សិក្ខាសាលាបណ្តុះបណ្តាលផ្នែក សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដឹកនាំដោយកម្មវិធី ACCESS 2 ផ្តល់ភាពអង់អាចដល់ភាពចម្រុះ និងបរិយាបន្នសង្គម

កាលពីចុងខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២​ (ACCESS 2) បានផ្តល់សិក្ខាសាលាបណ្តុះបណ្តាលចំនួន៤ដាច់ដោយឡែក ស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ។

សិក្ខាកាមចូលរួមនៅក្នុងសិក្ខាសាលានេះ រួមមាន ដៃគូអនុវត្តជាយុទ្ធសាស្រ្ត(SIPs)របស់ចំនួន១២ សមភាគីរដ្ឋាភិបាល ដែលមកពីក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសុខាភិបាល ព្រមទាំងតំណាងមកពីអជ្ញាធរខេត្តកំពង់ចាម កំពង់ស្ពឺ និងសៀមរាប និងមន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសុខាភិបាល រួមទាំងផ្តល់ដល់ក្រុមការងារកម្មវិធី ACCESS 2។

សិក្ខាសាលាបណ្តុះបណ្តាល GEDSI ត្រូវបានរចនាឡើង ដើម្បីពង្រឹងការបញ្រ្ជាបជារួមនៃគោលការ GEDSI  ដោយបញ្រ្ជាបការអនុវត្ត GEDSI នៅក្នុងការងារប្រចាំថ្ងៃ រួមទាំងប្រតិបត្តិការកម្មវិធី អភិបាលរកិច្ច ទំនាក់ទំនង ក៏ដូចជាសកម្មភាពរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងឧបសគ្គនានារបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជនមានពិការភាព និងក្រុមជនជាតិដើមភាគតិច ដើម្បីឱ្យគាត់ចូលរួមក្នុងសង្គមប្រកបដោយសមធម៌។

សិក្ខាសាលាបណ្តុះបណ្តាល GEDSI ផ្តោតលើ ទស្សនៈ ភេទ និងយេនឌ័រ ពិការភាព ក្រុមស្រឡាញ់ភេទដូចគ្នា​ (LGBTI) សមភាព និងសមធម៌ ភាពព្រទាក់ក្រឡាគ្នា បរិយាបន្នសង្គម និងការមិនរាប់បញ្ចូល វិធីសាស្រ្តរបស់ GEDSI និងការអនុវត្ត GEDSI នៅក្នុងការងារ។

សិក្ខាសាលាបណ្តុះបណ្តាលនេះដែរ បានផ្តល់ឱកាសដល់សិក្ខាកាមបានពិភាក្សាគ្នាជាក្រុមតូចៗ ដើម្បីបានរៀនសូត្រ និងចែករំលែកបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងលើកយកឧទាហរណ៍ជាក់ស្តែងមកចែករំលែក ក៏ដូចជាការចែករំលែកនូវអនុសាសន៍ក្នុងការបញ្ជ្រាប GEDSI នៅក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានមានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាលផ្តល់ដល់សមភាគីរដ្ឋាភិបាលផ្នែកពិការភាពថា៖ « GEDSI មានសារៈសំខាន់ណាស់ក្នុងការអនុវត្តវិធីសាស្រ្ត GEDSI នៅក្នុងការងារដែលយើងអនុវត្ត ដើម្បីធានាថា ការងារទាំងនោះទទួលបានលទ្ធផលល្អ ក្នុងការផ្តល់សេវាកាន់តែប្រសើរសម្រាប់អ្នកដែលយើងធ្វើការគាំទ្រ»។ លោកស្រី បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ព្រមទាំងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យធ្វើផែនការ ដោយបញ្ចូល GEDSI នៅក្នុងការងារ។

ACCESS 2 នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការតំណាងជនមានពិការភាព ក្រុមគាំទ្រស្រ្តី​ និងអង្គការតំណាងជនជាតិដើមភាគតិច ដើម្បីធានាថា ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទទួលបានសេវាដែលគាត់ត្រូវការកាន់តែប្រសើរ។

អាទិភាពយុទ្ធសាស្រ្តរបស់ ACCESS 2 គឺធ្វើការដើម្បីលើកកម្ពស់បរិយាបន្នពិការភាព សេវាស្តារលទ្ធភាពពលកម្ម ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងសេវាកាន់តែប្រសើរសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