ខេត្តរតនគិរីដែលស្ថិតក្នុងភាគឦសាន្តនៃព្រះរាជាណាចក្រកម្ពុជា អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាបញ្ហាដែលត្រូវបានលាក់បាំងជាយូរមកហើយ ដោយបទដ្ឋានវប្បធម៌ ព្រមទាំងការទទួលបានការអប់រំ និងធនធាននៅមានកម្រិត។
ក្នុងនាមជាសមាជិកម្នាក់ក្នុងក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជានាយកប្រតិបត្តិអង្គការសង្គ្រោះជនរងគ្រោះកម្ពុជា ក្នុងខេត្តរតនគិរី លោក មុត ពិសី បានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតសង្គមមួយប្រកបដោយសមធម៌ និងសុវត្ថិភាពសម្រាប់អ្នកទាំងអស់។ លោកពិសី បានមានប្រសាសន៍ថា៖ «វាជារឿងល្អដែលយើងមានយន្តការផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅខេត្តរតនគិរី ដែលបានលើកកម្ពស់ការយល់ដឹងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពង្រឹងសមត្ថភាព និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ»។ ដោយមានបទពិសោធន៍ប្រឡូកនឹងការងារសង្គមជាច្រើន និងមានចំណូលចិត្តក្នុងការអភិវឌ្ឍការងារសហគមន៍ផងដែរនោះ លោកពិសី បានចំណាយពេលវេលាជាច្រើនឆ្នាំធ្វើការជាមួយអជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ។ លោកពិសីក៏ចាប់ផ្តើមបន្សាំខ្លួនរស់នៅ និងធ្វើការក្នុងសហគមន៍ជនជាតិដើមភាគតិចផងដែរ។
តាមរយៈបទពិសោធការងាររបស់លោកពិសី មានស្ត្រីមួយចំនួននៅខេត្តរតនគិរី ដែលធ្លាប់រងអំពើហិង្សាពីដៃគូស្និទស្នាលនៅក្នុងជីវិតិរបស់គាត់។ ស្រ្តី និងក្មេងស្រ្តីមួយចំនួន ត្រូវបានទទួលរងនូវការរំលោភបំពានផ្នែករាងកាយ ផ្លូវអារម្មណ៍ និងផ្លូវភេទ ដែលបង្កនូវផលលំបាកខ្លាំង។ ក្នុងករណីខ្លះជនរងគ្រោះ បានស្តីបន្ទោស ឬមានភាពខ្មាសអៀន ដែលបង្កឱ្យអំពើហិង្សាកើតឡើងសារជាថ្មីកាន់តែធ្ងន់ធ្ងរ។
លោកពិសីធ្វើការជាមួយក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងការផ្តល់ការគាំទ្រសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិច។ តាមរយៈគំនិតផ្តួចផ្តើមនៅសហគមន៍ជាបន្តបន្ទាប់ និងយុទ្ធនាការអប់រំផ្សព្វផ្សាយ ក៏ដូចជាវគ្គបណ្តុះបណ្តាលនានា ព្រមទាំងមានក្រុមគាំទ្រផងដែរនោះ លោកពិសី បានចូលរួមផ្តល់ភាពអង់អាចដល់សមាជិកជសហគមន៍រាប់រយនាក់ ដើម្បីចាត់វិធានការប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកពិសី បានមានប្រសាសន៍ថា៖ «ខ្ញុំជឿថា យើងរួបរួមគ្នា យើងអាចបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍របស់យើងបានទៅថ្ងៃអនាគត ដែលស្រ្តី និងក្មេងស្រីត្រូវបានគេឱ្យតម្លៃ គោរព និងផ្តល់ភាពអង់អាច»។
ជាងនេះទៀត គំនិតផ្តួចផ្តើមមួយរបស់អង្គការសង្គ្រោះជនរងគ្រោះកម្ពុជា ដែលលោកពិសី បានចូលរួមធ្វើការងារ និងសហការជាមួយអជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងអង្គការ CARE កម្ពុជា ដែលអង្គការ CARE កម្ពុជាស្ថិតនៅក្រោមកម្មវិធី ACCESS 1 និង ACCESS 2 ។ ដែលគំនិតផ្តួចផ្តើមនេះ គឺបានផ្តល់វគ្គបណ្តុះបណ្តាល និងធនធានដល់អ្នកដឹកនាំសហគមន៍ ដែលធ្វើឱ្យពួកគាត់អាចកំណត់អត្តសញ្ញាណ និងឆ្លើយតបទៅករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្តល់ការគាំទ្រដល់ជនរងគ្រោះ និងលើកកម្ពស់សមភាពយេនឌ័រ។ ចាប់តំាងពី ACCESS 1 សមាជិកសហគមន៍ចំនួន៣៥០០នាក់ បានចូលរួមនៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ហើយអ្នកដឹកនាំសហគមន៍ចំនួន៣០នាក់ ត្រូវបានបណ្តុះបណ្តាល ដើម្បីកំណត់អត្តសញ្ញាណ និងឆ្លើយតបទៅនឹងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកពិសី បេ្តជ្ញាក្នុងការបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ដោយធំឡើងនៅក្នុងភូមិមួយដាច់ស្រយ៉ាលក្នុងសហគមន៍ជនជាតិដើមភាគតិច លោកបានឃើញដោយផ្ទាល់នូវផលប៉ះពាល់ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកបានរម្លឹកថា៖ «ខ្ញុំឃើញថា វាផ្តល់ផលប៉ះពាល់ដល់ការរស់នៅរបស់គាត់ ទំនុកចិត្ត និងក្តីសង្ឃឹមសម្រាប់អនាគតរបស់គាត់»។ លោកបន្តថា៖ «ខ្ញុំដឹងថា ខ្ញុំនឹងត្រូវធ្វើអ្វីមួយដើម្បីឱ្យមានការផ្លាស់ប្តូរនេះ»។
ក្នុងនាមជាសមាជិកម្នាក់របស់ក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ លោកពិសី បានធ្វើការដោយមិនចេះនឿយណាយ ក្នុងការគៀងគរសមាជិកសហគមន៍ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាន និងគៀងគរមតិគាំទ្រ សម្រាប់ការផ្លាស់ប្តូរគោលនយោបាយ ដែលការពារសិទ្ធិស្រ្តី និងក្មេងស្រី។ តាមរយៈការងាររបស់លោកពិសី បានធ្វើឱ្យលោកទទួលបានការកោតសរសើរ និងជឿទុកចិត្តពីសំណាក់មិត្តរួមការងារ ហើយការខិតខំប្រឹងប្រែងរបស់គាត់ បានបំផុសគំនិតអ្នកដឹកនាំសហគមន៍ជំនាន់ថ្មីឱ្យធ្វើសកម្មភាពជួយដល់សហគមន៍។
ដើម្បីអបអរសាទរទិវាអន្តរជាតិជនជាតិដើមពិភពលោក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ យើងសូមចូលរួមអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកពិសី និងក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលជាលទ្ធផលការផ្លាស់ប្តូរនៅសហគមន៍ចាប់ផ្តើមត្រូវបានមើលឃើញ។ ករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រត្រូវបានរាយការណ៍ និងដោះស្រាយ ហើយអាកប្បកិរិយាសំដៅទៅរកសមភាពយេនឌ័រកំពុងតែផ្លាស់ប្តូរ។ ការងាររបស់លោកពិសី គឺជាសក្ខីភាពមួយ ក្នុងការផ្តល់ភាពអង់អាចដល់គំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍ ក្នុងការជំរុញការផ្លាស់ប្តូរសង្គម។ នៅពេលដែលក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្តរីកធំធាត់ និងពង្រីកនូវិសាលភាពរបស់ខ្លួន លោកពិសីនៅតែបន្តប្តេជ្ញាបង្កើតសង្គមមួយដែលបុគ្គលគ្រប់រូបអាចរីកចម្រើន ដោយមិនមានការភ័យខ្លាចពីអំពើហិង្សា និងការរើសអើង។
រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 ធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជានៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល រួមទាំងអង្គការមិនមែនរដ្ឋាភិបាល បណ្តាញអង្គការតំណាងជនមានពិការភាព ក្រុមគាំទ្រស្រ្តី និងអង្គការតំណាងជនជាតិដើមភាគតិច ដើម្បីចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) និងផែនការសកម្មភាពជាតិស្តីពីពិការភាព(NDSP) របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព៕