កាលពីថ្ងៃទី ២៥-២៨ ខែមីនា ឆ្នាំ ២០២៥ អង្គការអូអាយស៊ី កម្ពុជា (OIC Cambodia) បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតទី១ (ជុំទី ២) ដោយជោគជ័យ ក្នុងគម្រោង «ការបញ្ជ្រាបចំណេះដឹង និងការអនុវត្តការព្យាបាលការនិយាយ ទៅក្នុងសេវា និងបុគ្គលិកសុខាភិបាល»។ វគ្គបណ្តុះបណ្តាលនេះ គាំទ្រដោយ កម្មវិធី ACCESS 2 ដែលការផ្តួចផ្តើមគំនិតក្នុងគោលបំណងលើកកម្ពស់ការព្យាបាលការនិយាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។
សិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានបុគ្គលិកធ្វើការផ្សព្វផ្សាយនៅតាមសហគមន៍ និងអ្នកសេវាសង្គម ដូចជា សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (CCWC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងបុគ្គលិកមណ្ឌលសុខភាព ដែលមានចំនួនសរុប ២៤នាក់ (ស្ត្រី ១៩នាក់ និងមិនមានអ្នកមានពិការភាពទេ) បានទទួលការបណ្តុះបណ្តាលក្នុងរយៈពេលបីថ្ងៃកន្លះ ហើយគាត់បានអភិវឌ្ឍន៍ចំណេះដឹង និងជំនាញសំខាន់ៗ រួមមាន៖
- ការពង្រឹងសមត្ថភាពជាមូលដ្ឋានស្តីអំពីការកំណត់អត្តសញ្ញាណ និងដំណើរការបញ្ជូនបន្ត ទៅការសេវាព្យាបាលការនិយាយ។
- ការពង្រីកចំណេះដឹង និងជំនាញអំពីយុទ្ធសាស្ត្រគាំទ្របឋម ដើម្បីអ្នកចូលរួមអាចណែនាំមាតាបិតាក្នុងការប្រើប្រាស់សកម្មភាពប្រចាំថ្ងៃ ជួយកូនរបស់ពួកគាត់ឱ្យអភិវឌ្ឍការនិយាយ។
- ការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ស្តីអំពីបញ្ហា (ឬភាពលំបាក) លើការនិយាយ ការប្រើភាសា និងការប្រាស្រ័យទាក់ទង (SLCD) និងតម្រូវការការព្យាបាលការនិយាយ។
តាមរយៈការផ្តល់ជំនាញចាំបាច់ទាំងនេះដល់បុគ្គលិកសុខាភិបាល និងបុគ្គលិកសេវាសង្គមក្នុងសហគមន៍ អង្គការអូអាយស៊ី កម្ពុជា និងដៃគូរបស់ខ្លួន បានចូលរួមចំណែកកធ្វើឱ្យប្រជាជននៅតំបន់ជនបទមានឱកាសបានចូលប្រើការព្យាបាលការនិយាយបានកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយក្នុងការបញ្ចូលការព្យាបាលការនិយាយទៅក្នុងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដើម្បីធានាថា កុមារ និងមនុស្សពេញវ័យដែលមានបញ្ហាការប្រាស្រ័យទាក់ទង ទទួលបានការគាំទ្រដែលពួកគេត្រូវការ។
កម្មវិធី ACCESS 2 បន្តអភិវឌ្ឍភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីពង្រឹងគោលនយោបាយបរិយាបន្ន លើកកម្ពស់សមត្ថភាព និងធានាការផ្តល់សេវាដោយសមធម៌។ ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ មានសារៈសំខាន់ណាស់ក្នុងការផ្តល់សេវាដែលមានគុណភាពខ្ពស់និងចេរភាព ព្រមទាំងធានាថា ជនមានពិការភាព ទទួលបានការគាំទ្រដែលពួកគេត្រូវការក្នុងប្រទេសកម្ពុជា។
សូមតាមដានព័ត៌មានថ្មីៗពីអង្គការអូអាយស៊ីកម្ពុជា និង កម្មវិធី ACCESS 2 ដើម្បីស្វែងយល់បន្ថែមពីការលើកកម្ពស់សេវាព្យាបាលការនិយាយ!