អូស្រ្តាលី គាំទ្រការប្រារព្ធទិវាជនមានពិការភាពជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ជាមួយថ្នាក់ក្រោមជាតិ

ទិវាជនមានពិការភាពជាតិ និងអន្តរជាតិ (IDPD) គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់ជនមានពិការភាព។ ប្រធានបទនៅឆ្នាំនេះ៖ «បរិយាបន្នពិការភាពនៅគ្រប់វិស័យ ក្នុងយុគសម័យឌីជីថល»។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS 2) បានគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ប្រារព្ធទិវាជនមានការភាពអន្តរជាតិលើកទី៤២ និងជាតិលើកទី២៦។ ទិវានេះមានអ្នកចូលរួមចំនួនប្រមាណ៤០០នាក់ រួមទាំងអជ្ញាធរថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងជនមានពិការភាព។ ទិវានេះមានគោលបំណង ដើម្បីបង្កើនការយល់ដឹងបន្ថែមពីបរិយាបន្នពិការភាព និងជំរុញសកម្មភាពរួម ដើម្បីលើកកម្ពស់ឱកាសស្មើគ្នា។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំទិវានេះ។ ឯកឧត្តម បានលើកឡើងពីសមិទ្ធផល ដែលក្រុមប្រឹក្សាសកម្មភាពខេត្តសម្រេចបាន នៅក្នុងការដោះស្រាយពីតម្រូវការរបស់ជនមានពិការភាពនៅខេត្តកំពង់ចាម ដោយធ្វើការក្នុងកិច្ចសហការជាមួយដៃគូ និងមន្ទីរពាក់ព័ន្ធ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ «គ្មានអ្នកណាម្នាក់ត្រូវបានទុកចោល»។ ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព និងបង្កើនការចូលរួម ឯកឧត្តមជំរុញឱ្យភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងសង្គមស៊ីវិល ទទួលយកជនមានពិការភាពឱ្យបានចូលបម្រើការងារ។
ឯកឧត្តម បានថ្លែងអំណរគុណដល់ការគាំទ្រពីអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 និងការចូលរួមពីមន្ទីរ និងស្ថាប័នពាក់ព័ន្ធ នៅក្នុងការដោះស្រាយ និងលើកកម្ពស់ពីតម្រូវការជនមានពិការភាព ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ។

លោកស្រី នួន ស្រីនិច ជាអ្នកចូលរួម ដែលមានពិការភាព បានថ្លែងអំណរគុណដល់ការដឹកនាំរបស់អភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលបានគាំទ្រដល់ជនមានពិការភាព និងដោះស្រាយពីបញ្ហារបស់ពួកគេនៅក្នុងខេត្ត។ លោកស្រី ជំរុញឱ្យឪពុកម្តាយ អាណាព្យាបាល ក្រុមគ្រួសារ និងសង្គម ផ្តល់ឱកាសបន្ថែមទៀតដល់ជនមានពិការភាព ដើម្បីចូលរួមនៅក្នុងសង្គម និងចូលរួមកសាងសង្គមមួយប្រកបដោយបរិយាបន្ន ដោយគ្មានការរើសអើង។
អូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2 ធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត គាំទ្រដល់ជនមានពិការភាពនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ និងបង្កើនការទទួលបានសេវាប្រកបដោយគុណភាព និងនិរន្តរភាព៕