បរិយាបន្នពិការភាព

បរិយាបន្នពិការភាព

កម្មវិធី ACCESS 2 ធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (NDSP) ។ NDSP មានគោលបំណង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជីវិត និងលើកកម្ពស់សមភាពជនមានពិការភាព ដោយផ្តោតលើគោលដៅយុទ្ធសាស្រ្តចំនួនប្រាំបួន រួមមាន បង្កើនការទទួលបាននូវគុណភាព និងនិរន្តរភាពសេវា មានដូចជា សុខាភិបាល ការស្តារលទ្ធភាពពលកម្ម បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សន្តិសុខសេដ្ឋកិច្ច សេវាសង្គម ផាសុកវត្ថុ ការទទួលបានសិទ្ធិ សមភាពយេនឌ័រ និងការចូលរួមដោយស្មើភាពរបស់ជនមានពិការភាព។ ការអនុវត្តន៍ផែនការនេះត្រូវបានសម្របសម្រួលដោយក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិ ដែលមានរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មួយរូបជាអគ្គលេខាធិការនៅថ្នាក់ជាតិ។ ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្ត ដឹកនាំដំណើរការនេះនៅថ្នាក់ក្រោមជាតិ។

ដើម្បីធានាបានថា បរិយាបន្នពិការភាពត្រូវបានរួមបញ្ចូលនៅក្នុងដំណាក់កាលផ្សេងៗនៃការអនុវត្តន៍កម្មវិធី ការបង្កើតគោលនយោបាយ និងការផ្តល់សេវានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កម្មវិធី ACCESS 2 នឹងធ្វើការជាមួយដៃគូអនុវត្តយុទ្ធសាស្រ្ត និងដៃគូរដ្ឋាភិបាល។