កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បន្តរក្សាបាននូវស្តង់ដាខ្ពស់ នៃការប្រព្រឹត្តិនៃគ្រប់កន្លែងការងារ។
«ការប្តេជ្ញាចិត្តនេះ រួមទាំងការជំរុញឱ្យមានសកម្មភាពប្រកបដោយការគោរព និងធានាឱ្យកន្លែងធ្វើការគ្មានការបៀតបៀន ការរើសអើង ការក្លែងបន្លំ និងអំពើពុករលួយ» មានប្រសាសន៍ដោយលោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 ។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖ «តាមរយៈវគ្គបណ្តុះបណ្តាលនេះ យើងមានគោលបំណងលើកកម្ពស់ការចូលរួម ពង្រីកចំណេះដឹងកាន់តែច្បាស់លាស់ពីទំនួលខុសត្រូវរបស់គាត់ និងនីតិវិធីនៃកិច្ចការពារកុមារ ក៏ដូចជាការរាយការណ៍អំពីបញ្ហាទាក់ទងនឹងការកេងប្រវ័ញ្ចផ្លូវភេទ ការរំលោភបំពាន និងការបៀតបៀន ការក្លែងបន្លំ និងអំពើពុករលួយ»។
នៅក្នុងខែមេសា និងឧសភា ឆ្នាំ២០២៥ កម្មវិធី ACCESS 2 បានផ្តល់វគ្គបណ្តុះបណ្តាលរំលឹកនៅ ក្រុងភ្នំពេញ ខេត្តរតនគិរី កំពង់ចាម កំពង់ស្ពឺ និងសៀមរាប។ សិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន មន្រ្តីរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដែលធ្វើការលើផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ នៅចុងបញ្ចប់វគ្គ សិក្ខាកាមនឹង៖
- យល់កាន់តែច្បាស់អំពីវិធានការនៃកិច្ចការពារសុវត្ថិភាពរបស់ ACCESS 2
- បង្ហាញជាជំហ៊ានៗ លើនីតិវិធីនៃការរាយការណ៍ និងកាតព្វកិច្ចលើក្រមសីលធម៌
- ពង្រឹងការកសាងសមត្ថភាពក្នុងចំណោមសិក្ខាកាម ដើម្បីចែករំលែកបន្តដល់អ្នកផ្សេងទៀតនៅក្នុងស្ថាប័នរបស់គាត់ ដោយជួយផ្សព្វផ្សាយចំណេះដឹងប្រកបដោយសុវត្ថិភាព
- គាំទ្រសម្រាប់ការពិនិត្យ និងធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសុវត្ថិភាពរបស់អង្គការ
- អនុវត្តជំនាញ ដើម្បីផលិតសម្ភារអប់រំ ផ្សព្វផ្សាយ និងទំនាក់ទំនង ដែលរៀបចំឡើងដើម្បីផ្សព្វផ្សាយនៅសហគមន៍
- បង្កើនចំណេះដឹងកាន់តែប្រសើរ ក្នុងការគ្រប់គ្រងការក្លែងបន្លំ ការគ្រប់គ្រងការផ្តល់មូលនិធិ និងការទំនាក់ទំនង ស្របតាមស្តង់ដាររបស់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី(DFAT) និង Abt Associates ។
ឆ្លុះបញ្ចាំងទៅនឹងវគ្គបណ្តុះបណ្តាលនៅខេត្តរតនគិរី លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានមានប្រសាសន៍ថា៖ «ដើម្បីឱ្យមន្រ្តីរបស់យើងមានជំនាញកិច្ចការពារសុវត្ថិភាពជាក់លាក់ យើងបាននឹងកំពុងពង្រឹងមូលដ្ឋានគ្រឹះនៃការផ្តល់សេវានៅក្នុងខេត្តរតនគិរី។ ចំណេះដឹងនេះ ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងធានាថា ការងាររបស់យើងនៅតែមានក្រមសីលធម៌ និងនិរន្តរភាព»។
ថ្នាក់ដឹកនាំខេត្តផ្សេងទៀតក៏បានចែករំលែកផងដែរ៖
លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមកិច្ចការពារសុវត្ថិភាព ដើម្បីផ្តល់សេវាដល់សហគមន៍ងាយរងគ្រោះឱ្យកាន់តែប្រសើរ។
លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកត់សម្គាល់ពីតួនាទីសំខាន់របស់វគ្គបណ្តុះបណ្តាល ក្នុងការលើកកម្ពស់សុច្ចរិតភាពវិជ្ជាជីវៈ និងទប់ស្កាត់ការប្រព្រឹត្តិខុស។
ចំណែកលោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រា្តលី និងACCESS 2 សម្រាប់ការរួមចំណែកក្នុងការប្រតិបត្តិការការងារកាន់តែរឹងមាំ និងបង្កើនសមត្ថភាពក្នុងចំណោមក្រុមការងារក្នុងតំបន់។
លោក Sasha Cigljarevic អនុប្រធានកម្មវិធី ACCESS 2 បានពង្រឹងនូវការទទួលខុសត្រូវរួមគ្នាក្នុងកិច្ចការពារសុវត្ថិភាព៖ «អ្នកចូលរួមគ្រប់រូប មិនថាធ្វើការក្នុងការផ្តល់សេវា ការសម្របសម្រួល ការត្រួតពិនិត្យ ឬការទំនាក់ទំនង បានដើរតួនាទីមួយយ៉ាងសំខាន់នៅក្នុងការរក្សាបាននូវស្តង់ដារប្រកបដោយសីលធម៌។ គុណតម្លៃទាំងនេះមានសារសំខាន់ មិនត្រឹមតែក្នុងការបំពេញតាមតម្រូវការរបស់ DFAT ប៉ុន្តែថែមទាំងដើម្បីសម្រេចបាននូវគោលដៅរបស់ ACCESS 2 ផងដែរ។
លោកស្រី កាយ ស្រីអន ប្រធានអង្គការជនពិការខេត្តសៀមរាប បានបញ្ជាក់ពីសារសំខាន់ជាក់ស្តែងនៃវគ្គបណ្តុះបណ្តាលនេះ និងការប្តេជ្ញាចិត្តរបស់លោកស្រី ដើម្បីចែករំលែកនូវចំណេះដឹងនេះទៅបណ្តាញក្រុមការងាររបស់លោកស្រី។
តាមរយៈការបញ្ចូលនូវការអនុវត្តន៍ទាំងនេះទៅក្នុងការប្រតិបត្តិការការងារប្រចាំថ្ងៃ ACCESS 2 បន្តឈានមុខគេក្នុងការជំរុញឱ្យមានកន្លែងធ្វើការប្រកបដោយសុវត្ថិភាព បរិយាបន្ន និងការទទួលខុសត្រូវ ប្រកបដោយតម្លាភាព និងសុចរិតភាពមិនគ្រាន់តែត្រូវបានរំពឹងទុកនោះទេ ប៉ុន្តែវាត្រូវបានអនុវត្ត៕