បង្កើតសម្ព័ន្ធមួយដ៏រឹងមាំជាងមុន៖ ACCESS 2 DFAT និង Abt រួមគ្នាបង្កើតផលជះកាន់តែប្រសើរ

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី​-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2)  បានរៀបចំកិច្ចប្រជុំស្តីពី «វិធីសាស្រ្តធ្វើការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ក្រុមការងារកម្មវិធី ACCESS 2 ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT) និងតំណាង Abt Global Australia ។ កិច្ចប្រជុំនេះពង្រឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះភាពជាដៃគូឱ្យកាន់តែស្អិតរមួត តម្លាភាព និងប្រសិទ្ធភាព។

កិច្ចប្រជុំនេះផ្តោតលើការពង្រឹងទំនាក់ទំនងការងារប្រចាំថ្ងៃរវាង DFAT Abt Global Australia និងក្រុមការងារ ACCESS 2 ។ ក្រុមការងារបានព្រមព្រៀងរួមគ្នា លើការកំណត់ឡើងវិញនូវគោលការណ៍ណែនាំ និងយន្តការជាក់ស្តែងដែលត្រូវបានតាក់តែងឡើងដើម្បីបង្កើនកិច្ចសហការ បង្កើនគណនេយ្យភាព និងការគំាទ្រគោលដៅជាយុទ្ធសាស្រ្តរបស់កម្មវិធី។ គោលការណ៍ទាំងនេះនឹងត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីធានាថា កម្មវិធីមានការរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបក្នុងភាពជាដៃគូ។

កំឡុងពេលកិច្ចប្រជុំ អ្នកចូលរួមបានឆ្លុះបញ្ចាំងយ៉ាងបើកចំហរអំពីវិធីសាស្រ្តធ្វើការងារពីមុន ដោយបានលើកឡើងពីការអនុវត្តន៍ល្អៗ និងកំណត់ឱកាស ដើម្បីសម្រួលដល់ការសម្រេចចិត្ត ការគ្រប់គ្រងហានិភ័យ និងវិធីសាស្រ្តដោះស្រាយបញ្ហា។ តាមរយៈការចែករំលែកការយល់ដឹង និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាក្នុងន័យស្ថាបនា គ្រប់ដៃគូទាំងអស់ បានអះអាងពីការប្តេជ្ញាចិត្តចំពោះការកែលម្អរជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរ ប្រកបដោយភាពច្នៃប្រឌិត និងលទ្ធផលជាវិជ្ជមាន។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាមួយនឹងការថតរូបជុំគ្នាប្រកបដោយស្នាមញញឹម និងការកំណត់គោលដៅរួមគ្នា។ ភាពស្និទ្ធស្នាលដែលបង្ហាញឱ្យឃើញនេះ​ គឺជាសូចនករដ៏រឹងមាំ ឆ្ពោះទៅរកភាពជាដៃគូដែលបង្កើតជាកម្លាំងផ្តុំគ្នាយ៉ាងសំខាន់ ក្នុងការផ្តល់នូវលទ្ធផលកាន់តែវិជ្ជមាននៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។  

កម្មវិធី ACCESS 2 គឺជាកម្មវិធីរយៈពេល៥ឆ្នាំ ដែលមានទឹកប្រាក់ចំនួន៣០លានដុល្លាអូស្រ្តាលី គាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្មវិធី ACCESS 2 ធ្វើការដើម្បីបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ ក្របខ័ណ្ឌភាពជាដៃគូត្រូវបានពង្រឹង និងត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំនេះ សម្រាប់អនាគតប្រកបដោយផលជះ និងនិរន្តរភាព៕