ថ្ងៃនេះយើងសូមបង្ហាញអំពី លោកស្រី យឹម សុធារ៉ា ជាជនបង្គោលដើម្បីសម្របសម្រួលការងារពិការភាព។ ក្នុងនាមជាឱសថការី និងជាអនុប្រធានមន្ទីរសុខាភិបាល ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ លោកស្រី សុធារ៉ា គឺជាក្រុមការងារជួរមុខក្នុងការជម្រុញឱ្យសេវាសុខាភិបាលសម្រាប់ជនមានពិការភាពកាន់តែមានបរិយាបន្ន។
លោកស្រី សុធារ៉ា ដើរតួនាទីរួមចំណែកក្នុងការពង្រឹងសេវាសុខាភិបាលសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។ លោកស្រីដឹកនាំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំដល់បុគ្គលិកសុខាភិបាលក្នុងគោលបំណងជំរុញការផ្តល់សេវាប្រកបដោយបរិយាបន្ន និងជម្រុញឱ្យសេវាសុខាភិបាលកាន់តែឱ្យទទួលយក និងប្រើប្រាស់បានសម្រាប់ជនមានពិការភាព។ សំខាន់ទៀតនោះ លោកស្រីក៏ដើរតួនាទីក្នុងការសម្របសម្រួលការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដើម្បីធានាថា មូលដ្ឋានសុខាភិបាល និងអគារសាធារណៈបម្រើសេវាសម្រាប់ប្រជាជនគ្រប់រូប។
ការយកចិត្តទុកដាក់របស់លោកស្រី ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសកម្មភាពការងាររបស់លោកស្រីក្នុងការស្វែងរកមតិគាំទ្រសម្រាប់បរិយាបន្នពិការភាពនៅក្នុងវិស័យសុខាភិបាល ខណៈដែលលោកស្រីក៏បានលើកទឹកចិត្តដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពឱ្យកសាងជម្រាល និងផ្តល់សេវាជាអាទិភាពសម្រាប់ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង។
ការងាររបស់លោកស្រី មិនត្រឹមតែស្របតាមគោលនយោបាយជាតិ ដែលចែងថា «មិនទុកឱ្យប្រជាជនណាម្នាក់ ត្រូវបានទុកចោល» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីក្នុងការលើកកម្ពស់ភាពអង់អាចដល់ជនមានពិការភាពផងដែរ។
តាមរយៈកម្មវិធី ACCESS 2 រដ្ឋាភិបាលអូស្រ្តាលីនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងដ៏សំខាន់ ដោយធ្វើការស្វែងរកមតិគាំទ្រ ដើម្បីសិទ្ធិ និងឱកាសរបស់ជនមានពិការភាព រួមទាំងនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជាផងដែរ។
រួមគ្នា ខិតខំដើម្បីអនាគតប្រកបដោយបរិយាបន្ន!