កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) កំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដ៏សំខាន់មួយ ដែលផ្តោតលើការពង្រឹងការធ្វើសមាហរណកម្មគោលការណ៍សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) ទៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះ មានវត្តមានលោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសហប្រធាន PCC ជាគណៈអធិបតី។ ជាមួយគ្នានោះ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុកមកពីស្រុកគោលដៅចំនួន៦ និងតំណាងដៃគូអនុវត្តជាយុទ្ធសាស្ត្រ (SIPs) សរុបចំនួន៤៣នាក់ (ស្រី២២នាក់)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់រួមមាន៖
១- លើកកម្ពស់ GEDSI តាមរយៈការជំរុញការវិភាជថវិកា ដើម្បីគាំទ្រកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ
២- ពិនិត្យឡើងវិញនូវដំណោះស្រាយសម្រាប់ការជម្នះឧបសគ្គក្នុងការបញ្រ្ជាបសកម្មភាពទាក់ទងនឹង GEDSI ទៅក្នុងកម្មវិធីវិនិយោគឃុំ (CIP) កម្មវិធីវិនិយោគស្រុក (DIP) និងកម្មវិធីវិនិយោគខេត្ត (PIP)។
ភាពច្បាស់លាស់នៃថវិកា និងផែនការបរិយាបន្ន
របៀបវារៈនៃកិច្ចប្រជុំនេះគឺ ផ្តោតទៅលើភាពច្បាស់លាស់ផ្នែកបច្ចេកទេស និងការដោះស្រាយឧបសគ្គតាមរយៈការអនុវត្តន៍ជាក់ស្តែង។
១– ផែនការ និងមូលដ្ឋានគ្រឹះថវិកា
- ដំណើរការរៀបចំផែនការ CIP៖ លោក ខាត់ ភាព ប្រធានការិយាល័យផែនការថ្នាក់ក្រោមជាតិ មកពីមន្ទីរផែនការខេត្ត (PDoP) បានចែករំលែកនូវធាតុចូលសំខាន់ៗ នៃដំណើរការកម្មវិធីវិនិយោគឃុំ (CIP)។ លោកបានសង្កត់ធ្ងន់ថា CIP គឺជាចំណុចដ៏សំខាន់សម្រាប់កម្មវិធី ACCESS 2 ដើម្បីបញ្ជ្រាប GEDSI ដោយលោកបានលើកឡើងពីតម្រូវការសម្រាប់តួអង្គអភិវឌ្ឍន៍ ដើម្បីបន្សីអាទិភាពរបស់ខ្ឡួនជាមួយនឹងផែនការអភិវឌ្ឍន៍ឃុំ (CDP) ។
- បទបង្ហាញអំពីថវិកាសេវាសង្គម៖ លោក ស៊ុន សុធា អនុប្រធានរតនាគារខេត្ត បានធ្វើបទបង្ហាញពីសារាចរអន្តរក្រសួងលេខ០០៧ និង ឯកសារលេខ៧២២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បទបង្ហាញនេះមានសារៈសំខាន់សម្រាប់ចែករំលែកនូវព័ត៌មានឱ្យកាន់តែច្បាស់លាស់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អំពីលេខកូដវិភាជថវិកាជាក់លាក់សម្រាប់វិស័យសង្គមកិច្ច ដោយសង្ឃឹមថាពួកគេនឹងយល់កាន់តែច្បា់អំពីយន្តនេះ។
២– ការដោះស្រាយនូវឧបសគ្គក្នុងការធ្វើសមាហរណកម្ម
មានឧបសគ្គមួយចំនួនត្រូវបានលើកឡើងទាក់ទងនឹងការបញ្ជ្រាបសកម្មភាពឱ្យបានទាន់ពេលវេលានៅក្នុងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ ដែលគាំទ្រដោយដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC)។ មានសកម្មភាពជាច្រើនដែលបានស្នើមក និងមិនត្រូវបានបញ្ចូលឱ្យបានគ្រប់ជ្រុងជ្រោយនៅក្នុង CIPs/DIPs មុនពេលបញ្ជូនទៅឱ្យមន្ទីរផែនការខេត្ត (PDoP)។ ។ បញ្ហានេះគឺដោយសារតែភាពខ្វះចន្លោះនៃពេលវេលា និងការប្រាស្រ័យទាក់ទងរវាងអង្គការដៃគូអនុវត្តយុទ្ធសាស្រ្ត (SIPs) និងអាជ្ញាធរមូលដ្ឋាន។
ដើម្បីដោះស្រាយបញ្ហានេះ អង្គប្រជុំបានឯកភាពលើយុទ្ធសាស្ត្រសកម្មភាពរយៈពេលខ្លី។
