ទិវាជនពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការចូលរួមពេញលេញរបស់ជនមានពិការភាព។ នៅកម្ពុជា ទិវាជនមានពិការភាពជាតិ ក៏ទទួលស្គាល់ពីវឌ្ឍនភាពដែលបានអនុវត្តន៍ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះដោយជនមានពិការភាព និងគាំទ្រសកម្មភាពបន្តសម្រាប់បរិយាបន្នសង្គម។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌-ដំណាក់កាលទី២ (ACCESS 2) បានគាំទ្រទិវាជនមានពិការភាពអន្តរជាតិលើកទី៤៣ និងទិវាជនមានពិការភាពជាតិលើកទី២៧ នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ៖ «លើកកម្ពស់សង្គមដែលមានបរិយាបន្នពិការភាព ដើម្បីជំរុញវឌ្ឍនភាពសង្គម»។
ទិវានេះបានពង្រឹងថា បរិយាបន្នពិការភាពគឺជាការទទួលខុសត្រូវរួមគ្នា ដែលតម្រូវឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល អ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធក្នុងសហគមន៍ ដើម្បីឱ្យជនពិការភាពអាចចូលរួមដោយស្មើភាពគ្នា ទទួលបានសេវាគាំទ្រ និងសំឡេងរបស់ពួកគេត្រូវបានទទួលស្គាល់។
គោលបំណងនៃទិវានេះគឺ៖
- លើកកម្ពស់ការប្រារព្ធទិវាជាតិ និងអន្តរជាតិប្រកបដោយអត្ថន័យ និងបរិយាបន្ន ក្នុងការពង្រឹងបរិយាបន្នជនពិការភាព និងគំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍
- បង្កើនការយល់ដឹងក្នុងចំណោមអាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវា និងសាធារណជនអំពីសិទ្ធិ និងសមត្ថភាពរបស់ជនមានពិការភាព
- ពង្រឹងសមត្ថភាព និងតួនាទីជាអ្នកដឹកនាំរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC) នៅខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលសកម្មភាពទាក់ទងនឹងជនមានពិការភាព
- សម្រួលដល់ការទទួលបានកម្មវិធីជាតិជំនួយសង្គមសំខាន់ៗ សេវាសុខភាព និងសេវាស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ

ចំណុចសំខាន់ៗដែលបានគូសបញ្ជាក់
ជាផ្នែកមួយនៃកម្មវិធី តំណាងមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារីខេត្ត និងអង្គការតំណាងជនមានពិការភាព (OPD) បានចែករំលែកព័ត៌មានអំពីសេវា និងការគាំទ្រចាំបាច់ដែលមាននៅក្នុងខេត្តកំពង់ស្ពឺ។ ក្រុមការងារក៏បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមជាក់ស្តែងរួមមាន៖
- កម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គម
- គំនិតផ្តួចផ្តើមសម្រាប់ការបង្កលក្ខណងាយស្រួលសម្រាប់ជនមានពិការភាព
- បន្ទប់ប្រឹក្សាយោបល់ដែលអាចគាំទ្រដល់ជនរងគ្រោះ រួមទាំងស្ត្រីមានពិការភាពដែលរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ
នៅក្នុងសុន្ទរកថាបើករបស់លោកជំទាវ គា សុខភូ អភិបាលរងនៃគណៈខេត្តកំពង់ស្ពឺ បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត មន្ទីរពាក់ព័ន្ធ និង OPDs ក្នុងការពង្រឹងវិស័យពិការភាពនៅក្នុងខេត្ត។ លោកជំទាវក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ACCESS 2 សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់ជនមានពិការនៅកម្ពុជា។
លោកស្រី Sophia Cason ប្រធានក្រុមកម្មវិធី ACCESS 2 បានទទួលស្គាល់ពីវឌ្ឍនភាពដែលសម្រេចបាននៅក្នុងខេត្តកំពង់ស្ពឺ តាមរយៈការអភិវឌ្ឍសមត្ថភាពដល់អ្នកផ្តល់សេវាពាក់ព័ន្ធ និងការគាំទ្រជាបន្តបន្ទាប់ដល់ប្រព័ន្ធក្នុងស្រុក ដើម្បីជួយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល។
តាមរយៈ ACCESS 2 រដ្ឋាភិបាលអូស្ត្រាលីធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធក្នុងតំបន់ ដើម្បីពង្រឹងសេវាប្រកបដោយការសម្របសម្រួល សម្រាប់ជនមានពិការ និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីឱ្យអ្នកទាំងនោះអាចទទួលបានការគាំទ្រដែលមានគុណភាពនៅពេលដែលពួកគេត្រូវការ។
ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕








