នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ អ្នកពាក់ព័ន្ធជាតិ និងថ្នាក់ក្រោមជាតិបានជួបជុំគ្នានៅទីក្រុងភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលដែលរៀបចំរយៈពេលប្រាំមួយខែម្តង លើការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ កិច្ចប្រជុំទាំងនេះ បានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។
តំណាងមកពីក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអនុវត្តជាយុទ្ធសាស្ត្រ និងអង្គការតំណាងជនពិការភាព បានមកជួបជុំគ្នាដើម្បីពិនិត្យវឌ្ឍនភាពការងារចាប់ពីខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៥ និងកំណត់អាទិភាពសម្រាប់ខែខាងមុខ។
ក្រោមលំហូរការងារផ្នែកអំពើហិង្សាផ្អែកលើយេនឌ័រ ការពិភាក្សាផ្តោតលើការពង្រឹងការឆ្លើយតបនៅកម្រិតសហគមន៍ ការធ្វើឱ្យប្រសើរនូវការគាំទ្រផ្នែកចិត្តសង្គមនៅក្នុងមណ្ឌលសុខភាព និងការបញ្ជាក់ពីដំណើរការសំណងរដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌ។ កិច្ចសហការបច្ចេកទេសរវាងក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាលនៅតែជាចំណុចស្នូលក្នុងការធ្វើឱ្យប្រសើរនូវការគាំទ្រជនរងគ្រោះប្រកបដោយការសម្របសម្រួល។
ចំណែកនៅទូទាំងការងារផ្នែកបរិយាបន្នពិការភាព និងស្តារលទ្ធភាពពលកម្ម អ្នកពាក់ព័ន្ធបានពិនិត្យឡើងវិញនូវវឌ្ឍនភាពលើការពង្រឹងប្រព័ន្ធកំណត់អត្តសញ្ញាណពិការភាព ការជំរុញថវិកាឃុំ និងសង្កាត់សម្រាប់បរិយាបន្នពិការភាព ការធ្វើឱ្យប្រសើរនូវការកំណត់អត្តសញ្ញាណដំបូង និងការបញ្ជូនទៅរកសេវាស្តារលទ្ធភាពពលកម្ម ព្រមទាំងការពង្រឹងសមត្ថភាពរបស់អង្គការតំណាងជនមានពិការភាព។
អ្នកចូលរួមក៏បានពិភាក្សាអំពីការពង្រឹងយន្តការបញ្ជូនប័ណ្ណពិការភាព និងកិច្ចគាំពារសង្គម ព្រមទាំងបន្តកសាងកម្លាំងពលកម្មស្តារលទ្ធភាពពលកម្មផងដែរ។
តំណាងរដ្ឋាភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃទិន្នន័យដែលអាចទុកចិត្តបាន កិច្ចសហការអន្តរវិស័យ និងការចូលរួមយ៉ាងរឹងមាំនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រសើរនូវគុណភាពសេវា និងភាពងាយស្រួលក្នុងការចូលប្រើប្រាស់។
តំណាងមកពីស្ថានទូតអូស្ត្រាលីក័បានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ដៃគូកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសអូស្ត្រាលីចំពោះការគាំទ្រប្រកបដោយការសម្របសម្រួល និងបរិយាបន្ន ដែលឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការរបស់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងសកម្មភាពមួយចំនួនដែលបានព្រមព្រៀងគ្នា ដើម្បីពង្រឹងការសម្របសម្រួល ធ្វើឱ្យប្រសើរនូវគុណភាពសេវា និងធានាថាសកម្មភាព ACCESS 2 នៅតែស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈការបន្តភាពជាដៃគូ និងកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធ ACCESS 2 គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសង្គមមួបប្រកបដោយបរិយាបន្ន ដែលមិនទុកនរណាម្នាក់ឱ្យនៅឯការ។
ACCESS 2 ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងគ្រប់គ្រងដោយ Abt Global៕








