លើកកម្ពស់ការគាំទ្រជនមានពិការភាព៖ វឌ្ឍនភាពសំខាន់ៗ និងការរៀនសូត្រពីកិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាព

រចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធី ACCESS 2 ជាផ្នែកមួយនៃក្របខណ្ឌគាំទ្ររបស់អូស្រ្តាលី រួមមាន គណៈកម្មការប្រឹក្សានៃកម្មវិធី ក្រុមការងារតាមផ្នែកចំនួនបី (ផ្នែកបរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ) ព្រមទាំងគណៈកម្មកាសម្របសម្រួលថ្នាក់ខេត្ត។ ផ្នែកនីមួយៗ បានដើរតួនាទីមួយយ៉ាងសំខាន់នៅក្នុងការពង្រឹងកិច្ចប្រឹងប្រែងសហការរវាងរដ្ឋាភិបាល និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត គាំទ្រដល់គោលនយោបាយ និងផែនការនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ  និងពង្រឹងគុណភាពសេវា និងការសម្របសម្រួលសេវាសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងខេត្តគោលដៅរបស់កម្មវិធី ACCESS 2 ។

កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាព

កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាព ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយសហដឹកនាំកិច្ចប្រជុំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG) និងតំណាងមពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។

នាំភាគីពាក់ព័ន្ធមកចូលរួមជាមួយគ្នា

ACCESS 2 ប្តេជ្ញាជំរុញឱ្យមានការចូលរួម និងការសហការគ្នារវាងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះ​មានតំណាងមកពីស្ថាប័ន និងដៃគូរដូចខាងក្រោម៖

  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • ក្រសួងសុខាភិបាល
  • ក្រសួងកិច្ចការនារី
  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC)
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfiD) UNICEF និង WHO។
  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / ក្រុមប្រឹសកម្មភាពខេត្ត
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

របៀបវារៈនៃកិច្ចប្រជុំផ្តោតលើគោលបំណងសំខាន់ៗចំនួនបី ៖

១. ដើម្បីបង្ហាញពីវឌ្ឍនភាពចម្បងសម្រាប់៦ខែដំបូងនៃឆ្នាំទី២របស់កម្មវិធី ACCESS 2 (ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤) និងអាទិភាពសំខាន់ៗនៃឆមាសបន្ទាប់(ខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥)។

២.  ដើម្បីចែករំលែក និងពិភាក្សាលើប្រធានបទពាក់ព័ន្ធទាក់ទងនឹងកម្មវិធីវិនិយោគឃុំ ការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងបរិយាបន្នពិការភាពក្នុងកម្មវិធីកិច្ចគាំពារសង្គម។

៣.  ដើម្បីកំណត់អាទិភាពសំខាន់សម្រាប់រយៈពេល៦ខែខាងមុខ។

សមិទ្ធផលសំខាន់ៗ និងការរៀនសូត្រ​

តំណាងមកពីនាយកដ្ឋានសុខមាលភាពជនពិការ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាពលើផ្នែកវឌ្ឍនភាពសំខាន់ៗ ដូចជាការជំរុញការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងការលើកកម្ពស់បរិយាបន្នពិការភាពក្នុងប្រព័ន្ធកិច្ចគាំពារសង្គម។

ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងអង្គការតំណាងជនមានពិការភាព បានចែករំលែកនូវមេរៀនដែលបានរៀន ស្តីពីការពង្រឹងបរិយាបន្នពិការភាព និងការចូលរួមរបស់តំណាងជនមានពិការភាពនៅក្នុងដំណើរការកម្មវិធីផែនការវិនិយោគឃុំ/សង្កាត់។ ក្រសួងកិច្ចការនារី និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ផ្តបង្ហាញនូវបច្ចុប្បន្នភាពលើសកម្មភាពសំខាន់ៗដែលមិនទាន់សម្រេចបាន ពាក់ព័ន្ធទៅនឹងការសម្របសម្រួល និងដំណើរការនៃការបញ្ជូនស្រ្តីមានពិការភាពដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងដំណើរការរៀបចំបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្ត (PCC) នៃកម្មវិធី ACCESS 2 នៅខេត្តរតនគិរី។

ការទទួលស្គាល់ និងការបេ្តជ្ញាចិត្ត

លោកស្រី ហ៊ែល សុធារតន៍ អ្នកគ្រប់គ្រងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ជាសហប្រធានកិច្ចប្រជុំ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់អូស្រ្តាលី ក្នុងការដោះស្រាយឧបសគ្គដែលជនមានពិការភាពប្រឈម ពង្រឹងសមត្ថភាពរបស់អ្នកផ្តល់សេវា និងការផ្តល់អាទិភាពក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវា។​

ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាសហប្រធានកិច្ចប្រជុំ បានគូសបញ្ជាក់ពីភាពស៊ីសង្វាក់គ្នារវាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដំណាក់កាលទី៣ (NDSP 3) ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០២៤ និងអាទិភាពរបស់ ACCESS 2 ។ ឯកឧត្តម បានថ្លែងអំណរគុណដល់អូស្រ្តាលីសម្រាប់ការគាំទ្រនេះ ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា តាមរយៈភាពជាដៃគូ នៅក្នុងក្របខណ្ឌនៃកម្មវិធី ACCESS 2 យើងនឹងសម្រេចបាននូវសមិទ្ធផលក្នុងការអនុវត្តសកម្មភាពដូចដែលមានចែងនៅក្នុងលទ្ធផលរំពឹងទុក»។

យន្តការអភិបាលកិច្ច គុណតម្លៃបន្ថែមដល់លទ្ធផលកម្មវិធី ACCESS 2

ក្រុមការងារផ្នែកបរិយាបន្នពិការភាព កំពុងជួយជម្រុញដល់លទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធី។ តាមរយៈការរៀបចំកិច្ចប្រជុំដៃគូពាក់ព័ន្ធចម្រុះ និងបង្កើនកិច្ចសហការឆ្លងវិស័យ ដើម្បីធានាថាបរិយាបន្នពិការភាពដាក់បញ្ចូលនៅទូទាំងគោលនយោបាយ ការៀបចំផែនការ និងដំណើរការការផ្តល់សេវា។ យន្តការបរិយាបន្ននេះ ពង្រឹងដល់រចនាសម្ព័ន្ធអភិបាលកិច្ច បង្កើនការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសេវាប្រកបដោយគុណភាពខ្ពស់ និងបរិយាបន្នសម្រាប់ជនមានពិការភាព។

ក្រុមការងារបរិយាបន្នពិការភាព បន្តដើរតួនាទីមួយយ៉ាងសំខាន់ ក្នុងការជំរុញការបេ្តជ្ញារបស់ ACCESS 2 ក្នុងការបង្កើតឱកាសប្រកបដោយបរិយាបន្ន និងសមធម៌​សម្រាប់ជនមានពិការភាពនៅកម្ពុជា៕