អូស្រ្តាលី លើកកម្ពស់ការទទួលបានសេវាស្តារលទ្ធភាពប្រកបដោយគុណភាព

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានបើកកិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្មលើទី១។ ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ផ្តោតលើការផ្តល់ការណែនាំបច្ចេកទេស ដើម្បីឱ្យមានភាពស្របគ្នាជាមួយនឹងអាទិភាព និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងរួមចំណែកដល់ការពង្រឹងសមត្ថភាពអ្នកផ្តល់សេវាស្តារលទ្ធភាពពលកម្មក្នុងការផ្តល់សេវាប្រកបដោយគុណភាព។ កម្មវិធី ACCESS 2 មានក្រុមការងារចំនួន៣ រួមមាន ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមការងារផ្នែកបរិយាបន្នពិការភាព។

កិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ត្រូវបានសហដឹកនាំកិច្ចប្រជុំដោយ ក្រសួងសុខាភិបាល និងមូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះរួមមាន តំណាងមកពី ក្រសួងសុខាភិបាល មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងថ្នាក់ក្រោមជាតិ ដែលមកពីខេត្តគោលដៅរបស់ ACCESS 2 រួមមាន ខេត្តកំពង់ចាម កំពង់ស្ពឺ សៀមរាប និងរតនគិរី រួមទាំង KhAPO CPTA និង CHAI ព្រមទាំងដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី រួមមាន៖ អង្គការ Exceed Worldwide គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC) អង្គការ OIC Cambodia និងអង្គការសុខភាពពិភពលោក (WHO) ដែលរួមទាំងក្រុមការងារ ACCESS 2 និងតំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំ អ្នកចូលរួមបានពិនិត្យមើល និងអនុម័តលក្ខខណ្ឌប្រតិបត្តិការងារ (ToR) ក្រុមការងារផ្នែកបរិយបន្នពិការភាព។ សមាជិកក្រុមការងារក៏បានផ្តល់នូវ វឌ្ឍនភាពសំខាន់ៗរហូតមកដល់បច្ចុប្បន្ន ព្រឹត្តិការណ៍សំខាន់ៗដែលនឹងត្រូវរៀបចំសម្រាប់ឆ្នាំទី២ កំណត់នូវប្រធានបទសំខាន់ៗដែលត្រូវចងក្រងជាឯកសារ និងចែករំលែកកិច្ចប្រជុំក្រុមការងារនាពេលខាងមុខ។
លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានសហហដឹកនាំកិច្ចប្រជុំ និងបានលើកឡើងពីសារៈសំខាន់នៃសេវាស្តារលទ្ធភាពពលកម្ម។ លោកបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បាននឹងខិតខំជំរុញឱ្យសេវាសុខភាពសម្រាប់ជនមានពិការភាពកាន់តែសម្បូរបែប និងប្រសើរឡើង ព្រោះកិច្ចការនេះមិនត្រឹមតែមានសារៈសំខាន់ក្នុងការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលប៉ុណ្ណោះទេ ប៉ុន្តែជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
ឯកឧត្តម ខុម ផលលឿន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ ក៏បានសហដឹកនាំកិច្ចប្រជុំ និងបានទទួលស្គាល់ពីកិច្ចសហការជាមួយកម្មវិធី ACCESS 2 និងដៃគូពាក់ព័ន្ធ ដើម្បីជាប្រយោជន៍ដល់ជនមានពិការភាព និងក្រុមគ្រួសាររបស់គាត់។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាជនអូស្រ្តាលី និងរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ការបន្តការគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈACCESS 1 និង ACCESS 2 ក្នុងការកសាងសង្គមមួយប្រកបដោយបរិយាបន្ន។
លោក Connor Floyd លេខាទី២នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី មានភាពស្របគ្នាជាមួយនឹងចក្ខុវិស័យ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា៖ «ជាផ្នែកមួយនៃការតាក់តែងកម្មវិធី ACCESS 2 គឺដើម្បីគាំទ្រដល់ប្រជាជនក្នុងការទទួលបាននូវសេវាស្តារប្រកបដោយគុណភាព និងផាសុកវត្ថុ ព្រមទាំងដើម្បីរួមចំណែកដល់បរិយាបន្នសង្គមពេញលេញសម្រាប់ជនមានពិការភាព»៕