ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS 2) គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត(PCC) គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2 ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង នៅតាមខេត្តគោលដៅទាំងបីរបស់កម្មវិធី ACCESS 2 ដើម្បីធ្វើការពិនិត្យអំពីសមិទ្ធផល និងបញ្ហាប្រឈម ក៏ដូចជាហានិភ័យនានា និងដើម្បីធ្វើការតម្រង់ទិសនៃការអនុវត្តសកម្មភាពរបស់កម្មវិធីឱ្យអនុលោមតាមផែនការអាទិភាពរបស់ខេត្ត។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ កិច្ចប្រជុំលើកទី២ គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្វឡើងនៅសាលាខេត្ត ដែលដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្តទទួលបន្ទុកផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នពិការភាព និងលោកស្រី Ms. Sophia Cason ប្រធានកម្មវិធី ACCESS 2។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងមកពីលេខាធិការដ្ឋានគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត ក្រុមការងារកម្មវិធី ACCESS 2 ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងមន្ទីរពាក់ព័ន្ធនានា។
គោលបំណងនៃកិច្ចប្រជុំ
កិច្ចប្រជុំនេះ មានគោលបំណងបួនសំខាន់ៗ រួមមាន៖
- ផ្សព្វផ្សាយនូវព័ត៌មានបច្ចុប្បន្នភាព ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្ត និងតួនាទីភារកិច្ចរបស់សមាជិក។
- តាមដានវឌ្ឍនភាព និងការអនុវត្តផែនការការងាររបស់ខេត្តក្នុងរយៈពេល៦ខែចុងក្រោយបន្ទាប់ពីកិច្ចប្រជុំលើកទី១
- ប្រមូលធាតុចូលពាក់ព័ន្ធនិងផ្នែកអំពើហឹង្សាដែលទាក់ទងនិងយេនឌ័រ (GBV) ផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្មកាយសម្បទា ពីសមាជិកPCC ដើម្បីពង្រឹងការអនុវត្តផែនការ។
- តម្រង់ទិស និងជម្រុញការអនុវត្តផែនការកម្មវិធីសហប្រតិបត្តិការឱ្យចំគោលដៅពីសហប្រធាន ដើម្បីធានាការសម្រេចនូវសូចនាករនៃផែនការរបស់PCC តាមកាលបរិច្ឆេទកំណត់។
ចំណុចគូសបញ្ជាក់សំខាន់ៗ
កំឡុងពេលពិភាក្សាកិច្ចប្រជុំ លោកជំទាវ ឡុង បូណារ៉េត បានប្រកាសនូវសេចក្តីសម្រេចថ្មី ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្ត ដែលអនុម័តដោយឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត និងតួនាទីភារកិច្ចរបស់សមាជិក PCC ដើម្បីពង្រឹងកិច្ចសហការសម្រាប់ការអនុវត្តន៍កម្មវិធី ACCESS 2។
តំណាងមកពីមន្ទីរកិច្ចការនារីខេត្ត និងលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចែករំលែកនូវបច្ចុប្បន្នភាពអំពីសមិទ្ធផលសំខាន់ៗ បញ្ហាប្រឈម និងដំណោះស្រាយដែលបានលើកឡើង។ ក្រុមការងារទាំងនោះ បានលើកឡើងពីផែនការដែលអាចអនុវត្តបានសម្រាប់រយៈពេល៦ខែបន្ទាប់ (ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥) ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា និងដោះស្រាយឧបសគ្គជាប្រព័ន្ធ។
តំណាងអង្គការជនពិការម្នាក់ បានលើកឡើងនូវអនុសាសន៍ដ៏សំខាន់មួយ ដើម្បីរួមបញ្ចូលអ្នកបកប្រែភាសាសញ្ញាកម្ពុជា ដើម្បីជួយគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានកម្សោយក្នុងការស្តាប់ និងជាជនមានពិការវិបល្លាសស្មារតី ក្នុងការទទួលបានសេវាចាំបាច់នានា។
ការទទួលស្គាល់ និងការកោតសរសើរ
លោកស្រី Sophia Cason បានកោតសរសើរ ដល់លោកជំទាវ ឡុង បូណារ៉េ ចំពោះការដឹកនាំ ក្នុងការលើកកម្ពស់បរិយាបន្នពិការភាព នៅទូទាំងវិស័យ ពន្លឿនការកំណត់អត្តសញ្ញាណជនមានពិការភាព និងពង្រឹងសេវាស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាព។ លោកស្រី មានការកោតសរសើរចំពោះការរួមចំណែករបស់មន្ទីរកិច្ចការនារីខេត្ត ចំពោះការចូលរួមទប់ស្កាត់ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសកំឡុងពេលយុទ្ធនាការ១៦ថ្ងៃ ប្រកបដោយជោគជ័យ ក៏ដូចជាការប្តេជ្ញារបស់ពួកគេក្នុងការសម្របសម្រួលអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការឆ្លើយតបសេវា។
លោកស្រី Sophia Cason បានថ្លែងអំណរគុណចំពោះអជ្ញាធរខេត្ត និងដៃគូររបស់កម្មវិធី ACCESS 2 សម្រាប់កិច្ចប្រឹងប្រែងរួមគ្នា នៅក្នុងការផ្តល់សេវាកាន់តែប្រសើរដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពនៅខេត្តកំពង់ស្ពឺ។
ផ្លូវឆ្ពោះទៅមុខ
កិច្ចប្រជុំបានបញ្ចប់ដោយកិច្ចពិភាក្សាយ៉ាងរស់រវើក និងទទួលបាធាតុចូលយ៉ាងមានតម្លៃពីអ្នកចូលរួម ដោយបញ្ជាក់ពីស្មារតីសហការ និងការប្តេជ្ញាចំពោះគោលដៅរួមរបស់កម្មវិធី ACCESS 2។ គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត បានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការជំរុញការផ្តួចផ្តើម ACCESS 2 នៅថ្នាក់ក្រោមជាតិ ដោយធានានូវលទ្ធផលប្រកបដោយនិរន្តរភាព ដោយអនុលោមតាម លទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធី។
លទ្ធផលនៃកិច្ចប្រជុំនេះ នឹងផ្តល់នូវការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងក្របខណ្ឌអភិបាលកិច្ច ACCESS 2 ដោះស្រាយបញ្ហាប្រឈមផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នពិការភាព ខណៈពេលដែលការលើកកម្ពស់គុណភាពសេវាសម្រាប់ជនងាយរងគ្រោះនៅខេត្តកំពង់ស្ពឺ៕