កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ បានបញ្ចប់នូវសិក្ខាសាលាចំនួន៣ ជាមួយអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តន៍ជាយុទ្ធសាស្រ្ត (SIPs)។ សិក្ខាផ្សព្វផ្សាយទាំងនេះ បានរៀបចំនៅខេត្តសៀមរាប កំពង់ចាម និងខេត្តកំពង់ស្ពឺ កំឡុងខែឧសភា ឆ្នាំ២០២៤។
សិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តល់ព័ត៌មានណែនាំឱ្យស្គាល់ពីកម្មវិធី ACCESS 2 ដល់អជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដល់ដៃគូពាក់ព័ន្ធនៅក្នុងខេត្តគោលដៅបី។ សិក្ខាសាលានេះមានគោលបំណង បង្ហាញពីកិច្ចអន្តរាគមន៍សំខាន់ៗរបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត ព្រមទាំងលទ្ធផលរំពឹងទុករបស់ដៃគូ ព្រមទាំងបង្កើនកិច្ចសហការរវាងអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដល់ដៃគូពាក់ព័ន្ធ។
លោកស្រី Sophia Cason ប្រធានកម្មវិធី ACCESS 2 បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាដែលរៀបចំនៅខេត្តកំពង់ចាមថា៖ «យើងសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ យើងអាចបង្កើនការយល់ដឹងបន្ថែម និងបង្កើនកិច្ចសហការរវាងអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្ត ព្រមទាំងដៃគូពាក់ព័ន្ធនានា»។
លោកស្រី Cason បានថ្លែងអំណរគុណដល់អជ្ញាធរថ្នាក់ខេត្ត សម្រាប់ការគាំទ្ររបស់ពួកគេ ចំពោះគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹង ACCESS 2។ លោកស្រីបានអរគុណដល់ក្រុមប្រឹក្សាកម្មភាពខេត្ត មន្ទីរកិច្ចការនារី មន្ទីរ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសុខាភិបាល ក្នុងកិច្ចសហការជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសម្រាប់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងខេត្តគោលដៅរបស់ ACCESS 2។
កំឡុងពេលសិក្ខាសាលានៅខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត(ទទួលបន្ទុកកិច្ចការនារី និងពិការភាព) បានបញ្ជាក់ជាថ្មី នូវការគាំទ្រចំពោះការងារទំាងអស់របស់ ACCESS 2 ក្នុងការឆ្ពោះទៅរកសង្គមមួយប្រកបដោយបរិយាបន្ន «គ្មានអ្នកណាម្នាក់ត្រូវបានទុកចោល» ហើយលោកជំទាវប្តេជ្ញាបន្តកិច្ចសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើមសំខាន់ៗរបស់ ACCESS 2។
កម្មវិធី ACCESS 2 មានលទ្ធផលវិនិយោគចុងបញ្ចប់កម្មវិធីចំនួន២៖ ដោយត្រឹមឆ្នាំ២០២៨ អ្នកផ្តល់សេវាដែលបានជ្រើសរើស នឹងផ្តល់សេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសេវាទាក់ទងនឹងពិការភាព ដែលមានគុណភាពខ្ពស់ជាងមុន ដល់អ្នកទទួលផលកាន់តែច្រើននៅក្នុងខេត្តគោលដៅ និងត្រឹមឆ្នាំ២០២៨ គោលនយោបាយ និងដំណើរការរៀបចំផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការឆ្លើយតបទៅនឹងអាទិភាពរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជនមានពិការភាព៕