ពង្រឹងការគាំទ្រសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ៖ វគ្គបណ្តុះបណ្តាលស្តីពី ការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងការបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ចំពោះស្រ្តីដែលត្រូវបានរំលោភ ឬបំពានលើរាងកាយ វាមានការលំបាកក្នុងការពន្យល់ពីបញ្ហាទៅប្រាប់ប៉ូលិស ឬព្រះរាជអជ្ញា ឬតុលាការអំពីអ្វីដែលបានកើតឡើងចំពោះគាត់។ ចំពោះស្រ្តីមានពិការគថ្លង់ ឬអ្នកមានបញ្ហាក្នុងការប្រាស្រ័យទាក់ទង ឬជនជាតិដើមភាគតិច រឹតតែលំបាក ដោយសារពួកគាត់ត្រូវស្វែងរកអ្នកជួយបកប្រែភាសាសញ្ញា ឬភាសាជនជាតិដើមភាគតិចសម្រាប់ពួកគេ។ ស្រ្តីដែលមានពិភាពគរថ្លង់ខ្លះ  ឬអ្នកមានបញ្ហាក្នុងការប្រាស្រ័យទាក់ទង មិនចេះភាសាសញ្ញាខ្មែរ ហើយមិនមានឱកាសបានទៅសាលារៀន ដែលធ្វើឱ្យគាត់មិនអាចសរសេរ និងអានបាន ដែលនេះធ្វើឱ្យមានការលំបាកសម្រាប់អ្នកបកប្រែក្នុងការបកប្រែជូនគាត់។ ជាងនេះទៀត អ្នកបកប្រែភាសាសញ្ញា និងអ្នកបកប្រែភាសាជនជាតិដើមភាគតិចខ្លះ មិនបានទទួលវគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រ ឬអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬយល់ពីស្រ្តីដែលជួបប្រទះអំពើហិង្សា។

ដើម្បីជួយសម្រួលដល់អ្នកបកប្រែភាសាសញ្ញា និងអ្នកបកប្រែជនជាតិដើមភាគតិច អាចបកប្រែកាន់តែច្បាស់លាស់ចំពោះបទពិសោធន៍របស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ACCESS 2 បានរៀនចំវគ្គបណ្តុះបណ្តាលស្តីពី ការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់ដល់អ្នកបកប្រែ និងអ្នកផ្តល់សេវានូវជំនាញចាំបាច់ ដើម្បីផ្តល់ការគាំទ្រដោយការយល់ចិត្តដល់ស្រ្តីរងគ្រោះដោយការំលោភបំពានផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ឬការជួញដូរ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសំណាក់អ្នកបកប្រែភាសាសញ្ញា និងអ្នកបកប្រែភាសាជនជាតិដើមភាគតិច និងអ្នកផ្តល់សេវា ដើម្បីពង្រឹងនូការយល់ដឹងពីសក្តានុពលយេនឌ័រនៅក្នុងសង្គម ភាពលំអៀងយេនឌ័រ និងបង្កើនការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ ទំនុកចិត្ត និងជំនាញក្នុងការបកប្រែសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយផ្តល់ដល់អ្នកចូលរួមនូវចំណេះដឹងបន្ថែមផ្នែកក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការបកប្រែផ្លូវច្បាប់សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពង្រឹងនូវចំណេះដឹងរបស់ពួកគេអំពីការអនុវត្តន៍ល្អៗក្នុងការគាំទ្រដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កំឡុងពេលវគ្គបណ្តុះបណ្តាល សិក្ខាកាមមានឱកាសបានចែករំលែកនូវជំនាញ និងបទពិសោធជាមួយអ្នកជំនាញដែលធ្វើការនៅសហគមន៍ជនជាតិដើមភាគតិច ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នៅក្នុងការពិភាក្សាជាក្រុម អំពីគុណភាពសេវាគាំទ្រ សិក្ខាកាមក៏បានចូលរួមនៅក្នុងការសម្តែងធ្វើជាមេធាវី អ្នកបកប្រែ និងជនរងគ្រោះដោយផ្អែកទៅលើករណីសិក្សា។​

