កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ កម្មវិធី ACCESS 2 មានមោទនភាពដែលបានគាំទ្រគណៈប្រតិភូពីកម្ពុជាចំនួន៣រូប ទៅចូលរួមវេទិកាគំនិតផ្តួចផ្តើមស្រាវជ្រាវអំពើហិង្សាផ្លូវភេទ (SVRI) ២០២៤ ដែលប្រារព្វធ្វើនៅទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ។ វេទិកានេះ គឺជាសន្និសីទ្ធដ៏ធំមួយរបស់ពិភពលោក ដែលផ្តោតលើ អំពើហិង្សាលើស្រ្តី កុមារ និងទម្រង់ផ្សេងៗនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅប្រទេសដែលមានចំណូលទាប និងមធ្យម។ ព្រឹត្តិការណ៍នេះ បានផ្តល់នូវវេទិកាមួយសម្រាប់អ្នកជំនាញទូទាំងពិភពលោក ភ្ជាប់ទំនាក់ទំនង ចែករំលែកចំណេះដឹង និងពង្រឹងភាពជាដៃគូ ដែលទាំងអស់នេះមានគោលបំណង ដើម្បីជាសក្ខីកម្មក្នុងកិច្ចប្រឹងប្រឺងដើម្បីលុបបំបាត់អំពើហិង្សា។
គណៈប្រតិភូពីកម្ពុជាចំនួន៣រូប រួមមាន៖
- លោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានកិច្ចការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី
- លោកស្រី ថាក់ សុជាតិ នាយិកាប្រតិបត្តិ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ
- លោកស្រី ប៊ូ មករា ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៃកម្មវិធី ACCESS 2
វេទិកាគំនិតផ្តួចផ្តើមស្រាវជ្រាវអំពើហិង្សាផ្លូវភេទ នេះដែរ បានអនុញ្ញាតឱ្យគណៈប្រតិភូទាំងនេះ ពង្រីកទស្សនៈរបស់ខ្លួនលើការស្រាវជ្រាវ ការការពារ និងការឆ្លើយតបសេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ចំណេះដឹង និងបទពិសោធ ដែលទទួលបានពីវេទិកានេះ នឹងត្រូវយកមកម្ពុជា ដែលនឹងរួមចំណែកក្នុងការលើកម្ពស់ការឆ្លើយតបរបស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងការផ្តល់សេវា ការបញ្ជូនបន្ត និងកិច្ចប្រឹងប្រែងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ការចូលរួមនេះ អនុលោមទៅនឹងការប្តេជ្ញាចិត្តរបស់កម្មវិធី ACCESS 2 ក្នុងការកសាងសមត្ថភាព និងការអនុវត្តន៍ល្អៗជាមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
វេទិកានេះ បានបង្ហាញពីភាពខុសគ្នានៃការសិក្សា និងការសាងជំនាញ ដែលអនុញ្ញាតឱ្យគណៈប្រតិភូភ្ជាប់ទំនាក់ទំនងជាយុទ្ធសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ក្នុងគោលបំណងបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់ស្រ្តី និងកុមារ។ អ្នកចូលរួមបានស្វែងយល់ពីការស្រាវជ្រាវថ្មីៗ និងស្វែងយល់ពីយុទ្ធសាស្រ្តនានាក្នុងការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សា ដែលផ្តោតលើប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។
តាមរយៈវគ្គពិភាក្សាជាក្រុម ការតាំងពិពណ៌ និងការសន្ទនាពីមិត្តក្នុងក្រុម គណៈប្រតិភូកម្ពុជា ទទួលបានការយល់ដឹងពីអ្នកជំនាញ អ្នកដឹកនាំកម្មវិធី និងអ្នកស្រាវជ្រាវទូទាំងពិភពលោក។ បទពិសោធន៍ទាំងនេះ បានផ្តល់នូវចំណេះជាក់ស្តែង ដែលនឹងត្រូវបានអនុវត្តន៍នៅកម្ពុជា ដើម្បីបង្កើនការជួយដល់វិស័យអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
វេទិកាគំនិតផ្តួចផ្តើមស្រាវជ្រាវ បានទាក់ទាញគណៈប្រតិភូចំនួនជាងមួយពាន់នាក់ រួមមានទាំងអ្នកស្រាវជ្រាវ សកម្មជន អ្នកអនុវត្តន៍គោលនយោបាយ អ្នកតាក់តែងគោលនយោបាយ និងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នរដ្ឋាភិបាល អ្នកសារព័ត៌មាន ម្ចាស់ជំនួយ និងស្ថានប័នវិស័យឯកជនជាដើម។ តំណាងចម្រុះនេះ បានសម្របសម្រួលដល់ការពិភាក្សាយ៉ាងសំបូរបែប និងមានឱកាសបង្កើតបណ្តាញទំនាក់ទំនង ដែលជាប្រយោជន៍ដល់ការអនុវត្តន៍ការងារមួយកម្មវិធីACCESS 2 ។
ការឆ្លុះបញ្ចាំងពីគណៈប្រតិភូកម្ពុជា៖
- លោកស្រី ថាក់ សុជាតិ នាយិកាប្រតិបត្តិ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ
«ការចូលរួម SVRI ២០២៤ បានផ្តល់ឱ្យខ្ញុំនូវឱកាសដ៏មានតម្លៃ ដើម្បីរៀនសូត្រពីអ្នកអ្នកដឹកនាំជុំវិញពិភពលោក អំពីការទប់ស្កាត់អំពើហិង្សាផ្លូវភេទ ភ្ជាប់ការស្រាវជ្រាវជាមួយការអនុវត្ត។ ចំណេះដឹងដែលទទួលបាននេះ នឹងពង្រឹងការងាររបស់ខ្ញុំនៅកម្ពុជា ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព»។
- លោកស្រី ប៊ូ មករា ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
«នេះគឺជាព្រឹតិ្តការណ៍ដ៏សំខាន់មួយនៅក្នុងវិថីអាជីពរបស់ខ្ញុំ ដែលខ្ញុំបានរៀនសូត្រពីអ្នកជំនាញផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ មកពីជុំវិញពិភពលោក។ ចំណេះដឹង និងបណ្តាញដែលទទួលបាន នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការងារទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ»៕