ការនាំយកសេវាកាន់តែមានបរិយាបន្ន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បន្តពង្រឹងការថែទាំសុខភាពនៅកន្លែងចាំបាច់បំផុត ដោយគាំទ្រដល់ការទទួលបានសេវា ប្រកបដោយបរិយាបន្ន និងមានមេត្តាករុណា សម្រាប់ជនពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា។

នៅក្នុងខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS 2 បានគាំទ្រប្រព័ន្ធសុខាភិបាលខេត្ត ដើម្បីពង្រឹងសេវាស្តារលទ្ធភាពពលកម្ម។ ការគាំទ្រនេះរួមបញ្ចូលទាំងការផ្តល់នូវឧបករណ៍ព្យាបាលដោយចលនា ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ភាពជាដៃគូនេះបន្តគាំទ្រដល់កន្លែងផ្តល់សេវាចម្រុះ (OSSUs) នៅខេត្តសៀមរាប រតនគិរី និងកំពង់ស្ពឺ ដោយលើកកម្ពស់វិធីសាស្រ្តថែទាំដែលមានលក្ខណៈបរិយាបន្ន និងផ្តោតលើប្រជាជនជាអាទិភាព។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងរួមចំណែកពង្រឹងដល់គុណភាពថែទាំ ដោយនាំយកនូវសេវាចាំបាច់មកជាមួយគ្នានៅក្នុងទីតាំងតែមួយ។ ដូច្នេះជនរងគ្រោះ រួមទាំងស្រ្តី ក្មេងស្រី និងជនមានពិការភាព អាចទទួលបានសេវាប្រកបដោយការសម្របសម្រួល រក្សាការសម្ងាត់ និងផ្តោតលើជនរគ្រោះជាអាទិភាពឱ្យទាន់ពេលវេលា។

ពិធីប្រគល់ទទួលនេះធ្វើឡើងនៅក្នុងខេត្តគោលដៅ ដែលជាការកត់សម្គាល់នូវការធ្វើសមាហរណកម្មសេវាសំខាន់ៗ។ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ឧបករណ៍ OSSU ចាំបាច់ ក៏ត្រូវបានប្រគល់ទៅដល់មន្ទីរពេទ្យបង្អែកផងដែរ។ ចំណែកនៅខេត្តរតនគិរី ការបង្កើតបន្ទប់ផ្តល់សេវាចម្រុះក៏ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវអភិបាលរងខេត្ត និងដោយមានការចូលរួមពីសំណាក់តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារ ACCESS 2។

សំឡេងពីស្ថានទូតអូស្រ្តាលី មន្រ្តីរដ្ឋាភិបាល និងអ្នកទទួលផល

លោកស្រី Tegan Park លេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំទីក្រុងភ្នំពេញ បានកត់សម្គាល់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរួមគ្នាប្រកបដោយបរិយាបន្ន និងបានសង្កត់ធ្ងន់ពីសារសំខាន់នៃសេវាដែលមានសុវត្ថិភាព មេត្តាករុណា និងការសម្របសម្រួល ដែលលើកកម្ពស់សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ។

លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានគូសបញ្ជាក់ពីសារសំខាន់របស់OSSU ក្នុងការផ្តល់ការគាំទ្រទូលំទូលាយ សេចក្តីថ្លៃថ្នូរ និងរក្សាការសម្ងាត់សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងការទទួលបានការថែទាំសុខភាព ជំនួយផ្លូវចិត្ត សេវាផ្នែកច្បាប់ និងការគាំទ្រសុវត្ថិភាពដោយគ្មានការរើសអើង។

សាស្ត្រចារ្យជំនួយ ប៉ែន ផលគុណ នាយកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្តែងការកោតសរសើរចំពោះកិច្ចសហការជាបន្តបន្ទាប់ ក្រោមកម្មវិធី ACCESS 2 និងបានកត់សម្គាល់ពីសារសំខាន់នៃសេវាស្តារលទ្ធភាពពលកម្មក្នុងការជួយធ្វើឱ្យប្រសើរឡើងដល់អ្នកជំងឺ។

លោកស្រី ជា សារី ជាអ្នកទទួលផលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចែករំលែកពីផលជះវិជ្ជមាននៃការជាសះស្បើយរបស់គាត់ និងបានសម្តែងការដឹងគុណចំពោះមន្ទីរពេទ្យ និងម្ចាស់ជំនួយសម្រាប់ការគាំទ្រដល់ការស្តារនីតិសម្បទារបស់គាត់។

តាមរយៈកម្មវិធី ACCESS 2 និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត អូស្រ្តាលីនៅតែប្តេជ្ញាធ្វើការនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រសើរនូវគុណភាពជីវិតរបស់ជនមាន

ពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការផ្តល់សេវាប្រកបដោយគុណភាព និងបរិយាបន្នទាន់ពេលវេលា៕