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពក្នុងការផ្តល់សេវាសម្រាប់ជនមានពិការភាព ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេណឌ័រ និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ អនុលោមទៅនឹងលទ្ធផលចុងបញ្ចប់របស់កម្មវិធី ACCESS 2 ជាពិសេសទិសដៅក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវានៅក្នុងខេត្តគោលដៅ និងធានាថា ករណីត្រូវបានបញ្ជូនបន្តទៅអ្នកផ្តល់សេវាពាក់ព័ន្ធ។ អ្នកជំនាញជួរមុខត្រូវបានផ្តល់នូវជំនាញចាំបាច់ ដែលគំនិតផ្តួចផ្តើមនេះ គាំទ្រដល់លទ្ធផលចុងបញ្ចប់កម្មវិធី​​​​​​​ឱ្យកាន់តែទូលំទូលាយ ដោយធានាថា ត្រឹមឆ្នាំ២០២៨ អ្នកផ្តល់សេវាដែលត្រូវបានជ្រើសរើស នឹងផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពិការភាពដែលមានគុណភាពខ្ពស់ជាងមុន ដល់អ្នកទទួលផលកាន់តែច្រើននៅក្នុងខេត្តគោលដៅ។

លោក ពត សុវណ្ណារិទ្ធ គ្រូបកប្រែភាសាសញ្ញា ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល បានចែករំលែកអំពីផលជះនៃវគ្គបណ្តុះបណ្តាលថា៖ «វគ្គបណ្តុះបណ្តាលនេះមានតម្លៃសម្រាប់ខ្ញុំក្នុងអាជីពការងារ ក្នុងការផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ និងស្វែងយល់ពីជនរងគ្រោះ»។ ការគូសបញ្ជាក់របស់គាត់ បានបង្ហាញពីសារសំខាន់នៃការវិនិយោគចុងបញ្ចប់នៃកម្មវិធី ក្នុងកិច្ចប្រឹងប្រែងកសាងសមត្ថភាព​ដែលអាចធ្វើឱ្យអ្នកផ្តល់សេវាឆ្លើយតប ប្រកបដោយប្រិសិទ្ធភាពចំពោះតម្រូវការរបស់ជនរងគ្រោះ រួមទាំងអ្នកមានបញ្ហាក្នុងការប្រាស្រ័យទាក់ទង។

លោកស្រី ហ៊ែល សុធារតន៍ អ្នកគ្រប់គ្រងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចូលរួមបើកវគ្គបណ្តុះបណ្តាល ដោយលោកស្រីបានមានប្រសាសន៍ថា៖ «អូស្រ្តាលីជាដៃគូគាំទ្រការងារជាច្រើនឆ្នាំមកហើយ ក្នុងការផ្តល់សេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក៏ដូចជាគាំទ្រដល់ជនមានពិការភាព និងជនជាតិដើមភាគតិចនៅកម្ពុជា»។ លោកស្រីបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃការកសាងសមត្ថភាពរបស់ ACCESS 2 ទៅដល់អ្នកផ្តល់សេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ វាក៏ជាស្នូលការងារមួយនៃគោលការណ៍របស់ ACCESS 2 ដើម្បីធានាថាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចស្វែងរកសេវាផ្នែកនេះបាន។

តាមរយៈ ACCESS 2 អូស្រ្តាលី មិនត្រឹមតែពង្រឹងការផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញដំណើរការគោលនយោបាយ និងផែនការឆ្លើយតបកាន់តែច្រើនទៅនឹងតម្រូវការរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាពផងដែរ។ សមិទ្ធផលនេះសម្រេចបានតាមរយៈកិច្ចសហការជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីអនុវត្តនូវផែនការជាតិស្តីពីពិការភាព និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី។

ចក្ខុវិស័យទៅថ្ងៃអនាគត ACCESS 2 នឹងបន្តគាំទ្រដល់គំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់គុណភាពសេវា ពង្រីកបណ្តាញបញ្ជូនបន្ត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងរវាងជនរងគ្រោះ​ និងអ្នកតាក់តែងគោលនយោបាយ។ តាមរយៈការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងបរិយាបន្ន យើងពង្រឹងការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដែលទៅថ្ងៃខាងមុខជនរងគ្រោះទាំងអស់អាចទទួលបានយុត្តិធម៌ ការការពារ និងការគាំទ្រ។

សម្រាប់អ្នកដែលស្វែងរកការចូលរួមចំណែក ឬសិក្សាបន្ថែមអំពីកម្មវិធី ACCESS 2 សូមចូលទៅកាន់ www.access2cambodia.org

រួមគ្នា យើងកំពុងកសាងសង្គមមួយប្រកបដោយបរិយាបន្ន និងយុត្តិធម៌ជាងមុន ដែលជាកន្លែងមួយដែលសំឡេងជនរងគ្រោះត្រូវបានស្តាប់ គាំទ្រ និងផ្តល់ភាពអង់អាច៕