កំឡុងខែមេសា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលីដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសុវត្ថិភាព ផ្តល់ដល់សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូយុទ្ធសាស្រ្តអនុវត្តកម្មវិធីរបស់ ACCESS 2 ដែលធ្វើការលើវិស័យពិការភាព និង/ឬ ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
វគ្គបណ្តុះបណ្តាលនេះផ្តល់ដល់ដៃគូផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ខណៈពេលកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលនេះផ្តល់ដល់ដៃគូផ្នែកពិការភាព។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ជាជំនួយដល់ដៃគូដើម្បី៖
- បង្កើតការយល់កាន់តែច្បាស់អំពីវិធានការនៃកិច្ចការពារសុវត្ថិភាពរបស់កម្មវិធី ACCESS 2
- ស្វែងយល់អំពីនីតិវិធីនៃការរាយការណ៍ កាតព្វកិច្ចនៃការរាយការណ៍ ពេលវេលានៃការរាយការណ៍ និងការឆ្លើយតបសមស្រប
- សម្របសម្រួលដល់ការកែសម្រួលគោលនយោបាយសុវត្ថិភាពរបស់ស្ថាប័ន
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងមានការយល់ដឹងកាន់តែច្បាស់អំពី ការគ្រប់គ្រងការក្លែងបន្លំ ការគ្រប់គ្រងមូលនិធិ កិច្ចការពារពីការបៀតបៀនផ្លូវភេទ អំពើជួញដូរ និងការរំលោភបំពាននានា កិច្ចការពារកុមារ និងគោលការណែនាំពីរបៀបប្រើប្រាស់ស្លាកសញ្ញារបស់កម្មវិធី ម្ចាស់ជំនួយ និងការបោះពុម្ពផ្សាយ ដែលវគ្គបណ្តុះបណ្តាលនេះផ្តល់ដោយក្រុមការងារជំនាញរបស់កម្មវិធី ACCESS 2 ដើម្បីធ្វើឱ្យមានភាពកាន់តែប្រសើរឡើងនៅពេលអនុវត្តសកម្មភាពការងាររបស់ដៃគូ។
នាពេលថ្មីៗនេះ កម្មវិធី ACCESS 2 បានសម្ពោធកម្មវិធីជាផ្លូវការ។ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 ធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូយុទ្ធសាស្រ្តអនុវត្តកម្មវិធី ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការផ្តល់សេវាសម្រាប់ជនមានពិការភាព ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច៕