លើកកម្ពស់ការចូលរួមសម្រាប់ផលជះវិជ្ជមានកាន់តែប្រសើរ

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) បានរៀបចំកិច្ចប្រជុំស្តីពី «វិធីសាស្រ្តធ្វើការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅជាយក្រុងភ្នំពេញ។

កិច្ចប្រជុំនេះបានប្រមូលផ្តុំក្រុមការងារ ACCESS 2 ក្រុមការងារមកពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងមកពី Abt Global Australia។ កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះការទំនាក់ទំនង ការទទួលខុសត្រូវទៅវិញទៅមក និងភាពជាដៃគូដ៏រឹងមាំនៅទូទាំងកម្មវិធី។

អ្នកចូលរួមបានឆ្លុះបញ្ចាំងអំពីការធ្វើការយ៉ាងល្អជាមួយគ្នាចាប់តាំងពីការចាប់ផ្តើមដំណើរការកម្មវិធី ACCESS 2 និងក្នុងកិច្ចសហការរវាងកម្មវិធី ACCESS 2 ស្ថានទូត និង Abt Global។ ក្រុមការងារ បានពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តធ្វើការដែលមានស្រាប់ កំណត់ផ្នែកដែលត្រូវការបញ្ជាក់បន្ថែម និងឯកភាពលើការកែតម្រូវជាក់ស្តែងដើម្បីធ្វើឱ្យការសម្របសម្រួលការងារប្រចាំថ្ងៃកាន់តែប្រសើរ។

នៅក្នុងកិច្ចប្រជុំនេះ ការពិភាក្សាផ្តោតលើវិធីសាស្រ្តធ្វើការសម្រេចចិត្ត ដើម្បីឱ្យដំណើរការងារ កាន់តែច្បាស់លាស់ របៀបគ្រប់គ្រងហានិភ័យ និងបញ្ហានានាឱ្យបានទាន់ពេលវេលា និងរបៀបជូនដំណឹងគ្នាទៅវិញទៅមក ដើម្បីឱ្យកម្មវិធីអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះឱកាស និងបញ្ហាប្រឈម។ ក្រុមការងារក៏បានចែករំលែកឧទាហរណ៍នៃកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងបានយល់ព្រមបញ្ចូលវិធីសាស្រ្តទាំងនេះឱ្យកាន់តែស៊ីសង្វាក់គ្នានៅក្នុងការធ្វើផែនការ ការអនុវត្តន៍ និងការរាយការណ៍។

កិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន ជាមួយនឹងការប្តេជ្ញាចិត្តឡើងវិញចំពោះការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានថតរូបជាក្រុម ដែលឆ្លុះបញ្ចាំងពីការឯកភាពគ្នា និងកំណត់គោលដៅរួមគ្នា។

ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global។ តាមរយៈភាពជាដៃគូផ្ទៃក្នុងដ៏រឹងមាំ កម្មវិធីនេះគាំទ្រដល់ជនពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ដើម្បីទទួលបានសេវាប្រកបដោយគុណភាព បរិយាបន្ន និងដើម្បីឱ្យកាន់តែមានសុវត្ថិភាព និងលើកកម្ពស់គុណភាពជីវិត៕