ការពង្រឹងឯករាជ្យភាព៖ ការនាំយកសេវាអវយវៈសិប្បនិម្មិត និងរណបឱ្យកៀកសហគមន៍

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈ កម្មវិធី ACCESS 2 អង្គការ Exceed Worldwide បាននឹងកំពុងធ្វើបរិវត្តកម្មដល់អ្នកនៅខាងភាគឦសាននៃប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អង្គការ Exceed Worldwide បានរៀបចំកម្មវិធីចុះផ្សព្វផ្សាយសេវាស្តារលទ្ធភាពពលកម្ម នៅខេត្តស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយផ្សព្វផ្សាយពីសេវាអវយវៈសិប្បនិម្មិត និងរណប នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលសេវានេះបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០២៤ តាមរយៈកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងការគាំទ្រមូលនិធិពីកម្មវិធី ACCESS 2។ គំនិតផ្តួចផ្តើមនេះ ជាជំហ៊ានសំខាន់មួយក្នុងការធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មសំខាន់ៗអាចដំណើរការបាននៅក្នុងមូលដ្ឋាន។​

កម្មវិធីចុះផ្សព្វផ្សាយនេះ​ មានគោលបំណង លើកទឹកចិត្តឱ្យមានការបញ្ជូនបន្ត ទៅរកសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ កិច្ចអន្តរាគមន៍ដំបូងជាមួយឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងឧបករណ៍ជំនួយ គឺមានសារសំខាន់សម្រាប់ការថែទាំបន្ត ដែលអាចឱ្យបុគ្គលនោះទទួលបានឯករាជ្យភាព និងធ្វើសមាហរណកម្មទៅសហគមន៍ដោយមានទំនុកចិត្ត។

នៅក្នុងកម្មវិធីផ្សព្វផ្សាយ អង្គការ Exceed បានបង្ហាញឧបករណ៍ជាច្រើនប្រភេទ ដូចជា ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ដើម្បីជួយដល់អ្នកដែលធូរស្រាលពីលក្ខណ្ឌជំងឺ គ្រោះថ្នាក់សសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ការបាក់ឆ្អឹង និងជំងឺប្រព័ន្ធប្រសាទ។ ឧបករណ៍ទាំងនេះ បង្កើនភាពចល័ត និងបង្កើនល្បឿននៃការស្តារឡើងវិញ។

អ្នកចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយនេះមានវត្តមាន អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល តំណាងមកពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បុគ្គលិកពេទ្យ ដៃគូអភិវឌ្ឍ និងអង្គការតំណាងជនមានពិការភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្មកាន់តែប្រសើរឡើងនៅក្នុងតំបន់។

ឯកឧត្តម ថោង ស្រាន់ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ «កម្មវិធីផ្សព្វផ្សាយនេះ រួមចំណែកយ៉ាងសកម្ម ដល់ភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាល នាំមកនូវសេវាសំខាន់ៗ ឱ្យកៀកនឹងប្រជាពលរដ្ឋ។ ក្រុមការងាររបស់យើងប្តេជ្ញាធានាថា ការទទួលបានសេវាស្តារលទ្ធភាពពលកម្មទាន់ពេលវេលា និងប្រកបដោយគុណភាព»។

លោកជំទាវ ញាណ ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ACCESS 2 និង Exceed Worldwide។ យើងគាំទ្រយ៉ាងខ្លាំងក្នុងការធ្វើឱ្យសេវាស្តារលទ្ធភាពពលកម្ម ប្រើប្រាស់បានសម្រាប់ជនមានពិការភាព តាមរយៈការបញ្ជូនបន្តផ្នែកសុខាភិបាលក្នុងតំបន់»។

លោកជំទាវ វិន ស៊ីធួន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏បានសង្កត់ធ្ងន់ថា៖ «សេវាទាំងនេះ ជួយដល់អ្នកជំងឺ និងក្រុមគ្រួសារ ត្រឡប់ទៅរកជីវិតប្រចាំថ្ងៃវិញ។ ​យើងទន្ទឹងរង់ចាំ Exceed Worldwide ពង្រីកលទ្ធភាព ដើម្បីផ្តល់ជាប្រយោជន៍ដល់សហគមន៍បន្ថែមទៀតនៅក្នុងខេត្តមណ្ឌលគិរី»។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមយ៉ាងក្លៀវក្លាពីសំណាក់តំណាងខេត្តចំនួន៣ ដោយនៅខេត្តស្ទឹងត្រែងមានអ្នកចូលរួមចំនួន៣០នាក់ (១២នាក់ជាស្រ្តី) ខេត្តរតនគិរីមានអ្នកចូលរួមចំនួន៣៦នាក់ (១០នាក់ជាស្រ្តី) និងនៅខេត្តមណ្ឌលគិរីមានអ្នកចូលរួមចំនួន៣១នាក់ (៩នាក់ជាស្រ្តី)។ គួរឱ្យកត់សម្គាល់ផងដែរថា នៅក្នុងចំណោមអ្នកចូលរួមទាំងនេះ មានជនមានពិការភាពចំនួន១០នាក់ (ស្រ្តី៥នាក់) ជនជាតិដើមភាគតិចចំនួន៦នាក់ (ស្រ្តី២នាក់) ដែលការចូលរួមយ៉ាងសកម្មនេះ មានសារសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំ និងកាន់តែមានបរិយាបន្នរវាងការព្យាបាលតាមបែបវេជ្ជសាស្រ្ត និងការស្តារលទ្ធភាពពលកម្មយ៉ាងទូលំទូលាយ។

កម្មវិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅដោយជោគជ័យ ដោយបានរួមចំណែកលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ព្រមទាំងបង្ហាញពីសារសំខាន់នៃការរួមបញ្ចូលសេវាអវយវៈសិប្បនិម្មិត និងរណប នៅក្នុងការថែទាំសុខាភិបាល។ ជាការកត់សម្គាល់ ជនជាតិដើមភាគតិចចំនួនពីរនាក់ បានទទួល ជំនួយសេវាភ្លាមៗ រួមទាំងការរុំពុម្ព និងទទួលឧបករណ៍សម្ភារជំនួយឆាប់ៗនេះ។

អង្គការ Exceed Worldwide ពង្រឹងទំនាក់ទំនងរវាងការព្យាបាលផ្នែកវេជ្ជសាស្រ្ត និងសេវាអវយវៈសិប្បនិម្មិត និងរណប រួមទាំងការទៅមន្ទីរពេទ្យទៀងទាត់ និងវាយតម្លៃអតិថិជនរួមគ្នា។ ជំហ៊ានទាំងនេះ​ ធានាបាននូវការថែទាំជាបន្ត និងផ្តល់ភាពអង់អាចដល់ប្រជាជនកាន់តែច្រើនចូលរួមក្នុងសហគមន៍ដោយមានទំនុកចិត្ត។

កម្មវិធី ACCESS 2 គឺជាគំនិតផ្តួចផ្តើមដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្រ្តាលី ដែលអនុវត្តដោយអង្គការ Exceed Worldwide​៕