្តសិក្សាចំណេះដឹងថ្មីៗ លោកស្រី លីនណា បានចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ផ្តោតលើកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល។​ បទពិសោធទាំងនេះ បានធ្វើឱ្យលោកស្រី កាន់តែមានភាពច្នៃប្រឌិត និងបានលើកកម្ពស់គុណភាពសេវានៅក្នុងខេត្តកំពង់ស្ពឺ ដែលរួមចំណែកលើកកម្ពស់ជីវភាពជនមានពិការភាព តាមរយៈសេវាស្តារលទ្ធភាពពលកម្ម ការកំណត់អត្តសញ្ញាណជនមានពិការភាព​ និងការពង្រឹងបរិយាបន្ននៅក្នុងផែនការវិនិយោគឃុំ/សង្កាត់។

លោកស្រីមានពាក្យពេជន៍ចែករំលែកថា៖ «ការធ្វើការគាំទ្រដល់ជនមានពិការភាព ធ្វើឱ្យលោកស្រីមានមោទនភាព និងបានដឹងពីតម្រូវការចាំបាច់របស់ពួកគេ»។

នៅក្នុងកិច្ចសហការរបស់យើង តាមរយៈកម្មវិធី ACCESS2 បានផ្តល់ភាពអង់អាចដល់អ្នកដឹកនាំមូលដ្ឋានដូចជាលោកស្រី លីនណា។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការជំរុញវិស័យពិការភាព និងការស្តារលទ្ធភាពពលកម្មនៅកម្ពុជា ចូលរួមចំណែកក្នុងការពង្រឹងសង្គមមួយប្រកបដោយបរិយាបន្ន ដោយបុគ្គលគ្រប់រូបមានឱកាសស្មើៗគ្នា។

គាំទ្រការងាររបស់ដ៏វិសេសវិសាលរបស់លោកស្រី លីនណា និងការបន្តធ្វើក្នុងភាពជាដៃគូរបស់យើង បានចូលរួមចំណែកឱ្យមានការរីកចម្រើនជាវិជ្ជមាននៅកម្ពុជា។ យើងរួមគ្នាលើកកម្ពស់អនាគតប្រកបដោយបរិយាបន្ន!