២០១៩

សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិនៃកម្មវិធី ACCESS

កម្មវិធី ACCESS នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពនៅថ្នាក់ក្រោមជាតិជាបន្តបន្ទាប់គឺនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម និងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ស្ពឺ។​ សិក្ខាសាលានេះផ្តល់ឱកាសដល់កម្មវិធី ACCESS ជួបពិភាក្សាការងារជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិរួមទាំងមន្ទីរជំនាញ​ និងក្រុមការងារ និងដៃគូអនុវត្តក្នុងខេត្តគោលដៅទាំង ៣ ក្នុងន័យព្រមព្រៀងលើយន្តការសម្របសម្រួលថ្នាក់ខេត្តដើម្បីសម្រួលដល់ការអនុវត្តសកម្មភាពកម្មវិធីក្នុងខេត្ត។


សិក្ខាសាលាស្តីពីការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ន

កម្មវិធី ACCESS នឹងរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្ន” ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃពេញនៅថ្ងៃទី២៣ និង២៤      ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនដល់អ្នក​ចូលរួមមកពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងជនបង្គោលផ្នែកពិការភាពនៃក្រសួងស្ថាប័នពាក់ព័ន្ធនូវព័ត៌មាន និងសេចក្តីណែនាំអនុវត្តជាក់ស្តែងលើការអភិវឌ្ឍផ្នែកពិការភាពប្រកបដោយបរិយាបន្នដែលជាជំនួយដល់ការទទួលខុសត្រូវរបស់ពួកគាត់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ និងកម្មវិធីនានាដែលមានគោលដៅជាក់លាក់ និងបរិយាបន្នជនមាពិការភាពស្របទៅតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពថ្មី ២០១៩-២០២៣។


សិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២០-២០២២

កម្មវិធី ACCESS នឹងរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២០-២០២២” នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ជាមួយក្រសួង        សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ជាមួយក្រសួងកិច្ចការនារី។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសម្របសម្រួលដល់ការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២០-២០២២ សម្រាប់          ក្រសួងទាំងពីរ។


កិច្ចប្រជុំពន្យល់ដោយសង្ខេបអំពីការអំពាវនាវពីការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍

កម្មវិធី ACCESS នឹងរៀបចំកិច្ចប្រជុំពន្យល់ដោយសង្ខេបអំពីការអំពាវនាវពីការដាក់សំណើបង្ហាញពីចំណាប់អារម្មណ៍នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។ សម្រាប់ការចូលរូមរបស់លោក/លោកស្រីសូមផ្តល់ពត៌មានមកកាន់៖ cim@access2cambodia.org