សិក្ខាសាលាសមាហរណកម្មថ្នាក់ស្រុក ដែលគ្រោងធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ នឹងត្រូវប្រើប្រាស់ជាឱកាសចូលរួមដ៏សំខាន់។ ដៃគូអនុវត្តរបស់កម្មវិធី ACCESS 2 នឹងចូលរួមក្នុងសិក្ខាសាលានេះ ដោយផ្ទាល់ជាមួយតំណាងឃុំ និងស្នើសុំការធ្វើបច្ចុប្បន្នភាព និងកែសម្រួលសកម្មភាពមួយចំនួនដែលបានគ្រោងទុក ដើម្បីបញ្រ្ជាបសកម្មភាពដែលឆ្លើយតបនិងគោលការណ៍ GEDSI ដែលជាការងារអាទិភាព។
ការធ្វើសកម្មភាពនេះ នឹងផ្តល់ជាមេរៀនដ៏ល្អ ដែលបានរៀនសូត្រទៅថ្ងៃមុខ។ មន្ទីរផែនការខេត្ត ក៏បានធ្វើការអំពាវនាវយ៉ាងក្លៀវក្លា ដោយស្នើឱ្យអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមនៅក្នុងដំណើរការ CIP/DIP នៅចន្លោះខែមករា និងខែកញ្ញា ដើម្បីធានាថាសកម្មភាពរបស់ពួកគេត្រូវបានបញ្ចូលទាន់ពេលវេលាសម្រាប់ការធ្វើសមាហរណកម្មថ្នាក់ស្រុក។
សេចក្តីណែនាំគន្លឹះសម្រាប់ការធ្វើបរិយាបន្ន ដោយថ្នាក់ដឹកនាំខេត្ត៖
នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ លោកជំទាវអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានចេញសេចក្តីណែនាំយ៉ាងម៉ឹងមាត់ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមធ្វើឱ្យមានបរិយាបន្នសង្គម៖
- វិធានការបរិយាបន្ន៖ លោកជំទាវ ជំរុញដល់អជ្ញាធរនៅថ្នាក់ក្រោមជាតិ បញ្ចូលអង្គការតំណាងជនមានពិការភាព និងតំណាងស្រ្តីនៅក្នុងគណៈកម្មាធិការឃុំសម្រាប់ស្ត្រី និងកុមារ និងធានាឱ្យមានការចូលរួមប្រកបដោយអត្ថន័យ នៅគ្រប់ដំណាក់កាលអភិវឌ្ឍ ចាប់ពីធ្វើផែនការ ការអនុត្តន៍ និងការត្រួតពិនិត្យ។
- ប្រសិទ្ធភាពថវិកា៖ អជ្ញាធរស្រុក ត្រូវបានណែនាំក្នុងការប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ពួកគេឱ្យមានប្រសិទ្ធភាព ដោយបញ្ជាក់ថា វាមិនដូចថវិកាឃុំ/សង្កាត់ទេ គឺថវិកាស្រុក/ខេត្ត មិនអាចពន្យាទុកប្រើប្រាស់ពេលក្រោយទេ ដែលរារាំងដល់មូលនីធិសេវាសង្គមដែលត្រូវផ្ទេរត្រឡប់ទៅជូនក្រសួងវិញ។
- ស្នើសុំការគាំទ្រ៖ លោកជំទាវ ស្នើដល់ដៃគូអភិវឌ្ឍទាំងអស់ ដោយរួមទាំងនាយកដ្ឋាននានា និងវិស័យឯកជន ផ្តល់នូវការគាំទ្រចាំបាច់ ដល់ការកំណត់ការងារអាទិភាព ពីសំណាក់អជ្ញាធរមូលដ្ឋាន តាមរយៈកម្មវិធីវិនិយោគឃុំ កម្មវិធីវិនិយោគស្រុក អំឡុងពេលការធ្វើសមាហរណកម្មថ្នាក់ស្រុកខាងមុខនេះ។
កិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់មួយផងដែរ ក្នុងការពង្រឹងកម្មវិធីវិនិយោគឃុំ ដែលជាមធ្យោបាយចម្បងសម្រាប់ការផ្តល់សេវាប្រកបដោយសមធម៌ និងនិរន្តរភាពដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
ជំហ៊ានបន្ទាប់៖
គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC) និងមន្ទីរផែនការខេត្ត (PDoP) នឹងតាមដានយ៉ាងដិតដល់នូវលទ្ធផលនៃសិក្ខាសាលាសមាហរណកម្មនៅថ្នាក់ស្រុក ដែលគ្រោងធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីធានាថាសកម្មភាពរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងអាទិភាពរបស់គោលការណ៍ GEDSI ត្រូវបានបញ្ចូលទៅក្នុងឯកសារចុងក្រោយ (ឯកសារសម្រេច) របស់ CIP/DIP ដោយជោគជ័យ៕








